ទស្សនៈមិត្តអ្នកអាន៖ ទោះបីជាមានការព្យួរផ្នែកខ្លះនៃ EBA ក៏សង្គមកម្ពុជានៅតែមានប្រក្រតីភាព

ថ្ងៃព្រហស្បតិ៍ ទី ២០ កុម្ភៈ ២០២០​
18

ការ​ផ្តល់​ភាពអនុគ្រោះ​ពន្ធ​ដល់​ទំនិញ​កម្ពុជា ឬ​ហៅ​កាត់​ថា​ EBA ដែល​នាំ​​ទៅ​​លក់​​នៅ​​ទី​ផ្សារ​​អឺ​រ៉ុប​​នាពេល​បច្ចុប្បន្ន​នេះ​ គឺ​​​គ្រាន់​​តែ​ជា​​ចំណែក​​តូច​មួយ​​នៃ​​កម្លាំង​​ចលក​រដល់​​សេដ្ឋ​កិច្ច​​កម្ពុជា​ប៉ុណ្ណោះ ហើយសេដ្ឋ​កិច្ច​​កម្ពុជានាពេល​នេះ ​​ក៏​​មិន​មែន​​​ពឹង​ផ្អែក​ទាំង​ស្រុង​​តែ​ទៅ​​លើ​​ការ​អនុ​គ្រោះ​​ពន្ធ ​​EBA​ ​​ពី​​​សហ​ភាព​​អឺ​រ៉ុប​តែ​មួយ​​មុខ​​​ដែ​ល​រដ្ឋាភិ​បា​ល​​បាន​មើល​ឃើញ​ជាមុន​ថា​​​មិន​​ស្ថិត​​ស្ថេរ​នេះ​​ដែរ​ ពោល​គឺ​រដ្ឋាភិបាល បាន​ត្រៀម​​ខ្លួន​​រួច​ជា​ស្រេច​តាំងពី​៤-៥​ឆ្នាំ​​មុន​​ម​ក​ម្ល៉េះ​ ហើយ​​ដែល​​រដ្ឋា​ភិបាល​​បាន​ប៉ាន់​​ស្មាន​​​​​ថា​​​EBA នេះ​នឹង​បាត់​ទាំង​ស្រុង​នៅ​ឆ្នាំ​២០២៤ ឬឆ្នាំ២០២៥​យ៉ាងយូរ នៅ​ពេល​ដែល​សេដ្ឋ​កិច្ច​កម្ពុជា​កើន​ឡើង​ក្លាយ​ជាប្រទេស​អភិវឌ្ឍ​ន៍​នោះ​។ ​​បញ្ហា​នេះត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់​ចេញនូវ​​វិធានការឆ្លើយ​តប​​ជា​កញ្ចប់​ ហើយ​បាន​អនុវត្តជា​បន្ត​បន្ទាប់​រហូត​មកដល់​ពេល​នេះ និ​ង​​ទៅអនាគត​ដើម្បី​​កំណើ​ន​សេដ្ឋកិ​ច្ច​​ជាតិ​មួយ​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​បាន​​។​

ក្រោយ​ការ​សម្រេច​ថា​នឹង​ព្យួរ​ផ្នែក​ខ្លះ​នៃ​EBA នេះ​ដល់​កម្ពុជាពី​សហភាព​អឺរ៉ុប​ចំនួន​ប្រមាណ​២០%​នៅ​ក្នុង​ខែ​សីហា​ឆ្នាំ​២០២០​ ​ហើយ​បន្ត​នៅ​រក្សា​ទុក​ដល់​កម្ពុជា​រហូត​ដល់​៨០%​ នោះ​​គឺមិន​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​ដល់​​សេដ្ឋ​កិច្ច​​របស់​​ប្រទេស​​កម្ពុជា​​ដែល​កំពុង​​មាន​កំណើន​​ជា​​រៀ​ង​​រាល់​​ឆ្នាំ​​នោះ​​ឡើយ​។​

