បទវិភាគ៖ កម្ពុជាធ្វើមនុស្សធម៌ជួយជនជាតិអឺរ៉ុប និងពិភពលោក បើទោះបីអឺរ៉ុបប្រកាសកាត់ផ្នែកខ្លះនៃ EBA ពីកម្ពុជាក៏ដោយ

ថ្ងៃចន្ទ ទី ១៧ កុម្ភៈ ២០២០​
23

រយៈពេល ២៤ ម៉ោងក្រោយពីគណៈកម្មាធិការអឺរ៉ុបសម្រេចដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជា (EBA) ដែលប៉ះពាល់ដល់ការបង់ពន្ធលើការនាំចូលទំនិញកម្ពុជាប្រមាណ ២០% ចូលក្នុងទឹកដីអឺរ៉ុបជាបណ្តោះអាសន្ន នៅថ្ងៃទី១៣ ខែកុម្ភៈ សហភាពអឺរ៉ុបដដែលនេះបានថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជាដែលបានជួយប្រជាជនដែលមានប្រភពមកពី២០ប្រទេសនៃសមាជិកសហភាពអឺរ៉ុប ដែលស្ថិតនៅលើនាវាទេសចរណ៍យក្សដែលចូលមកចតនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ។ នាវាទេសចរណ៍យក្សដែលត្រូវបានប្រទេសចំនួន ៤ និងកោះ ២ បដិសេធមិនឱ្យចូលចតដោយ សារតែមានការរើសអើង និងភ័យខ្លាចការឆ្លងវីរ៉ុសកូរ៉ូណាដល់ប្រជាជនខ្លួន ប៉ុន្តែក្រោមបុព្វហេតុមនុស្សធម៌ និងសាមគ្គីភាពអន្តរជាតិប្រឆាំងនឹងការរាតត្បាតនៃវីរ៉ុសកូរ៉ូណាថ្មី និងការទទួលខុសត្រូវ ប្រទេសកម្ពុជាតាមរយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសម្រេចអនុញ្ញាតឱ្យនាវាទេសចរណ៍យក្ស Westerdam ចូលចតនៅកំពង់ផែអន្តរជាតិព្រះសីហនុនៅថ្ងៃទី១៣ ខែកុម្ភៈ នេះជាការសម្រេចចិត្តប្រកបដោយ មនុស្សធម៌ និងគុណធម៌ខ្ពស់ដែលមេដឹកនាំកម្ពុជាបាន ធ្វើដោយមិនបានគិតថាប្រទេសមួយចំនួននៃជនជាតិ ដែលនៅជាប់លើនាវានេះកំពុងដាក់គំនាបមកលើ កម្ពុជា ឬព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្លាប់រំលោភលើអធិបតេយ្យភាពកម្ពុជាពីអតីតកាលឡើយ។

សម្រាប់ជាតិនិងប្រជាជនកម្ពុជាជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានស្គាល់ច្បាស់ពីតម្លៃនៃគុណធម៌ និងតម្លៃនៃជីវិតមនុស្សក្នុងនាមសម្តេចជាមេដឹកនាំដែលយកជីវិតធ្វើដើមទុនសង្គ្រោះជីវិតប្រជាជន ការជួយសង្គ្រោះជីវិតអ្នកដំណើរពីក្តីអស់សង្ឃឹម ប្រឈមមុខនឹងការខ្វះស្បៀង នាវាអស់ប្រេងជាដើមគឺជាការងារអាទិភាពរបស់ខ្លួនជាង ហើយទោះក្នុងតម្លៃណា ក៏ត្រូវខិតខំជួយសង្គ្រោះឱ្យបាន។ កាន់តែបង្ហាញភាពកក់ក្តៅជាងនេះទៅទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅស្វាគមន៍អ្នកដំណើរទាំងអស់ដោយផ្ទាល់ នៅខេត្តព្រះសីហនុកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ថែមទៀត។ ១៤ ខែកុម្ភៈជាទិវានៃក្តីស្រឡាញ់ ដែលសម្តេចតេជោបង្ហាញពីមនោសញ្ចេតនាគោរព ស្រឡាញ់ក្នុងនាមជាមនុស្សជាតិដូចគ្នា ព្រមទាំងបង្ហាញភាពកក់ក្តៅ និងផ្តល់ជំនឿទុកចិត្តកាន់តែខ្លាំងទៀត និងក្នុងនាមជាម្ចាស់ផ្ទះថាកម្ពុជាមិនមែនមិនត្រឹមតែផ្តល់ការជួយសង្គ្រោះនោះទេ ប៉ុន្តែផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ខណៈអ្នកផ្សេងទៀតបង្ហាញការភ័យខ្លាចនិងរើសអើងពួកគេ ទាំងពួកគេមិនមានបញ្ហាសុខភាពដូចគេព្រួយបារម្ភផងនោះ។

