លិខិតមិត្តអ្នកអាន៖ ការពារប្រសើរជាងការភ័យខ្លាច Covid-19

ថ្ងៃអង្គារ ទី ៣ មីនា ២០២០​
13

ខណៈពេលដែលពិភពលោកកំពុងតែមមាញឹក ដុតដៃដុតជើងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ចំណែកឯនៅក្នុងប្រទេសកម្ពុជាឯណេះវិញ បែរជាមានក្រុមបំពុលព័ត៌មាន កំពុងតែបង្កើតព័ត៌មានក្លែងក្លាយ បង្ហោះចែកចា​យតាមបណ្តាញផ្សព្វផ្សាយសង្គម ដើម្បីបំភ័យប្រជាពលរដ្ឋនៅទូទាំងប្រទេស ជុំវិញបញ្ហាជំងឺ Covid-19។ ទោះបីជាប្រភពព័ត៌មាន ដែលគួរឱ្យជឿជាក់បំផុត គឺក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា មកដល់ថ្ងៃទី៣មីនានេះ ពុំទាន់មានពលរដ្ឋខ្មែរណាម្នាក់បានឆ្លង ឬកើតជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី Covid- 19 នេះក៏ដោ​យ ក៏សាធារណៈមតិមួយចំនួន នៅតែមានការសង្ស័យ និងខ្លះទៀតភ័យស្លន់ស្លោរហួសហេតុ ហើយនាំគ្នាចែកចាយព័ត៌មានប្រឌិតតៗគ្នា ពីករណីថាក្នុងប្រទេសកម្ពុជា មានជនបរទេសដួលសន្លប់ជាច្រើននាក់ ស្ទើររៀងរាល់ថ្ងៃ ដោយសារតែមានជំងឺនេះ។ ពួកក្រុមបំពុលព័ត៌មាន បានចោទប្រកាន់លើរដ្ឋាភិបាល និងក្រសួងសុខាភិបាលថាបានលាក់ព័ត៌មានជុំវិញបញ្ហានេះ។ ទាំងដែលការពិត គឺ​ជនបរទេសទាំងអស់នោះ គ្មាននរណាម្នាក់ដែលត្រូវបានពិនិត្យឃើញថា មានវីរុសកូរ៉ូណានោះឡើយ។