មាន​​ក្រុមអ្នកវិភាគអគតិមួយ​ចំនួន​កំពុង​ធ្វើ​ការ​ប៉ាន់​ស្មាន​ដោយ​ខុស​ឆ្គង​​ថា ​សេដ្ឋកិច្ច​ក​ម្ពុជា​នឹង​ធ្លាក់​​ចុះ​ខ្លាំង​ដោ​យ​ការ​បាត់​បង់​ EBA ២០% រួម​ផ្សំ​នឹង​​វិបត្តិ​នៃ​​វីរុស​កូវីដ​១៩ ដែលកំពុងឡើងផង​នោះ​។ ផ្ទុយ​ទៅ​វិញ​មក​ដល់​ពេល​នេះ​តួលេខ​នៃ​ការ​នាំ​ចេញ និង​​សង្វាក់ផលិត​កម្ម​នាំ​ចេញ​នៅ​តែ​មាន​សន្ទុះ​ជាធម្មតា​។​ ផ្អែក​​តាម​របាយ​ការណ៍​វឌ្ឍន​ភាពនៃ​ម៉ា​ក្រូសេ​ដ្ឋកិ​ច្ច និ​ង​វិស័យ​ធនា​គារ​ឆ្នាំ​២០១៩​ និង​ទស្សនៈ​វិស័យ​ឆ្នាំ២០២០​ ដែល​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​ទី០​២ ​ខែ​មករា​ ឆ្នាំ​២០២០​ របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​​នៅ​ឆ្នាំ២០​២០​នឹង​ស្ថិត​ក្នុង​រង្វង់​ប្រមាណ​ ៦,៥%​ ទៅ​៦,៨%​ ដែល​ការ​ព្យាករណ៍​​នេះ​​ផ្អែក​​លើ​ការព្យាករណ៍​ពី​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋ​កិច្ច​ពិភ​ពលោក​ ដែល​រួម​ចំណែក​ផ្តល់​នូវ​ភាព​អំណោយ​ផល​ដល់​ការ​នាំចេ​ញ​របស់​កម្ពុជា​។​ កា​រ​នាំ​ចេញ​នេះ​នឹង​បន្ត​មាន​កំណើន​ខ្ពស់​រួម​ផ្សំ​នឹង​លំហូរ​ចូល​វិនិយោគ​​ផ្ទាល់ពី​បរ​​ទេស​ វិ​ស័យ​ទេស​ចរ​ណ៍ និង​វិស័យ​សំណង់​ និង​អចលនៈ​ទ្រព្យ​ នៅ​តែ​បន្ត​កើន​ឡើង​ជាលំដាប់​។ ភាព​មិន​ថ​ម​ថយ​នៃ​វិស័យ​សំណង់​​​ត្រូវ​បាន​ឆ្លុះបញ្ចាំង​ដោយ​និន្នាការ​នៃ​ការ​កើន​ឡើង​នៃ​ការ​នាំ​ចូល​សម្ភារៈ​សំ​ណង់​ និង​គម្រោង​សាង​សង់​នានា​ដែល​ទទួ​ល​បាន​ការ​អនុ​ម័ត​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​។ ចំណែក​វិស័យ​ទេសចរណ៍​ ភ្ញៀវទេសចរបរទេសបាន​បន្ត​កើន​ឡើង​ជា​លំដាប់​ ជា​ពិសេស​មក​កាន់​តំបន់​ឆ្នេរ​ និង​ក្នុង​គោល​បំណងមក​ធ្វើ​​ធុ​រៈ​កិច្ចនៅកម្ពុជា​​។​

