ទស្សនៈមិត្តអ្នកអាន៖ សូមអ្នករិះគន់អំពីការបង្ក្រាបអ្នកលក់អនឡាញស្លៀកពាក់ស៊ិចស៊ី ពិនិត្យមើលច្បាប់‍

ថ្ងៃអង្គារ ទី ៣ មីនា ២០២០​
13

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន តែងតែក្រើន​រំលឹ​ក​ដាស់​តឿន​ និង​ដាក់​ចេញ​នូវ​​​​វិធានការ​ជា​បន្ត​បន្ទាប់​ដើម្បី​ការ​ពារ​វប្ប​ធម៌​ និង​ប្រពៃ​ណី​ដ៏​ល្អ​របស់​ជាតិ​​។  ប៉ុ​ន្តែ​ អ្វី​ដែល​គួរ​ឲ្យ​សោក​ស្តាយ​បំ​ផុត​នោះ​ គឺ​នៅតែ​មាន​អ្នក​វិភាគ​ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​និន្នាការ​ប្រឆាំង​ ហើយ​រួម​ទាំង​អ្នក​ចេះ​ច្បាប់​បែប​ភ្លាវ​​​មួយ​​ចំ​នួន​ទៀត​​​ដែ​លនៅ​តែ​បន្ត​យល់​ខុស​​ យល់​ថា​វប្ប​ធម៌​ប​រ​​ទេស​ជា​ពិសេស​គឺ​វប្បធម៌​របស់​ប្រទេស​លោក​​ខាង​លិច​អាច​ចម្លង​យ​ក​មក​អនុវត្ត​នៅ​កម្ពុជា​ ហើយ​ចង់​បំ​ភ្លេច​ចោល​វ​ប្ប​ធម៌​របស់​ខ្លួ​ន​ទៅវិញ​។ ទោះ​បី​ជា​មាន​ការ​ក្រើន​រំលឹក​ជាបន្ត​បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាង​នេះ​ក្តី​ ក៏​នៅ​តែ​មាន​​អ្នក​​ចេះ​​ច្បាប់​​ម្នាក់​​ហ៊ាន​​ហារ​​មាត់​​និយា​យ​ថា​​ «បើគ្រាន់តែស្លៀកពាក់អាវក្នុង ខោក្នុងអីអញ្ចឹង ដូច​ជា​មិន​ទាន់​ដល់​ថ្នាក់​រូប​ភាព​អាស​អា​ភាស​ទេ​ Sic!»។​ ក្នុង​នាម​ខ្លួន​ជាអ្នក​ចេះ​ច្បាប់​ និង​ជាតំណាង​ឱ្យ​មនុស្ស​ថ្លៃ​ថ្នូរ​ក្នុង​សង្គម​ តើ​គាត់​ចង់​ឱ្យ​ប្រពន្ធ​ និង​កូន​ស្រី​របស់​គាត់​ស្លៀក​ពាក់​បែប​នេះ​បង្ហោះ​ក្នុង​វីដេអូ​​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ដូច​ស្ត្រី​មួយ​ចំនួន​តូច​ដែល​រក​ស៊ី​លក់​ដូរ​តាម​ប្រព័ន្ធ​អន​ឡា​ញ ​មាន​សំលៀក​បំ​ពាក់​មិន​សមរម្យ​​​​​​ដែរ​ឬ​យ៉ាង​ណា​? តាម​ការ​ពិត​រឿង​នេះ​គឺ​​ជារឿង​សីល​ធម៌​សង្គ​ម​ វាជា​រឿងដែល​​ប៉ះពាល់​​ធ្ងន់​ធ្ងរ​ដល់​​វប្ប​ធម៌​ជាតិ​យ៉ាង​ពិត​ប្រាកដ​។​

ករណី​របស់​ស្រ្តី​ម្នាក់​ដែល​រក​ស៊ី​លក់​ម្សៅ​លាប​ខ្លួន​បញ្ចេញ​កេរ្តិ៍​ភេទ​ លេច​លើ​លេច​ក្រោម​ដោយ​គ្មាន​ការ​អៀន​ខ្មាស់​នា​ពេល​​កន្លង​មក​គឺ​ពិត​ជា​អំពើ​អនាចារ្យយ៉ាង​ពិត​ប្រាកដ​។ ម្យ៉ាង​វិញ​ទៀត​ ក្រោយ​ពី​បានសន្យា​ថា​លែង​​ប្រ​ព្រឹត្ត​​នូវ​​អំពើ​​មិន​​គប្បី​​ដល់​​សង្គម​​ម្តង​​រួច​​ទៅ​​ហើ​យ​ និង​មាន​ការ​ណែនាំ​ពី​សមត្ថកិច្ច​ និង​ធ្វើ​កិច្ច​សន្យា​ឈប់​ប្រព្រឹត្តិ​តទៅទៀត​ក្តី​​ ក៏​ស្ត្រី​​ដដែល​រូប​​នោះ​នៅ​តែ​បន្ត​ការ​ប្រ​ព្រឹត្តិ​ដដែល​​ផ្គើន​ចំពោះ​សមត្ថកិច្ច​ និង​ច្បាប់​ស្តី​ពីការ​ជួញ​ដូរ​ផ្លូវ​ភេទ​​​​ដោយ​មិន​ព្រម​រៀង​ចាលឡើយ​។ ដូច្នេះ​ ទី​បំផុត​ក៏​ត្រូវ​បាន​សមត្ថ​កិ​ច្ច​ឃាត់​​ខ្លួនយក​ទៅ​​ជំនុំ​ជំរះ​ ដោយ​ត្រូវ​កាត់​ទោស​​​​​​​ដាក់​ពន្ធនាគារ​ដើម្បី​អប់​រំ​បន្ថែម​ទៀត​។​