ជាការពិតការខ្លាចរអារចំពោះជំងឺឆ្លង វាគឺជារឿងធម្មតារបស់មនុស្សជាតិទៅហើយ ប៉ុន្តែការភ័យខ្លាចហួសហេតុពេកចំពោះជំងឺ វាមិនមែនជាដំណោះស្រាយដែលធ្វើឱ្យយើងអាចគេច ឬចៀសផុតពីការឆ្លងជំងឺឡើយ។ សម្រាប់កម្ពុជា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលមិនបានព្រងើយកន្តើយចំពោះករណីជំងឺឆ្លងនេះ ដូចការលើកឡើងរបស់មជ្ឈដ្ឋានមួយចំនួននោះទេ។ ចាប់តាំងពីមានការប្រកាសករណីវិជ្ជមានវីរុស Covid-19 ជាលើកដំបូងនៅទីក្រុងវូហាន ខេត្ត Hubei ប្រទេសចិន ដោយមានការយកចិត្តទុកដាក់ខ្ពស់ លើសុខភាពប្រជាជនកម្ពុជា ក្រសួងសុខាភិបាល បានចាត់ចែងជាបន្ទាន់នូវការដាក់ម៉ាស៊ីនស្កែនកំដៅ នៅអាកាសយានដ្ឋានអន្តរជាតិនានា ដែលជាច្រកចេញចូលក្នុងប្រទេសកម្ពុជា។ ក្រៅពីនេះវិធានការចាំបាច់នានា ដែលស្របតាមគោលការណ៍ណែនាំស្តង់ដារប្រតិបត្តិ និងច្បាប់និយ័តកម្មអន្តរជាតិឆ្នាំ២០០៥ (IHR 2005) របស់អង្គការ WHO បាននិងកំពុងបង្កើន និងពង្រឹងសកម្មភាព នៅទូទាំងប្រទេសកម្ពុជា។ ក្រសួងសុខាភិបាលបានដាក់ចេញនូវវិធានការចាំបាច់ចំនួន១៤ ដែលរួមមាន៖ ១-ពង្រឹងប្រព័ន្ធតាមដានស្រាប់នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព លើជំងឺរលាកសួតគ្រប់កំរិត។ ២-ពង្រាយក្រុមឆ្លើយតបបន្ទាន់ជាង២០០០នាក់ នៅទូទាំងប្រទេស ដែលបានទទួលការបណ្តុះបណ្តាលច្បាស់លាស់សម្រាប់ករណីដែលអាចកើតមានជំងឺនេះ។ ៣-ពង្រឹងប្រព័ន្ធតាមដាន និងរាយការណ៍ទាន់ហេតុការណ៍ 115 ( Call មិនអស់ប្រាក់) ប្រចាំការពីការរាយការ​ណ៍ព័ត៌មានជំងឺ Covid-19 ២៤ម៉ោងលើ២៤ម៉ោង។ ៤-ដាក់ម៉ាស៊ីនស្កែនកំដៅ នៅគ្រប់ច្រកចេញ-ចូលអន្តរជាតិទាំងផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ។ ៥-ត្រៀមបន្ទប់ដាក់អ្នកជំងឺដាច់ដោយឡែក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ភ្នំពេញ និងមន្ទីរពេទ្យនៅតាមបណ្តាខេត្តទាំងអស់ក្នុងប្រទេស។ ៦-បានត្រៀម និងបានចែកសម្ភារៈការពារខ្លួន សម្ភារៈមន្ទីរពិសោធន៍ បរិក្ខារពេទ្យ និងឱសថចាំបាច់ៗសម្រាប់ការព្យាបាល។ ៧-ត្រៀមរៀបចំមន្ទីរពិសោធន៍បង្អែកជាតិនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ បន្ថែមលើវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ៨-បានផលិតសម្ភារៈអប់រំសុខភាពជា៣ភាសា សម្រាប់ផ្សព្វផ្សាយជាសាធារណៈតាមមន្ទីរពេទ្យ និងច្រកចេញចូលអន្តរជាតិ។ ៩-បានរៀបចំឱ្យមានការបំពេញទម្រង់ប្រកាសសុខភាព អ្នកដំណើរមុនយន្តហោះចុះចត នៅតាមអាកាសយានដ្ឋានអន្តរជាតិនានា។ ១០- ធ្វើបច្ចុប្បន្នភាពស្ថានភាពជំងឺ Covid-19 និងជំងឺឆ្លងផ្សេងៗទៀត ធ្វើសេចក្តីប្រកាសព័ត៌មាន សន្និសីទ និងឆ្លើយតបយ៉ាងសកម្មជាមួយអ្នកសារព័ត៌មាន ជាពិសេស ឆ្លើយតបនឹងព័ត៌មានប្រឌិតបំពុលសង្គម។ ១១-សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្តន្ទាទោសតាមច្បាប់ចំពោះអ្នកដែលប្រឌិតព័ត៌មានមិនពិត។ ១២-ក្រសួងសុខាភិបាលបានបង្កើតក្រុមការងារឆ្លើយតបការចម្លងវីរុស Covid 19 ដែលមានសមាជិកពីផ្នែកពាក់ព័ន្ធ ពីមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ និងមានទីប្រឹក្សាមកពី WHO, US-CDC, IPC ។ល។ ១៣-បានធ្វើការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល គ្រូពេទ្យ និងផ្នែកពាក់ព័ន្ធដើម្បីចូលរួមការពារការចម្លងវីរុស Covid-19។ ១៤-ក្រសួងសុខាភិបាលក៏កំពុងស្រាវជ្រាវបទពិសោធន៍​ពីប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀតលើជំងឺ Covid-19 សម្រាប់ជាទុនបន្ថែមទៀត ក្នុងការត្រៀមប្រតិបត្តិការឆ្លើយតបផងដែរ។

