សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក និងមន្ទីរសុខាភិបាលខេត្តចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងស្រុកសំបូរ ចំនួន ៦៩៦នាក់ ដោយឥតគិតថ្លៃ

ថ្ងៃព្រហស្បតិ៍ ទី ២៧ កុម្ភៈ ២០២០​
9

ក្រចេះ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ សម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជាសាខាខេត្តក្រចេះ និងមន្ទីរសុខាភិបាលខេត្តក្រចេះ ដឹកនាំដោយលោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ បានចុះពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋ ចំនួន៦៩៦នាក់ ដោយឥតគិតថ្លៃ ដែលរស់នៅ ក្នុងឃុំក្បាលដំរី ស្រុកសំបូរ ដែលប្រព្រឹត្ដទៅនៅបរិវេណសាលាបឋសិក្សាចង្ហប។

នៅក្នុងឱកាសនោះ លោក វ៉ា ថន បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថា ក្រុមការងារសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ជាក្រុមស្ម័គ្រចិត្តបានចុះមកព្យាបាលប្រជាពលរដ្ឋដោយគិតថ្លៃ នៅតាមបណ្ដាទីតាំងផ្សេងទៀតដោយយើងមាននូវគ្រូពេទ្យ ដែលមានជំនាញទាំងនៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ ដើម្បីជួយព្យាបាលដល់ប្រជាពលរដ្ឋយើង ឲ្យមានប្រសិទ្ធភាពខ្ពស់ និងយកសេវាព្យាបាលមួយនេះ មកឲ្យកៀកផ្ទះពូកគាត់តែម្ដង ក្នុងការផ្ដល់ភាពងាយស្រួលដល់ពួកគាត់»។ លោកបានបន្តថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក ព្រោះបញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យស្រលាញ់សុខភាពជាកត្ដាចម្បង គឺត្រូវពិនិត្យសុខភាពឲ្យបានទៀងទាត់ ព្រោះវាមានតម្លៃណាស់ ទោះយើងធ្វើអ្វីក៏ដោយបើសុខភាពយើងចុះខ្សោយ ធ្វើអ្វីក៏មិនបានល្អ និងច្រើនដែរ ត្រូវបរិភោគចំណីអាហារចំអិនឲ្យបានឆ្អិនល្អ ត្រូវលាងដៃឲ្យបានញឹកញាប់។ កត្ដាដូច្នេះហើយ បានជាក្រុមគ្រូពេទ្យ សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានយកចិត្ដទុកដាក់ខ្ពស់ ក្នុងការចុះជួយពិនិត្យព្យាបាលប្រជាពលរដ្ឋក្រីក្រ,ខ្វះលទ្ធភាពនៅតាមជនបទដោយឥតគិតថ្លៃ ហើយនឹងខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីព្យាបាលជូនប្រជាពលរដ្ឋ គ្រប់ពេល និងគ្រប់ទីកន្លែង។

ព្រមជាមួយគ្នានោះលោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា «ខ្ញុំសម្បាយរីករាយខ្លាំងណាស់ ដែលបានចូលរួមជាមួយសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក និងអាជ្ញធរខណ្ឌរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃដល់ ប្រជាពលរដ្ឋនៅថ្ងៃនេះ ហើយការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ ៣៥០នាក់ ជំងឺត្រចៀក ច្រមុះ បំពង់ក ១០២នាក់ ជំងឺភ្នែក ៩៥ នាក់ ជំងឺកុមារ ៣៥០នាក់ ពិនិត្យអេកូសាស្ត្រ ៣៦នាក់ ៕

បញ្ចេញយោបល់