ការ​បង្ក្រាប​​អ្នក​លក់​អន​ឡាញ​ស្លៀក​ពាក់​ស៊ិច​ស៊ី​នេះ​ បែរ​ជាត្រូវ​បានក្រុមដែលតាំងខ្លួនឯងថាជា​​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ និង​អ្នក​សារព័ត៌មាន​មួយចំនួន​តូចដែល​តែងតែ​ប្រឆាំង​ផ្កាប់​មុខ​នោះ​ ​បែរ​ជា​លើក​ឡើង​​ថា​​​ការ​​ហាម​​ឃាត់​ និង​​ចាប់​​ខ្លួន​​ស្រ្តី​​លក់​​អនឡាញ​ដែល​ស្លៀក​ពាក់​ស៊ិច​ស៊ី​ថត​លក់​ផលិ​ត​ផល​ ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ឬជាការ​បំបិទសិទ្ធិ​​សេ​រី​ភាព​​​ទៅ​​វិញ​​។​ ក្នុង​នាម​ជាពលរដ្ឋ​ខ្មែរ​ ក្រុម​ប្រឆាំង​ទាំង​នោះ​គួរ​តែ​រួម​គ្នា​ជួយ​ថែរក្សា​នូវ​វប្បធម៌​ និង​ប្រពៃ​ណី​ដ៏​ល្អ​ផូរផង់​របស់​ដូន​តា​យើង​ ពួក​គេ​មិន​ត្រូវ​កាន់​ជើង​អ្នក​ដែល​ប្រព្រឹត្តិ​ខុស​ និង​មាន​ទស្សនៈ​លំអៀង​លាយ​ឡំ​ថា​ជារឿង​នយោបាយ​ដើម្បីបម្រើ​​តែជំហរ​​​​ប្រឆាំង​របស់​ខ្លួន​​​បែប​នេះ​នោះ​ទេ​។​ ការអនុញ្ញាតឱ្យ​​មនុស្សដើរស្រាតពេញផ្លូវ មាន​សេរី​ភាព​ថត​រូប​អាស​អាភា​ស​នៅតាម​ទីសាធារណៈ​ និង​បង្ហោះ​រូប​តាមបណ្តាញ​សង្គម​ហ្វេស​ប៊ុក​ព្រោង​ព្រាត​ មាន​សេរីភាព​ប្រព្រឹត្ត​អំពើ​អនាចារ្យ​ពេញ​ផ្ទៃ​ប្រទេស​ និង​ការ​ជេរ​ម្រមាថ​គ្នា​តាម​អំ​ពើ​ចិ​​​ត្ត​ គឺ​មិនមែន​ជា​សិទ្ធិ​សេរី​ភាព​របស់​មនុស្ស​ដែល​មាន​ចែង​នៅក្នុង​ច្បាប់​ឡើយ​។ ផ្ទុយ​មក​វិញ​ វា​ជា​រឿង​ដ៏​អសី​ល​ធម៌​នៅ​ក្នុង​សង្គម​ និង​ជា​រឿង​ដែល​ប៉ះពាល់​ខ្លាំង​បំផុត​ដល់​តម្លៃរបស់​ស្រ្តី​ខ្មែរ​​​និង​​វប្ប​ធ​ម៌​​ជាតិ​​ខ្មែរ​។​​​ ពាក្យ ​«ប្រជាធិបតេយ្យ​និងសិទ្ធិ​សេរី​ភាព​» ​​​ដែល​​ពួក​ក្រុម​ប្រឆាំង​មួយចំនួន​តូច​ទាំង​នោះ​បាន​​យក​មក​ប្រើ​ គឺ​ដើម្បី​​គ្រាន់​តែបិ​ទបាំង​នូវ​អំពើ​ទុច្ច​រិត​និង​ នយោ​បាយ​ប្រ​ជា​ភិ​ថុ​តិ​ និង​នយោបាយ​បញ្ចើកបញ្ចើ​ធ្វើ​ឱ្យ​មនុស្ស​មួយចំនួន​តូច​ដែល​បាន​ប្រព្រឹត្តិ​កំហុស​​ទាំង​នោះ​កាន់​តែ​ផុង​ខ្លួន​នឹង​អំពើ​អសីល​ធម៌​របស់ខ្លួនតែប៉ុណ្ណោះ។ ប្រជា​ធិ​ប​តេយ្យ​និង​សេរីភាព​ដែល​ក្រុម​ជ្រុល​និ​យម​ទាំង​នេះច​ង់​បាន​គឺ​ការ​ធ្វើ​ឲ្យ​ប្រទេ​ស​ធ្លាក់​ក្នុង​ភាព​គ្មាន​សណ្តាប់​ធ្នាប់​ បាត់​​បង់​សេច​​​ក្តី​ថ្លៃ​ថ្នូរ និង​ឈាន​ទៅ​បំផ្លាញ​វប្បធម៌​ និង​ប្រពៃ​ណី​ដែល​ជា​អត្ត​សញ្ញាណ​​ជាតិ​ខ្មែរ​តែ​ប៉ុណ្ណោះ​។​  អ្វី​ដែល​ចម្លែក​បំផុត​នោះ​ គឺ​អ្នក​ដែលអះ​អាង​ថា​​ជាអ្នក​ការ​ពារ​តម្លៃ​របស់​ស្ត្រី​ តែ​បែ​​រ​ជា​ទៅ​ការពារ​ស្ត្រី​ដែល​យក​កេរ្តិ៍​ខ្មាស់​ធ្វើ​ជា​ដើម​ទុន​ក្នុង​ការ​រក​ស៊ី​​ទៅ​វិញ​គឺ​មិន​មែន​ការពារ​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ​នោះ​ទេ​។​