សម្រាប់​វិស័យ​កាត់​ដេរ​សំលៀក​បំពាក់ និង​ស្បែក​ជើង​​ រោង​ចក្រ​ស្ទើ​រតែ​ទាំង​អស់​នៅ​តែ​មាន​ដំណើរ​ការ​ជាប្រ​ក្រតី​ ហើយ​កម្មករ​-កម្មការិនី​នៅ​តែ​បន្ត​មាន​ការ​ងារ​ធ្វើ​ និង​ទទួល​បាន​ប្រាក់​ឈ្នួល​ជាធម្មតា​។ ទោះ​ជាយ៉ាង​ណា​ ក៏​អាច​មាន​រោង​ចក្រ​កាត់​ដេរ​មួយ​ភាគ​តូច​ប៉ុណ្ណោះ​ដែលនឹង​​ត្រូវ​ផ្អាក​សកម្មភាព​មួយរយៈពេល​​ខ្លី​នៅ​ក្នុង​ខែ​មីនា​ខា​ង​មុខ​ ដោយហេតុ​ថា​វត្ថុ​ធាតុ​ដើម​សម្រាប់​ការ​ផលិត ​ផ្គត់​ផ្គង់​មិន​ទាន់​ពេល​វេលា​ដោយ​សារ​វិបត្តិ​នៃ​ការ​រាត​ត្បាត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ (COVID-19) ​នៅ​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​សេចក្តី​​ជូន​​ដំណឹង​​របស់​​សមា​គម​​រោង​​ចក្រ​​កាត់​​ដេរ​នៅ​​កម្ពុជា​(GMAC)។​ ប៉ុន្តែ​ បើ​តាម​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដែល​បាន​ផ្សាយ​នាពេល​ថ្មី​បំផុត​​​បាន​បញ្ជាក់​ថា៖ «រោង​ចក្រ​ធំៗ​នៅ​​ប្រទេស​​ចិន​​​ដែល​​ផលិត​​វត្ថុ​ធាតុ​​ដើម​​​ជាពិសេស​ក្រណាត់​ សម្រាប់​​នាំ​ចេញ​បាន​បើក​ដំណើរ​ការ​ផលិត​​កម្ម​ឡើង​​​វិញ​​ហើយ​​»​ ដូច្នេះ​ វត្ថុ​ធាតុ​ដើមសម្រាប់ផ្គត់​ផ្គង់​​រោង​ចក្រនៅកម្ពុជា​អាច​នឹង​នាំ​មក​ដល់​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​នេះ​ជាមិន​ខាន​ ហើយ​រោង​ចក្រ​មួយ​ចំនួន​តូច​ដែល​ថា​នឹង​ត្រូវ​​ផ្អាក​សកម្មភាព​នោះ​នឹង​អាច​ដំណើរ​​ការ​​ជាប្រ​ក្រតី​​ឡើង​​វិញ​ជាធម្មតា​។

រីឯស្ថាន​ភាព​សេដ្ឋ​កិច្ច​រស់​នៅ​ប្រចាំ​ថ្ងៃរបស់​ប្រជាពលរដ្ឋ​ និង​​នៅ​ក្នុង​​សង្គ​ម​​កម្ពុជា​​ក្រោយ​​មាន​​ការ​​​សម្រេច​​ថា​នឹង​ព្យួរ​ EBA ​​​​​​​នៅ​ពេល​ខាង​មុខ​នោះ​គឺ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ជា​ធម្មតា​ដដែល​គ្មាន​អ្វី​ប្រែប្រួល​នោះ​ឡើយ​។ ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​រក​ស៊ី​ប្រកប​អាជីវកម្ម​របស់​ខ្លួន​ប្រចាំ​ថ្ងៃ​ដោយ​គ្មាន​ការ​ព្រួយ​បារម្ភអ្វី​ឡើយ​។​ ប្រាក់​រៀល​នៅ​តែ​មាន​លំនឹង​នៅលើ​ទី​ផ្សារ​គួរ​ឱ្យ​មាន​ទំនុក​ចិត្ត​ តម្លៃ​ទំនិញ​សព្វ​សារពើ​នៅ​តែ​អាច​គ្រប់​គ្រង​បាន​ តម្លៃ​ប្រេង​ឥន្ធនៈ​ តម្លៃ​អគ្គិសនី​ និង​ទឹក​ស្អាត​ក៏​គ្មាន​ការ​ប្រែប្រួល​។ល។​

ដោយ​ឡែក​ ស្ថាប័ន​រដ្ឋ​គ្រប់​ផ្នែកកំពុង​តែ​មាន​និរន្តរភាព​ជាធ​ម្មតា​។​​​ សិស្ស​ និស្សិត​នៅ​តែ​ទៅ​បន្ត​ការ​សិក្សា​នៅ​តាម​សាលារៀនជារៀង​រាល់​ថ្ងៃ​ដោយ​គ្មាន​ការ​ព្រួយ​បារម្ភ​អ្វី​ទាំង​អស់​។​​ មន្ត្រី​រាជ​ការ កង​កម្លាំង​​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​​សុទ្ធ​​តែកំពុង​បំពេញ​ភារៈ​កិច្ចនៅ​តាម​មន្ទីរ​ ក្រសួង​របស់​ខ្លួន​ និង​ទទួ​ល​បាន​​​​ប្រាក់​បៀវត្ស​យ៉ាង​សម​រម្យ​ និង​បើក​យ៉ាង​ទៀង​ទាត់​នៅ​រៀង​រាល់​ពីរ​សប្តាហ៍​ម្តង​។​​​​​

