ឯកឧត្តម ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី (Zurab Pololikashvili) អគ្គលេខាធិការនៃអង្គការទេសចរណ៍ពិភពលោក (UNWTO) បានផ្ញើលិខិតកោតសរសើរជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ថ្ងៃសៅរ៍ ទី ១៥ កុម្ភៈ ២០២០​
19
 
(តាមរយៈលិខិតចុះថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ)
 
លិខិតកោតសរសើរចំពោះកម្ពុជា
 
ខ្ញុំសូមសំដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅបំផុត ក្នុងនាមអង្គការទេសចរណ៍ ពិភពលោកជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាដែល បានឆ្លើយតបប្រកបដោយ មនុស្សធម៌គួរឲ្យកត់សំគាល់ចំពោះស្ថានភាពដ៏លំបាក់នៃ នាវាទេសចរណ៍ MS Westerdam ដោយបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងអនុញ្ញាតឲ្យចុះចតនៅកំពង់ផែខេត្តព្រះសីហនុ បើទោះបីជាស្ថិតក្នុងស្ថានភាពនៃការភ័យខ្លាចនៃជំងឺវីរុសកូរ៉ូណាក៏ដោយ។
 
ដូចយើងទាំងអស់គ្នាបានដឹង ហើយថា ការរីករាលដាលនៃជំងឺវីរ៉ុសកូរ៉ូណានាពេលបច្ចុប្បន្ននេះ គឺជាប្រភពនៃការព្រួយបារម្ភចំពោះសហគមន៍អន្តរជាតិ ហើយការខិតខំប្រឹងប្រែងដើម្បីទប់ទល់ការឆ្លងនៃជំងឺ និងការបង្កើតនូវការព្យាបាល មួយ គឺជាការងារបន្ទាន់ ចាំបាច់ដែលត្រូវដឹកនាំអនុវត្តដោយអង្គការសុខភាពពិភពលោក (WHO)។ រដ្ឋាភិបាលចិនបាននិងកំពុងចាត់វិធានការដោយប្រុងប្រយ័ត្នស្មើដៃគ្នា ព្រមជាមួយនឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយអង្គការសុខភាពពិភពលោក និងដៃគូពាក់ព័ន្ធនានាដើម្បីទប់ទល់ទៅនឹងការរាតត្បាតនៃជំងឺនេះ។
 
អង្គការទេសចរណ៍ ពិភពលោកក៏កំពុងពិនិត្យ យ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្តន៍នៃជំងឺវីរ៉ុសកូរ៉ណា នេះ តាមរយៈកិច្ចប្រជុំជាប់ជាប្រចាំជាមួយអង្គការសុខ ភាពពិភពលោក ហើយយើងមានសេចក្តីរីករាយដែល បានដឹងថា អត្រានៃការឆ្លងជំងឺនេះមានការថយចុះ។
 
យើងពិតជាមានមោទនភាពណាស់ចំពោះការបង្ហាញ ចេញរបស់កម្ពុជានូវសាមគ្គីអន្តរជាតិដែលនឹង លើកទឹកចិត្តដល់ប្រទេសផ្សេងៗទៀតអោយធ្វើតាម និងផ្តល់នូវការជួយគាំទ្រដ៏ចាំបាច់ជាច្រើននៅពេលណាដែលមានតម្រូវការ។
 
ខ្ញុំសូមគូសបញ្ជាក់ជាថ្មីម្តងទៀតថា អង្គការទេសចរណ៍ ពិភពលោកសូមកោតសរសើរដោយ ស្មោះចំពោះសេចក្តីក្លាហាន និងការបង្ហាញយ៉ាងកក់ក្តៅនូវក្តីស្រលាញ់ជាលក្ខណៈ បងប្អូនជូនចំពោះអ្នកដំណើរជាងពីរពាន់នាក់ដែលកន្លងមកនៅតែលតោល នៅលើសមុទ្រ។
 
សូមសម្តេចតេជោនាយក រដ្ឋមន្ត្រី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំ។
 
ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី (Zurab Pololikashvili)
 
ចម្លងជូន : ឯឧ បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
ចែករំលែក

បញ្ចេញយោបល់