លិខិតមិត្តអ្នកអាន៖ « ការថែរក្សាវប្បធម៌ប្រពៃណីល្អរបស់ខ្មែរ មិនមែនជាការរើសអើងនិងបំបិទសេរីភាពទេ! »

ថ្ងៃសុក្រ ទី ២១ កុម្ភៈ ២០២០​
11

វាជាការគួរឲ្យហួសចិត្ត និងអស់សំណើចនៅពេលដែលឃើញជនជ្រុលនិយមនៅកម្ពុជាមួយក្តាប់តូចមានទាំងខ្មែរ និងជនបរទេសដែលបង្កប់ខ្លួនក្នុងអង្គការ សិទ្ធិមនុស្សមួយចំនួនដែល មានបេសកកម្មជួយគាំទ្រក្រុមប្រឆាំងដើម្បីផ្តួលរំលំរដ្ឋាភិបាល បាននាំគ្នារិះគន់វិធានការរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះអ្នករកស៊ីលក់ឥវ៉ាន់តាមអនឡាញដែលចូលចិត្តបញ្ចេ ញកេរខ្មាសដើម្បីទាក់ទាញអថិជន និងវិធានការចំពោះវីដេអូអាសអាភាសទាក់ទងនឹងស្ត្រីខ្មែរតាមបណ្តាញសង្គមថា ជាការរើសអើង និងបំបិទសិទ្ធិសេរីភាពទៅវិញ។ សំណួរដែល យើងទាំ​ងអស់គ្នាជាពូជពង្សខ្មែរត្រូវចោទសួរដល់អ្នក ទាំងអស់នោះគឺ៖ តើអស់លោកចង់បានសេរីភាពឲ្យមនុស្សដើរស្រាតពេញផ្លូវ ~សេរីភាពថតរូបអាសអាភាសបង្ហោះតាម ហ្វសប៊ុកព្រោងព្រាត ~ សេរីភាពប្រព្រឹត្តអំពើអនាចារ្យពេញផ្ទៃប្រទេសនិងសេរីភាពជេរម្រមាថគ្នាតាមអំពើចិ​ត្តទើបហៅថាជាប្រជាធិបតេយ្យឬយ៉ាងណា?

គេនៅចាំបានថា កាលពីពេលដែលរដ្ឋាភិបាលផ្តួចផ្តើមគំនិតធ្វើសេចក្តី ព្រាងច្បាប់ប្រឆាំងនឹងការជេរប្រមាថ អង្គព្រះមហាក្សត្រ ក៏ក្រុមដដែលនេះបានឡាំប៉ា ប្រឆាំងយ៉ាងខ្លាំងដែរក្រោម ហេតុផលថា ច្បាប់នោះគឺជាការបំបិទសិទ្ធិសេរីភាព និងកាត់បន្ថយលំហរ ប្រជាធិបតេយ្យនៅកម្ពុជា។

ក្នុងនាមកូនខ្មែរនិងមានឈាមជ័រជាខ្មែរ ខ្ញុំមានទស្សនៈយល់ឃើញថា ពាក្យ«ប្រជាធិបតេយ្យ និងសេរីភាព» ដែលពួកក្រុមប្រឆាំងទាំងនោះបាន ប្រើគឺដើម្បីគ្រាន់តែបិទបាំងនូវអំពើទុច្ចរិតនិង នយោបាយប្រជាភិថុតិ ប្រជោនិយមរបស់ខ្លួនតែប៉ុណ្ណោះ។ ប្រជាធិបតេយ្យនិងសេរីភាពដែលក្រុមជ្រុលនិយមទាំង នេះចង់បានគឺការធ្វើឲ្យប្រទេសធ្លាក់ក្នុងភាពអសណ្តាប់ធ្នាប់ បាត់ បង់សេចក្តីថ្លៃថ្នូរ និងឈានទៅបំផ្លាញវប្បធម៌និងប្រណៃណីដែលជាអត្តសញាណរបស់ជាតិខ្មែរតែប៉ុណ្ណោះ។  អ្វីដែលអស្ចារ្យថែមទៀតនោះគឺអ្នកដែលអះអាងថា ជាអ្នកការពារស្ត្រី តែបែ រជាការពារស្ត្រីដែលយកកេរខ្មាសធ្វើដើមទុន ទៅវិញគឺមិនមែនការពារសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរនោះទេ។