ក្រៅពីវិធានការដែលក្រសួងសុខាភិបាលបាននិងកំពុងអនុវត្តខាងលើនេះ ក្រសួងក៏បានធ្វើការក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុសប្រយ័ត្នខ្ពស់បំផុត និងរួមគ្នាអនុវត្តវិធានការសាមញ្ញៗដូចជា៖ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល, ពិសារអាហារដែលចម្អិនឆ្អិនល្អ, ត្រូវខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្តាស់, រក្សាចម្ងាយច្រើនជាង១ម៉ែត្រ ពីបុគ្គលដែលមានរោគសញ្ញាផ្លូវដង្ហើម, កាត់បន្ថយជាអតិបរមានូវការយកដៃ មកប៉ះពាល់ភ្នែក ច្រមុះ និងមាត់, ជៀសវាងការខាកស្តោះនៅទីសាធារណៈ ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើម ដូចជាគ្រុនក្តៅ ក្អក និងកណ្តាស់ ឬផ្តាសាយ, ជៀសវាងប៉ះពាល់ជិតស្និទ្ធកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ បុគ្គលិកសុខាភិបាលដែលផ្តល់ការថែទាំអ្នកជំងឺ ត្រូវប្រកាន់ខ្ជាប់នូវវិធានការបង្ការការចម្លងរោគក្នុងគ្រឹះស្ថានសុខាភិបាលឱ្យបានហ្មត់ចត់។

គួរំលឹកថា ភ្លាមៗក្រោយពីការផ្សព្វផ្សាយអំពីការផ្ទុះឡើងនៃជំងឺ Covid-19 នៅប្រទេសចិន ស្ថានភាពនៅក្នុងប្រទេសកម្ពុជាឯណេះវិញ គឺមានភាពវឹកវរមិនធម្មតាឡើយ។ បងប្អូនប្រជាពលរដ្ឋមួយចំនួនតូច នាំគ្នាភ័យខ្លាចរហូតចែកជើងគ្នាដើររកទិញម៉ាស់ពេញផ្ទៃប្រទេស ធ្វើឱ្យមានវិបត្តិម៉ាស់ក្នុងទីផ្សារ ហើយក្រុមឈ្មួញក៏គេងចំនេញពីស្ថានការណ៍នេះ ដោយតំឡើងថ្លៃខ្ពស់កប់ពពក។ ដើម្បីទប់ទល់ស្ថានការណ៍នេះ ប្រមុខរារដ្ឋា​ភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមកធ្វើសន្និសីទសារព័ត៌មាន ដើម្បីឱ្យពលរដ្ឋកម្ពុជាបានស្ងប់ចិត្ត និងរក្សាភាពនឹងនមកវិញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា វីរុសកូរ៉ូណា មិនគួរឱ្យភ័យខ្លាចជាងការបំពុលព័ត៌មានក្លែងក្លាយនោះទេ។ ហើយលោកក៏បានអំពាវនាវឱ្យពលរដ្ឋកម្ពុជា កុំមានជំងឺភ័យខ្លាចឱ្យសោះ ព្រោះមិនទាន់មានពលរដ្ឋកម្ពុជាណាម្នាក់កើតជំងឺនេះឡើយមកដល់ម៉ោងនេះ។ ប្រមុខមេដឹកនាំកម្ពុជា ក៏បានក្រើនរំលឹកដល់ពលរដ្ឋឱ្យអនុវត្តនូវវិធានការការពារ ជាជាងការភ័យខ្លាច ដោយត្រូវលាងសម្អាតដៃ និងរក្សាអនាម័យឱ្យបានជាប់ជានិច្ច។ ការភ័យស្លន់ស្លោ ឬការរើសអើង មិនមែនជាដំណោះ​ស្រាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនោះទេ ក្រៅពីធ្វើឱ្យយើងបាត់ម្ចាស់ការ និងនាំគ្នាជឿតាមព័ត៌មានប្រឌិត ហើយចែកចាយបន្តព្រោងព្រាតពេញបណ្តាញសង្គម។ ការបារម្ភជ្រុល មិនបានជួយអ្វីដល់យើងឡើយ ចូលចាប់យកវិធានការការពារវាប្រសើរជាជាង៕

 ដោយ៖ ស រដ្ឋា

បញ្ចេញយោបល់