សម្តេចតេជោ ហ៊ុន សែន ត្រូវបានពិភពលោកមើលឃើញនិងវាយតម្លៃថាជាមេដឹកនាំដ៏សកម្មម្នាក់ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងវីរ៉ុសកូរ៉ូណាថ្មីនេះ។ ខណៈការរើសអើងមានខ្លាំងចំពោះជនជាតិចិនដោយជនមួយ ចំនួនស្តីបន្ទោសប្រទេសចិនថាជាអ្នកបង្កើតបញ្ហាឡើង ហើយគ្មាននរណាចង់ទៅជាន់ទឹកដីប្រទេសចិនឡើយគឺមានតែមេដឹកនាំកម្ពុជាតែមួយគត់ដែលបានដឹក​នាំគណៈប្រតិភូនៃរាជរដ្ឋាភិបាលទៅលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តដល់ថ្នាក់ដឹកនាំនិងប្រជាជនចិនដោយផ្ទាល់តែម្តងដោយគ្មានការខ្លាចញញើតមេរោគនេះឡើយ។ សម្តេចតេជោ ហ៊ុន សែ​ន បានថ្លែងថាវីរ៉ុសកូរ៉ូណាមិនមានអ្វីគួរព្រួយបារម្ភឡើយ អ្វីដែលព្រួយបារម្ភគឺការភ័យខ្លាចនិងការរើសអើង។ សម្តេចតេជោបានលើកឡើងថា៖ «ដោយសារតែកម្ពុជាមានសន្តិភាពទើប ខ្ញុំហ៊ាន សម្រេចចិត្តទទួលយកនាវាទេសចរណ៍ដ៏ធំដែលគ្មានកន្លែងចូលចតឱ្យមកចូលចតនៅកំពង់ផែក្រុងព្រះសីហនុដើម្បីជួយដល់អ្នកដែលស្ថិតនៅលើនាវា អស់រយៈពេល១៣ថ្ងៃមកហើ​យឱ្យយបានវិលត្រឡប់ទៅប្រទេសពួកគេវិញដោយសុវត្ថិភាព»។ សូម្បីតែ អង្គការសុខភា​ពពិ​ភពលោកនិងប្រទេសនានា ដែលមានពលរដ្ឋខ្លួនស្ថិតនៅលើនាវាដែលបានផ្តល់នូវការជឿទុ​កចិត្តដល់កម្ពុជា និងបានថ្លែងអំណរគុណកម្ពុជាយ៉ាងកងរំពង។

