អភិបាលខេត្តកំពង់ចាម ក្រើនរំលឹកមន្ត្រីមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់តាមដានជីវភាព និងត្រូវបម្រើសេវាសាធារណៈឱ្យល្អទាន់ពេលវេលា

ថ្ងៃសុក្រ ទី ២៨ កុម្ភៈ ២០២០​
12

កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ជាប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម បានអញ្ជើញដឹកនាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៣៩ គ្រួសារ នៅឃុំស្រម៉រ និង ឃុំស្តើងជ័យ ស្រុកជើងព្រៃ ដោយមានការអញ្ជើញរួមដំណើរពី មន្ទីរ-អង្គភាព ជុំវិញខេត្ត,នាយក,នាយករង និង មន្ត្រីសាខាកាកបាទក្រហមខេត្ត និង អនុសាខាកាកបាទក្រហមស្រុក, អាជ្ញាធរស្រុក, មេឃុំ និងភូមិពាក់ពន្ធ័ជាច្រើនរូប ដែលប្រារព្ធធ្វើនៅបរិវេណវត្តស្តើងជយ័ ឃុំស្តើងជយ័ ស្រុកជើងព្រៃ ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានជំរាបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយបញ្ជាក់ជូនថា ក្រោមការដឹកនាំរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកស្រីតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភជាអំណោយ សំភារៈ ថវិកា ជួយដល់បងប្អូនប្រជាពលរដ្ឋ ដោយមិនរើសអើងឡើយ ដែលកំពុងរងគ្រោះខ្វះខាតជីវភាព ដោយសារជួបគ្រោះធម្មជាតិផ្សេងៗ មិនប្រកាន់គោលនយោបាយ វណ្ណៈ ឋានៈ ឬសាសនា ពណ៌សម្បុរ ឡើយ ដោយអាជ្ញាធរគ្រប់ថ្នាក់តែងតែបានចូលរួមជាមួយ នៅគ្រប់ទីកន្លែង។

នាឱកាសពេលនេះ លោកអភិបាលខេត្ត បាននាំមកនូវ អង្គរ ២បេស្នើនឹង ៤០គីឡូក្រាម ,ត្រីខ មួយយួរ,ទឹកត្រីមួយយួរ,ទឹកស៊ីអ៊ិវ មួយយួរ និង ថវិកា ៣០ ០០០៛ មកចែកជូន បងប្អូនក្នុងមួយគ្រួសារៗ ស្មើៗគ្នា ដែលសរុបរួមមាន ១៣៩ គ្រួសារ និង បាននាំយកអង្ករ ១០០ គីឡូក្រាម ,មី២កេះតូច និង ថវិកា ៥០០ ០០០៛ មកប្រកេនជូន ចៅអធិការវត្តស្តើងជ័យ រីឯ ចំពោះកងកំលាំងទាំង បីប្រភេទ ចំនួន ២៥ រូប ក៏បានទទួលការឧបត្ថម្ភ ក្នុងម្នាក់ៗ ២០ ០០០៛ ផងដែរ។ បន្ទាប់មក លោក បានជូនថវិកា ៥០០ ០០០រៀល ដល់គ្រួសារមានកូនភ្លោះពីរ ដែលមានជំងឺ ស្វិតជើង សំរាប់ នាំកូនទៅពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ។

ក្នុងពេលសំណេះសំណាល លោកអភិបាលខេត្ត បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវខិតខំបន្តជីវភាពរបស់ខ្លួនតទៅទៀត ត្បិតអីអំណោយទាំងនេះ គ្រាន់តែជាការជួយសម្រាលជីវភាពបានមួយរយៈពេលខ្លីតែប៉ណ្ណោះ ហើយ លោក បានណែនាំអោយ មន្ត្រីមូលដ្ឋាន ភូមិ,ឃុំ និងស្រុក ត្រូវបន្តយកចិត្តទុកដាក់តាមដានជីវភាពរបស់បងប្អូនបន្តទៀត និងត្រូវបម្រើសេវាជូនពួកគាត់អោយបានល្អទាន់ពេលវេលា និងជាទីពេញចិត្តចំពោះប្រជាពលរដ្ឋគ្រប់ៗរូប ក្នុងនោះស្រុកជើងព្រៃ ក៏បានបង្កើត ការិយាល័យច្រកចេញចូលតែមួយ រួចហើយដែលងាយស្រួលបំរើសេវាប្រចាំថ្ងៃអោយមានប្រសិទ្ធភាព។

ចំពោះបងប្អូនដែលបានអញ្ជើញចូលរួមពេលនេះ លោកអភិបាលខេត្ត បានរំលឹកថា សូមកុំអោយសមាជិកគ្រួសារ មានការពាក់ព័ន្ធនឹងគ្រឿងញៀនអោយសោះ ព្រោះជាអំពើល្មើសច្បាប់ និងសូមមានការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរតាមដងផ្លូវ ដោយត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ម្យ៉ាងទៀត នៅរដូវប្រាំងនេះ អាកាសធាតុមានភាព ក្តៅហួតហែង ដែលងាយនឹងបង្កជាអគ្គីភយ័កើតឡើងជាយថាហេតុ ហេតុនេះសូមបងប្អូន ត្រូវមានការប្រុងប្រយ័ត្ន ចំពោះ ភ្លើងចង្ក្រាន ការដុតទៀន ធូប និងខ្សែអគ្គិសនី កុងតាក់ភ្លើង ពេលចាកចេញពីផ្ទះ ត្រូវបិតកុងតាក់ភ្លើង និងពន្លត់ភ្លើងទៀន ធូប និងចង្ក្រានអោយបានត្រឹមត្រូវ ជៀសវាងកើតមានអគ្គីភយ័ ព្រមទាំងត្រៀមពាងទឹកអោយមានទឹកពេញៗជាប្រចាំដើម្បីត្រៀមបង្កាទុកមុន៕

បញ្ចេញយោបល់