លោក Jack Ma៖ មនុស្សភាគច្រើនបរាជ័យដោយសារគេខ្វះរបស់ទិព្វទាំង៤នេះ!

ថ្ងៃសុក្រ ទី ១០ កុម្ភៈ ២០១៧​
143

មហាសេដ្ឋីទី១របស់ចិន លោកJack Ma ជាស្ថាបនិករបស់ក្រុមហ៊ុនលក់ដូរទំនិញ Online ដ៏ធំឈ្មោះ Alibaba។ លោកជាបុគ្គលជោគជ័យដ៏គួរឱ្យកោតសរសើរម្នាក់ ដែលអភិវឌ្ឍខ្លួនពីគ្រូបង្រៀនភាសាអង់គ្លេសនៅទីជនបទដ៏សាមញ្ញ មកជាមហាសេដ្ឋីជំនួញផ្នែកបច្ចេកវិទ្យាដ៏អស្ចារ្យជាងគេម្នាក់នៅចិន។

ប៉ុន្តែទម្រាំបានប៉ុណ្ណេះ ប្រវត្តិនៃការបង្កើតអាជីវកម្មរបស់លោកមានភាពជូរចត់បន្តិច។ លោក Jack Ma និយាយថា ខ្លួនលោកដែលធ្លាប់តែកាន់ប៉ិច កាន់ដី”ស” មកបង្រៀនសិស្ស តែបែរជាប្រែក្លាយជាអ្នករកស៊ីខាងបច្ចេកវិទ្យាវិញនោះ គឺវាមិនងាយស្រួលឡើយ។ លោកបង្ហើបថា លោកទទួលបរាជ័យច្រើនពេកហើយក្នុងជីវិតនេះ ព្រោះលោកទទួលបានការមើលងាយ និងជំទាស់ពីអ្នកដទៃ ច្រើនស្ទើររាប់មិនអស់ ក្នុងការរកស៊ីបែបទីផ្សារអ៊ីនធើណិតទាំងដែលលោកមិនដែលស្គាល់ថា អ្វីជាអ៊ីនធឺណិត ហើយអ្វីជា Website ផងនោះ។ ប៉ុន្តែលោកបានប្ដេជ្ញាចិត្តជម្នះឧបសគ្គទាំងនោះ រហូតលោកបានឈរនៅទីនេះ។

មហាសេដ្ឋីរូបនេះ បាននិយាយពីដំណើរ នៃចាប់កំណើត Alibaba របស់ខ្លួនថា ដំបូងឡើយនៅឆ្នាំ១៩៩៥ លោកមានសំណាងបានទៅកាន់សហរដ្ឋអាមេរិក ដែលពេលនោះហើយបានធ្វើឱ្យលោកស្គាល់អ៊ីនធើណិតជាលើកដំបូង។ បើទោះជាលោកមិនដឹងថា អ៊ីនធើណិតដំណើរការបែបណា Website ដំណើរការដូចម្ដេច និងមិនដឹងពីការសរសេរ Code បែបណាក៏ដោយ ក៏ប៉ុន្តែលោកបានប្រមើលមើលឃើញថា វិស័យអ៊ីនធើណិត នឹងមានភាពជឿនលឿនទៅថ្ងៃអនាគត ហើយក៏លោកមានគំនិតយ៉ាងមុតមាំមួយចង់រកស៊ីជុំវិញវិស័យនេះ។

ហេតុនេះហើយ នៅឆ្នាំ១៩៩៩ ពេលដែលលោកបានត្រលប់មកស្រុកចិនវិញ លោកក៏បានកៀរគរមិត្ត២៤នាក់ ដែលមានអ្នកខ្លះចេះផ្នែកនេះ និងអ្នកខ្លះក៏អត់ចេះ មកអង្គុយនិយាយគ្នានៅផ្ទះលោក ក្នុងគោលបំណងចូលរួមបង្កើតអាជីវកម្មនេះរួមគ្នា។ ប៉ុន្តែក្នុងរយៈពេល២ម៉ោងនេះនៃពិភាក្សាគ្នានោះលោកថា ក្នុងចំណោមមិត្តភក្ដិទាំង២៤នាក់ របស់លោកនោះ មានតែម្នាក់ប៉ុណ្ណោះ ដែលគាំទ្រគំនិតលោក ចំណែក២៣នាក់ មិនគាំទ្រឡើយ។ ពួកគេបានលើកហេតុផលជំទាស់ច្រើនរាប់មិនអស់។ ពួកគេថាឱ្យលោកថា មិនចេះអ្វីទាក់ទងនឹងអ៊ីនធើណិតផង មិនអាចរកស៊ីផ្នែកនេះបានទេ “កុំយកលុយទៅបោះចោលអី” ។