ពាក្យចាស់ខ្មែរបានពោលថា «ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងពេលអាសន្ន»។ កម្ពុជាដែលធ្លាប់ហែល ឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម មានជនភៀសខ្លួនត្រូវរត់ឆ្លងប្រទេសពិតជាដឹងច្បាស់ថាមានការលំបាកយ៉ាងណា មានការព្រួយបារម្ភយ៉ាងណា និងមានអារម្មណ៍តប់ប្រមល់និងខ្វាយខ្វល់យ៉ាងណា។ ចំណែកក្រុមគ្រួសារជាទីស្រឡាញ់របស់ពួកគេក៏ពិតជាមានការខ្វល់ខ្វាយពីសុខទុក្ខរបស់សាច់ញាតិខ្លួនដែលនៅលើនាវាយក្សដែលប្រទេសនានាបដិសេធមិនឱ្យចូលចត។ «អរគុណកម្ពុជា! កម្ពុជាដ៏អស្ចារ្យ» ជាពាក្យដែលជនបរទេសរួមទាំងអ្នកនៅលើនាវាបានបន្លឺឡើង ហើយជនជាតិខ្មែរកាណាដាដែលនៅលើនាវានោះស្រែកថា «អរគុណសម្តេច ហ៊ុន សែ​ន!»។ ជនបរទេសដែលស្ថិតនៅលើនាវាយក្សនោះនិងអ្នកផ្សេងទៀតបានថ្លែងតាមបណ្តាញសង្គមថា កម្ពុជាជាប្រទេសសាមញ្ញ ប៉ុន្តែពោរពេញដោយចិត្តបរិសុទ្ធ និងមនុស្សធម៌ ឬកម្ពុជាគឺជាប្រទសដ៏អស្ចារ្យជាមួយនឹងបេះដូងមនុស្សធម៌។ សូមអរគុណកម្ពុជាដែលបានអនុញ្ញា​តឱ្យនាវាទេសចរណ៍ដែលប្រទស ៥ បានបដិសេធមិនឱ្យចូលចត ប៉ុន្តែកម្ពុជាអនុញ្ញាតឱ្យចូលចត។

នេះហើយជនជាតិខ្មែរ ប្រជាជនខ្មែរ ដែលមានបេះដូងស្មោះត្រង់ មនុស្សធម៌ និងតែងតែជួយគ្នានៅរាល់ពេលមានទុក្ខធុរៈ។ អរគុណសម្តេចតេជោដែលបាននាំសន្តិភាព នាំកេរ្តិ៍ឈ្មោះដ៏ល្អជូនជាតិនិងប្រជាជនកម្ពុជាទាំងមូល។ ពេលនេះ កម្ពុជាត្រូវបានគេប្រសិទ្ធនាមថា «ដែនដីនៃក្តីសន្តោសប្រណី»។ សម្តេចតេជោ ហ៊ុន សែន មានការអាណិតស្រណោះអ្នកធ្វើដំណើររាប់ពាន់នាក់ដែលរួមមានទាំងមនុស្សចាស់ ស្រ្តី និងកូនក្មេង ដែលកំពុងជាប់នៅក្នុងនាវាដ៏ធំនេះ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសអ្នកមានទេ ប៉ុន្តែកម្ពុជាមានបេះដូងទូលា​យ ជាមួយទឹកចិត្តសណ្តោសប្រណីមិនរើសអើងពូជសាសន៍ ហើយការជួយគ្នាជាពិសេសក្នុងគ្រាមានអាសន្នបែបនេះគឺគ្មានកម្រិតលើពូជសាសន៍ ឬកម្រិតលើព្រំដែនឡើយ។ នៅក្នុងស្ថានភាពបែបនេះ គឺយើងត្រូវរួមគ្នាផ្តល់នូវក្តីស្រឡាញ់ ជំនឿ ទំនុកចិត្ត និងភាពកក់ក្តៅដល់អ្នកធ្វើដំណើរកុំអោយភ័យតក់ស្លុតអស់សង្ឃឹម។ បើមិនជួយពួកគេ បើមិនឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើប្រទេសមួយចំនួននោះគេបានបិទអស់ហើយ។ សម្តេចតេជោបានបញ្ជាក់ជាច្រើនលើកច្រើនសារមកហើយថា ជំងឺពិតប្រាកដនាពេលនេះ គឺជំងឺភ័យខ្លាចលើសលុប ដែលមិនមែនជាជំងឺកូរ៉ូណាទេ។

