សវនករស្ថាប័នធានាគុណភាពជប៉ុន (JQA) បង្ហាញថា ប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា ពុំមានភាពមិនអនុលោមនោះឡើយ

ថ្ងៃសៅរ៍ ទី ១៥ កុម្ភៈ ២០២០​
7

អស់រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដែលសវនករស្ថាប័នធានាគុណភាពជប៉ុន (JQA) ធ្វើសវនកម្មផ្ទៃក្រៅតាមដានការងារបរិស្ថាន-អង្គរ ដើម្បីពិនិត្យវាយតម្លៃតាមនាយកដ្ឋាន អង្គភាពចំណុះនៃអាជ្ញាធរជាតិអប្សរា តាមប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា ថាបានអនុលោមតាមចំណុចទាមទារនៃស្តង់ដារ ISO14001:2015 ដែរឬទេនោះ ជាលទ្ធផលពុំមានឃើញភាពមិនអនុលោមទេ។

នេះបើតាមលើកឡើងរបស់លោក ម៉ាម៉ូរុ យ៉ាម៉ាដា (Mamoru YAMADA) តំណាងស្ថាប័ន JQA ក្នុងឱកាសបិទកម្មវិធីសវនកម្មផ្ទៃក្រៅតាមដានការងារបរិស្ថាន-អង្គរ នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ម៉ាម៉ូរុ យ៉ាម៉ាដា បន្តថា ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គររបស់អាជ្ញាធរជាតិអប្សរានៅតែបន្តត្រឹមត្រូវតាមចំណុចដែលទាមទារ។ ប៉ុន្តែលោកបានផ្តល់អនុសាសន៍៤ចំណុចសម្រាប់កែលម្អ ដូចជាទំនាក់ទំនងផ្ទៃក្នុង ផ្ទៃក្រៅការកំណត់គោលដៅការងារបរិស្ថាន និងគ្រប់គ្រងកំណត់ត្រានៃការកត់ត្រា ដើម្បីបង្កើនប្រសិទ្ធិភាពប្រើប្រាស់ ISO14001:2015។

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា លទ្ធផលទាំងនេះបង្ហាញឱ្យឃើញពីការខិតខំ និងការចូលរួមរបស់មន្រ្តី-បុគ្គលិកជំរុញបរិស្ថាននៅតាមនាយកដ្ឋាននីមួយៗ រួមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានយកចិត្តទុកដាក់អនុវត្តធ្វើយ៉ាងណាឆ្លើយតបនូវលក្ខខណ្ឌនានាដើម្បីទទួលបានវិញ្ញាប័នបត្រ ISO14001:2015។

លោកបានបញ្ជាក់ថា ករណីនេះដូចជាវិញ្ញាសារប្រឡងមួយ កម្រនឹងមានភាពឥតខ្ចោះណាស់ តែងមានកំហុសមួយចំនួន តែវាមិនធ្ងន់ធ្ងរដែលមិនអាចកែសម្រួលបានទេ យើងត្រូវទទួលស្គាល់កំហុស ដើម្បីដឹងនូវចំណុចខ្វះខាតរបស់ខ្លួន។ លោក ក៏បានថ្លែងអំណរគុណចំពោះសវនករស្ថាប័នធានាគុណភាពជប៉ុន (JQA) លោក ម៉ាម៉ូរុ យ៉ាម៉ាដា ដែលបានខិតខំបំពេញការងារនឹងលះបង់ពេលវេលាមកវាយតម្លៃប្រកបដោយវិជ្ជាជីវៈនិងសុក្រិតភាព ឆ្លុះបញ្ចាំងការពិតជាក់ស្តែង ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តទៅតាមគោលនយោបាយរបស់ស្ថាប័នធានាគុណភាពជប៉ុន(JQA) ៕


ចែករំលែក

បញ្ចេញយោបល់