លោកJack Ma ថា “ហើយមិនមែនតែមិត្តភក្ដិខ្ញុំទាំង២៣នាក់នេះទេ នៅមានគ្រួសារខ្ញុំទៀត។ ពួកគេមិនគាំទ្រខ្ញុំឡើយ”។ យ៉ាងណាខ្ញុំនៅមានមិត្តភក្ដិម្នាក់គាំទ្រខ្ញុំ គេនិយាយថា “បើសិនជាអ្នកចង់ធ្វើវាទៅហើយធ្វើទៅ ព្យាយាមធ្វើទៅ”។ ជាមួយគ្នានេះ ខ្ញុំបានប្រកាន់ពាក្យក្នុងចិត្តមួយថា “No matter what one does, regardless of failure or success, the experience is a form of success in itself – មានន័យថា មិនថាបរាជ័យ ឬជោគជ័យទេ អ្វីដែលមនុស្សយើងធ្វើ គឺសុទ្ធតែជាបទពិសោធន៍”។ លោក Ma ថា លោកតែងនិយាយប្រាប់ខ្លួនឯងថា “You have got to keep trying, and if it doesn’t work, you always can revert back to what you were doing before- អ្នកត្រូវតែរក្សាការតស៊ូជាដាច់ខាត ហើយប្រសិនជាអាជីវកម្មនេះមិនដើរ អ្នកនៅតែអាចត្រឡប់ក្រោយវិញបាន”។

ជាកុសល ការតស៊ូពិតជាបង្ហាញលទ្ធផលដ៏គួរឱ្យមោទនៈមែន ដោយសារក្រោយមកលោកក៏បានការគាំទ្រពីមិត្តភក្ដិ១៧ផ្សេងទៀត ហើយចូលគ្នាលុយគ្នា ប្រមូលបានដើមទុនចំនួន៦ម៉ឺនដុល្លារ ក៏សរសេរ Website និងបើកក្រុមហ៊ុនមួយគឺ Alibaba នេះឡើងតែម្ដង។ ទីបំផុតសុបិន្តរបស់លោកបានក្លាយជាការពិត ដោយ Alibaba ពិតជារីកចម្រើនខ្លួនលើសពីការរំពឹងទុក ហើយវាមានរកលុយឱ្យវិញរាប់ពាន់លានដុល្លារ ដែលធ្វើឱ្យលោកក្លាយអ្នកមានជាងគេបំផុតនៅចិន។

បន្ទាប់ពីមានរឿងរាវដ៏សែនវែងឆ្ងាយ ទើបមកដល់ពេលនេះលោក Jack Ma និយាយថា លោករកឃើញមនុស្សភាគច្រើនបរាជ័យដោយសារខ្វះនូវចំណុចទាំង៤នេះ គឺ៖
១. គ្មានចក្ខុវិស័យសម្លឹងមើលឱកាសនៅពេលអនាគត (Being myopic to opportunity)
២. មើលងាយឱកាស (Looking down on opportunities )
៣. គ្មានចំណេះដឹង ខ្វះការស្វែងយល់ឱ្យបានហ្មតចត់ (Lacking understanding)
៤. មិនសកម្ម ឬមិនតស៊ូបញ្ចេញសកម្មភាពឱ្យបានឆាប់រហ័សទាន់ពេលវេលា (Failing to act quickly enough)

ជាមួយគ្នានេះ លោក Jack Ma ក៏មានសម្ដីមួយឃ្លាទៀតផងដែរ ឱ្យមនុស្សជំនាន់ក្រោយគិត និងប្រឹងប្រែងកុំបង្អង់ ដោយលោកនិយាយថា “If you’re still poor at 35, you deserve it! – ប្រសិនបើអាយុ៣៥ឆ្នាំហើយអ្នកនៅតែក្រទៀតនោះ អ្នកសមមុខហើយ” មានន័យថា នៅមុនអាយុ៣៥ឆ្នាំ ទាន់ខ្លួននៅក្មេង មនុស្សគ្រប់គ្នាត្រូវតែខំប្រឹងប្រែង ដើម្បីធ្វើយ៉ាងណាឱ្យខ្លួនឯងមានជីវិតភាពធូរធារឡើង តែក្រោយអាយុ៣៥ឆ្នាំ ហើយនៅតែក្រទៀតនោះ គឺពិបាកក្លាយជាអ្នកមាននឹងគេណាស់៕

ប្រភព៖ Khmer Press

NEW YORK, NY – SEPTEMBER 23: Executive Chairman of the Alibaba Group Jack Ma speaks during the “Valuing What Matters” panal discussion during the third day of the Clinton Global Initiative’s 10th Annual Meeting at the Sheraton New York Hotel & Towers on September 23, 2014 in New York City. (Photo by Jemal Countess/Getty Images)
ចែករំលែក

បញ្ចេញយោបល់