ពេលនេះពិភពលោកបានឃើញច្បាស់ហើយថា កម្ពុជាយើងមិនមែនគ្រាន់តែសហការជាមួយមិត្តចិនទេ គឺសហការជាមួយគ្រប់ជាតិសាសន៍ទាំងអស់រួមទាំងសហរដ្ឋអាមេរិក សហភាពអឺ​រ៉ុបផងដែរ គឺយើងរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសាកល ហើយនេះជាសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃនិងគ្មានព្រំដែនដែលប្រកបដោយការទទួលខុសត្រូវខ្ពស់។ អំពើមនុស្សធម៌ រប​ស់​កម្ពុជានេះមិនមានការទាមទារការតបស្នងណាមួយឡើយ ប៉ុន្តែតាមរយៈសកម្មភាពប្រកប​ដោយគុណធម៌ មនុស្សធម៌ដែលកម្ពុជាអាចឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាកាន់តែច្បាស់ដែលថាកម្ពុជាពិតវា ខុសពីកម្ពុជានៅលើបបូរមាត់ឥតគម្របរបស់ក្រុមប្រឆាំងក្បត់ជាតិដែលតែងតែរកលេសមួយរយជំពូកឡើយដើម្បីបំផ្លាញជាតិ។ កម្ពុជាទោះបីជាប្រទេសតូចក្តី ប៉ុន្តែបានផ្តល់គម្រូសាមគ្គីភាព និងសកម្មភាពមនុស្សធម៌អន្តរជាតិដល់ពិភពលោកឱ្យបានឃើញ។

ប្រជាជាតិនៅលើពិភពលោកបានអរគុណដល់កម្ពុជា… ដោយលើកឡើងថា កម្ពុជាជាប្រទេសសាមញ្ញមួយ តែមានបេះដូងដ៏ល្អបរិសុទ្ធ ដែលបានផ្ដល់ឱ្យមនុស្សជាតិផងគ្នា នៅក្នុងគ្រាដ៏លំ​បាកពេលនេះ។ ប្រជាជនកម្ពុជាសូមជូនពរអ្នកធ្វើដំណើរក្នុងនាវាទាំងអស់បានសម្រាកកាយទទួលទានម្ហូបអាហារឆ្ញាញ់ៗ និងសប្បាយរីករាយបន្តទៀតនៅពេលបានមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដែលពោរពេញដោយសុខសន្តិភាពនិងការអភិវឌ្ឍនេះ ហើយសូមមានសុខសុវត្ថិភាពពេលវិលត្រឡប់ទៅវិញ។ កម្ពុជាពិតជារីករាយដែលបានធ្វើសកម្មភាពមនុស្សធម៌ដ៏ធំក្នុងគ្រាដ៏លំបាកនេះ ហើយពលរដ្ឋខ្មែរពិតជាមានមោទនកភាពចំពោះការសម្រេចចិត្តនយោបាយដ៏មានសារៈសំខាន់និងប្រកបដោយការទទួលខុសត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះមុខស្ថានការណ៍ដ៏លំបាកៗទាំងឡាយ។ មិនតែប៉ុណ្ណោះជឿជាក់ថាបរទេសផ្សេងទៀតនឹងយល់ពីទឹកចិត្តដ៏បរិសុទ្ធ ស្មោះសរ និងប្រកបដោយគុណធម៌នេះ។ កម្ពុជាអាចបំពេញការងារមនុស្សធម៌ដ៏ធំធេងនេះបានគឺដោយសារតែកម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍពេញលេញ ហើយឈរនៅលើការការពារអធិបតេយ្យជាតិជាធំ៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០

ចែករំលែក

បញ្ចេញយោបល់