មកដល់ត្រង់នេះ ខ្ញុំនៅចាំបានថា អង្គការសិទ្ធិមនុស្សមួយចំនួនធ្លាប់ត្រូវបានមហាជនចោទថា ជាអង្គការការពារចោរ។ មូលហេតុគឺ ពេលមានអំពើរចោរលួចឬប្លន់ម្តងៗ អង្គការសិទ្ធិមនុស្សទាំងនោះមិនបានខ្វាយខ្វល់ពីម្ចាស់ទ្រព្យដែលត្រូវបានចោរបាញ់ស្លាប់ ឬរងរបួសនោះឡើយតែបែរជានៅចាំការពារចោរខ្លាចគេធ្វើបាបទៅវិញ។ ងាកមកនិយាយពីរឿងអាសអាភាស ពួកគេ ប្រហែលមិនដឹងទេថា បច្ចុប្បន្ននេះ នរណាក៏ទើសភ្នែកដែរពេលឃើញស្ត្រីអ្នកលក់ឥវ៉ាន់តា​មអនឡាញមួយចំនួនធ្វើបែបនេះ។ មតិមហាជនទូទៅ មានតែជំរុញឲ្យរដ្ឋាភិបាលចាត់វិធានកា​រឲ្យបានម៉ឺងម៉ាត់ ចំពោះរឿងនេះ។ ចុះហេតុអ្វីបានជាមនុស្សមួយក្រុមដែលវង្វេងឈាមជ័រទៅជាខំការពារអំពើអសីលធម៌បែបនេះទៅវិញ?

សូមកុំភ្លេចថា ខ្មែរជាជនជាតិ ដែលមានវប្បធម៌ មាន ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អប្រពៃរ​បស់ខ្លួនដែលត្រូវ បានគេទទួលស្គាល់ថា ជាជនជាតិថ្លៃថ្នូរដែលមានសីលធម៌និងមានវប្បធម៌ដ៏ចំណាស់បំផុតមួយនៅអាស៊ី។ វប្បធម៌និងប្រពៃណីខ្មែរគឺ មិនមែនពាលាអាវ៉ាសែ អាសអា​ភា​ស​និងអនាចារ្យនោះឡើយ។ ប្រជាជនខ្មែរ មានទំនៀមទម្លាប់និងប្រពៃណីល្អនៅក្នុងសង្គមមួ​យដែលមានការគោរពគ្នា មានពាក្យសម្តីទន់ភ្លន់ មានការខ្មាស់អៀន ជាពិសេសគឺស្ត្រីខ្មែរតែម្តងដែលជាអ្នកស្អប់ខ្ពើមបំផុតនូវអំពើអាសអាភាសពាលាអាវ៉ាសែនិងអំពើអនាចារ្យ។

ប៉ុន្តែ នៅក្នុងយុគសម័យដែល បច្ចេកវិទ្យារីកលូតលាស់ខ្លាំង ហើយបណ្តាញសង្គមបានក្លាយជាទីពេញនិយមរបស់មហាជនទូទៅ ក៏ស្រាប់តែមានជនឆ្លៀតឱកាសប្រើប្រាស់បណ្តាញស​ង្គមទាំងនោះដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនហើយនាំគ្នាបំភ្លេចចោលនូវភាពថ្លៃថ្នូររបស់ជាតិសា​សន៍ខ្លួនឯង។ រូបភាពអាសអាភាស លេចលើលេចក្រោម បញ្ចេញកេរខ្មាស អមដោយការប្រើពាក្យសម្តីអាស ឬក៏ការជេរប្រមាថគ្នាមិនចេះអៀនខ្មាសដែល មិនមែនជាវប្បធម៌ខ្មែរ បានហូរចេញពីបបូរមាត់របស់មនុស្សខ្មែរមួយចំនួនក្នុងនោះក៏មានស្ត្រីខ្លះដែរ។

ក្នុងស្ថានភាពបែបនេះ ក្នុងនាមជាអ្នកដឹកនាំប្រទេសដែលមានកាតព្វកិច្ចអនុវត្តតាមស្មារតីនៃរដ្ឋធម្មនុញ ខ្ញុំកត់សំគាល់ឃើញលោក ហ៊ុន សែន តែងតែរំលឹកដាស់តឿននិងដាក់ចេញនូវ​​​វិធានការជាបន្តបន្ទាប់ដើម្បីការពារវប្បធម៌ និងប្រពៃណីដ៏ល្អរបស់ជាតិយើង។  ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្តាយបំផុតនោះ គឺនៅតែ មានមនុស្សមួយចំនួនដែល យល់ថាវប្បធម៌បរ​ទេសជាពិសេសគឺ វប្បធម៌របស់ប្រទេសលោកខាងលិចអាចចម្លងយកមកអនុវត្តន៍នៅកម្ពុជា ហើយចង់បំភ្លេចចោលវប្បធម៌របស់ខ្លួន។ ពួកគេប្រហែលជាចង់ឃើញពលរដ្ឋខ្មែរអនុវត្តសិទ្ធិសេរីភាពដូចបណ្តាប្រទេសលោកខាងលិចមួយចំនួនដែលមនុស្សប្រមូលផ្តុំគ្នាដើរ ស្រាតតាមផ្លូវ ឬស្រីៗ នាំគ្នាដេកស្រាតនៅមាត់សមុទ្រ ឬក៏អនុញ្ញាតឲ្យខ្មែរថតវីដេអូអាសអាភាសដាក់លក់លើទីផ្សារទើបហៅថា «ប្រជាធិបតេយ្យ និងសេរីភាពពេញលេញ ឬ យ៉ាងណា? មកដល់ចំណុចនេះ ខ្ញុំសូមសម្តែងការគាំទ្រយ៉ាងមុតមាំចំពោះជំហរជាគោលការណ៍ របស់លោកនា​យ​ករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកំណត់ថា «កម្ពុជាបន្តដើរនៅលើ មាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្សតាមលក្ខណៈ ពិសេសរបស់កម្ពុជា» ។ ជាការត្រឹមត្រូវណាស់ព្រោះប្រទេសកម្ពុជាពិតជាមានលក្ខណៈ ពិសេសនិង ដោយឡែករបស់ខ្លួនច្រើន រាប់មិនអស់ទាំងនៅលើ ទិដ្ឋភាពភូមិសាស្ត្រ ប្រវត្តិសាស្ត្រ នយោបាយ ជាពិសេសគឺ លក្ខណៈពិសេសនៃវប្បធម៌ ទំនៀមទម្លាប់ ប្រ​ពៃណីខ្មែរ នៃនារីខ្មែរយើង។