ជារួម​ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ​គឺ​គាំ​ទ្រ​នូវ​ចំណាត់​ការ​របស់​សមត្ថកិច្ច​ក្នុង​ការ​អនុវត្ត​ច្បាប់​ចំពោះ​ជន​ទាំ​ង​ឡាយ​ណា​ដែល​ចង់​មក​បំផ្លាញ​ទំនៀម​ទំលាប់​ ប្រពៃណី​ និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ស្រ្តី​ខ្មែរ​។ ជាង​នេះ​ទៀត​ ប្រ​ជា​ពលរដ្ឋ​កម្ពុជា​ពិត​​ជា​​គាំ​ទ្រ​យ៉ាង​មុតមាំ​ចំ​ពោះជំ​ហរ​ជាគោ​ល​ការណ៍​ របស់​លោក​នា​យ​ក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ដែល​បាន​កំណត់​ថា​ «កម្ពុជា​បន្ត​ដើរ​នៅ​លើ​​មាគ៌ា​ប្រជាធិ​បតេ​យ្យ​សេរី​ ពហុ​បក្ស​តាម​លក្ខ​ណៈ​ពិសេ​ស​របស់​កម្ពុជា​»។​ គឺ​មិន​មែន​ជា​ប្រជាធិបតេយ្យ ឬការ​ប្រើ​សិទ្ធិ​​​បែប​​ដាច់​​បង្ហៀរ​​ចង់​ឃើញ​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមូល​​ផ្តុំ​គ្នា​ដើរ​​ស្រាត​តាម​ដង​ផ្លូវ​ ឬ​ស្រី​ៗ​​នាំ​គ្នា​ដេក​ស្រាត​នៅ​មាត់​សមុទ្រ​ ឬ​ក៏​អនុញ្ញាត​ឲ្យ​ស្ត្រី​ខ្មែរ​ថត​វី​ដេ​អូស៊ិច​ស៊ី​ លេច​លើ​លេច​ក្រោម​ ​អាស​​អា​​ភា​ស​​ដាក់​លក់​លើ​ទី​ផ្សារ​ ហើយ​នាំ​គ្នា​យល់​ថា​គឺ​ជាសិទ្ធិ​សេរី​ភាព​របស់​ខ្លួន​នោះ​ឡើយ​។

សូម​​អ្នក​រិះគន់​អំពី​ការ​បង្ក្រាប​អ្នក​លក់​អន​ឡាញ​ស្លៀក​ពាក់​ស៊ិច​ស៊ី​ ពិនិត្យ​​មើល​ច្បាប់‍​ស្តី​ពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ។​​ ជាពិសេស​សូម​អ្នក​​ចេះ​​ច្បាប់​​ និង​​ជា​តំណាង​​ឱ្យ​​មនុស្ស​​ថ្លៃ​​ថ្នូរ​​ក្នុង​​សង្គមដែល​តែង​អួត​​ខ្លួនឯង​​ថា​​ជា​​​អ្នក​​ចេះ​​ច្បាប់​​ជើង​​​​ចាស់​​ តែ​​ជា​ជើង​​ចាស់​​​ខាង​​​ភ្លាវនោះ​ ​ត្រូវ​មាន​មនៈសិកា​ទទួល​ស្គាល់​នូវ​អ្វី​ដែល​ជា​រឿង​ល្អ​ និង​អ្វី​ដែល​ជារឿង​អាក្រក់សម្រាប់​សង្គម​ផង​កុំ​ចេះ​តែ​ប្រឆាំង​ទាំង​ងងឹត​ងងល់​បែប​នេះ​វា​នឹង​នាំ​ឱ្យ​ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​គ្មាន​តម្លៃ​សម្រាប់​សង្គម​៕

 ដោយ​៖ យី វិត​ (ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​សៀម​រាប)​​​

បញ្ចេញយោបល់