ដូច្នេះ​ បើទោះបីជាមាន​ការ​បាត់បង់​ផ្នែក​​ខ្លះ​​នៃ​​EBA​ ឬ​​ក៏​បាត់​បង់​​ទាំង​ស្រុង​ក្តី​ ក៏​សេដ្ឋកិច្ច​កម្ពុជា​មិន​ដួល​រលំ​ដែរ​ យ៉ាង​ច្រើន​​បំផុត​​គឺ​​អាច​ត្រឹម​​តែ​​បន្ថយ​​ល្បឿន​នៃ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​តែ​ប៉ុណ្ណោះ​​។ ក៏ប៉ុន្តែបញ្ហានេះ វាបានក្លាយជាឱកាសសម្រាប់ប្រជាជាតិកម្ពុជាទាំងមូលក្នុងការខិតខំប្រឹងប្រែងស្វែងរកទីផ្សារថ្មី ដែល​អនុគ្រោះ អំណោយផលសម្រាប់ផលិផលរបស់ខ្លួន ក៏ដូចជាការពង្រឹងសមត្ថភាព គុណភាព និងបរិមាណនៃការផលិតផងដែរ។ ទន្ទឹមគ្នានេះដែរ ​ពលរដ្ឋខ្មែរ​គ្រប់​គ្នា​នឹងមាន​ឱកាស​បង្កើន​ជីវភាព​កាន់​តែ​ប្រសើរ​ពី​មួយ​ឆ្នាំ​ទៅ​មួ​យ​​ឆ្នាំ។​ នៅពេល​ដែល​ប្រជាពលរដ្ឋ​មាន​ជីវភាព​កាន់​តែ​ប្រសើរ ទំនិញ​សព្វសារ​ពើ​លក់​កាន់​តែ​ដាច់​ ការ​​នាំ​ចេញ​​ និង​​ការ​​នាំ​​​ចូ​ល​​កាន់​​​តែ​​​កើន​ឡើង​​​ រី​ឯ​កម្លាំង​ផលិត​កម្មក្នុ​ងស្រុក​ក៏​កាន់​​តែ​ខ្លាំង​ដែរ​។​ ទាំង​នេះ​ជា​ចលក​រ​ដែល​ជំរុញ​ឲ្យ​ចំណូល​សេដ្ឋកិ​ច្ចជា​តិ​​កើន​ឡើង​ទៅ​តា​មនោះ​ដែ​រ។ មាន​ន័យ​ថា​ បើ​​ទោះបី​​ជា​​មាន​​ការ​​​​ព្យួរ​ផ្នែក​​ខ្លះ​ ​ឬ​​ទាំង​​ស្រុង​​ នៃ​​EBA​ក៏​​ដោយ​​ ​ក៏​ស​ង្គម​​កម្ពុជា​នៅ​​តែ​​មាន​​ប្រក្រតីភាព​ដដែល​​ ហើយ​ប្រជាពលរដ្ឋ​កម្ពុជា​រឹត​តែ​ខិត​ខំ​ប្រកៀក​ស្មាគ្នា​ ក្រោក​ឈរ​ឡើង​ជ្រោង​ខ្ពស់​នូវ​សាមគ្គី​ជាតិ​ដើម្បី​ប្រទេស​កម្ពុជា​មួយ​ ឯករាជ្យ​ អធិបតេយ្យ​ និង​មាន​សេដ្ឋកិច្ច​កាន់​តែ​រីក​ចម្រើន​នាពេល​អនាគត​៕​​

 ដោយ​៖​ ពង្ស​ សុក្រឹត្យ

ចែករំលែក

បញ្ចេញយោបល់