សរុបមកវិញ ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជាក៏ដូចជាជនបរទេសដែលឈរក្រោមផ្លាកសិទ្ធិមនុស្សមួយចំនួនមានខួរក្បាលនិងផ្នត់គំនិតតែម្យ៉ាងគត់គឺការប្រឆាំងជាមួយអ្វីដែលបក្សកាន់អំណាចធ្វើ ជាពិសេស គឺប្រឆាំងជាមួយបុគ្គលលោកនាយករដ្ធមន្ត្រី ហ៊ុន សែន តែម្តង។

ខ្ញុំ​យល់ថាបើជាការប្រឆាំងរិះគន់លើចំណុចខ្សោយរបស់រដ្ឋាភិបាល នោះវាជា រឿងធម្មតារប​ស់បក្សប្រឆាំងនៅលើពិភពលោក ។ ប៉ុន្តែ អ្វីដែលចម្លែកសម្រាប់ក្រុមប្រឆាំងទាំងនេះ គឺការ ប្រឆាំងនិងវាយប្រហារលើ ចំណុចខ្លាំងរបស់រដ្ឋាភិបាល ពោលគឺ ប្រឆាំងនឹងអ្វីដែលគេធ្វើត្រូវ។ លើការជាក់ស្តែង ការប្រឆាំងនឹងទំនៀមទម្លាប់ល្អរបស់ជាតិក្រោមលេស ប្រជាធិបតេយ្យ, សិទ្ធិមនុស្ស និងសេរីភាព គឺគ្មានអ្វីក្រៅពីក្នុងគោលបំណងចង់ប្រែក្លាយប្រទេសខ្មែរឲ្យធ្លាក់ក្នុងភាពអនាធិបតេយ្យអនាចារ្យតែប៉ុណ្ណោះ។

ជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំកត់សំគាល់ឃើញថា ពាក្យសេរីភាព និងប្រជាធិបតេយ្យធ្លាប់ត្រូវបា​នក្រុម ទាំងនេះប្រើជាលេសនិងខែលដើម្បីជាន់ឈ្លីច្បាប់និងបំពានសណ្តាប់ធ្នាប់សាធារណៈជារៀងរហូត មក។ សេរីភាពនិង ប្រជាធិបតេយ្យត្រូវបានគេប្រើដើម្បីការពារវប្បធម៌លាបព​ណ៌និងជេរប្រមាថ ដែលពួកគេបង្កើតឡើង។ ហើយឥឡូវនេះ សេរីភាព និងប្រជាធិបតេយ្យត្រូ​វបានក្រុមពួកគេដដែលហ្នឹងយកមកប្រើដើម្បីការពារអំពើអនាចារ្យថែមទៀត។ ដូច្នេះ ប្រជាព​លរដ្ឋខ្មែរគួរតែ ស្គាល់ចំណាំមុខមាត់និងឈ្មោះរបស់ក្រុមនេះអោយបានច្បាស់ព្រោះគោលបំ​ណងនិងទង្វើពិតប្រាកដរបស់ក្រុម នេះមិនមែនជាអ្នកជួយ ការពារសេចក្តីថ្លៃថ្នូររបស់ស្រ្តីខ្មែរនោះទេ ហើយក៏ មិនមែនជាអ្នកការពារសេរីភាព ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សអ្វីនោះឡើយ។

ទន្ទឹមនឹងនោះ ពលរដ្ឋខ្មែរ ក៏បានស្គាល់និងយល់ដឹងកាន់តែច្បាស់ថា គ្មានអ្នកណាក្រៅពីលោ​កនាយក រដ្ឋមន្ត្រី ហ៊ុន សែន នោះទេ ដែលជានិច្ចកាលតែងតែឈរយ៉ាងរឹងមាំជាអ្នកការ​ពា​រសន្តិភាព ការពារអធិប្បតេយ្យជាតិ ការពារស្ថិរភាពសង្គមពិតប្រាកដ និងជាពិសេសការពារកិ​ត្តិយស សេចក្តីថ្លៃថ្នូរ វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់របស់ជាតិ និងស្ត្រីខ្មែរយើង៕

ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ

ចែករំលែក

បញ្ចេញយោបល់