ទស្សនៈមិត្តអ្នកអាន៖ សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ ទោះមាន ឬគ្មាន EBA!

ថ្ងៃព្រហស្បតិ៍ ទី ១៣ កុម្ភៈ ២០២០​
18

ការសម្រេចព្យួរផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ ឬ EBA របស់សហភាពអឺរ៉ុបចំពោះប្រទេសកម្ពុជាចំនួន ២០% ដោយ​នៅ​រក្សា​ទុករហូត​ដល់​ទៅ​​ ៨០% គឺមិន​បាន​ធ្វើ​ឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ដែលកំពុង​មានកំណើន​ជា​រៀ​ង​រាល់​ឆ្នាំ​នោះ​ឡើយ។​ និយាយ​ដោយ​សាមញ្ញ ទោះបាត់​ EBA ទាំង​ស្រុង​ក៏ដោយ​ចុះ ក៏មិន​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជាជួប​ហានិភ័យ ឬ​ដួលរលំបាន​ដែរ ប៉ុន្តែ​វា​គ្រា​ន់​តែ​បន្ថយ​ល្បឿន​នៃកំណើន​​សេដ្ឋកិច្ច​កម្ពុជា​​​បន្តិច​ប៉ុណ្ណោះ។​ បញ្ហា EBA មិន​មែន​ជា​រឿង​ថ្មី​​ដែលធ្វើឲ្យយើងមានការព្រួយបារម្ភនោះ​ទេ ពីព្រោះថា នៅ​ថ្ងៃណា​មួយ​ ​គង់តែសហភាព​អឺរ៉ុប ​លែង​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ដល់ទំនិញ​របស់​​ប្រទេសកម្ពុជា​ នៅ​ពេល​ដែលកម្ពុជា​ខ្លួន​ឯងមាន​កំណើន​សេដ្ឋកិច្ច​ចេះ​តែកើន​ឡើង ហើយ​ឆ្លង​ផុ​ត​ពី​ប្រទេសក្រីក្រឈាន​ទៅ​ប្រទេស​អភិវឌ្ឍន៍។

យោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ក៏ដូចជា ធនាគារពិភពលោក(WB) ធនាគារអភិ​វឌ្ឍន៍​អាស៊ី(ADB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ជាដើម បាន​ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០នេះ អាចមានចន្លោះពី ៦,៥-៦,៨% ធ្លាក់ចុះពី ៧,១% កាលពីឆ្នាំ២០១៩។ ការព្យាករណ៍នេះទៀតសោត មិនបានរាប់បញ្ចូល​​ EBA ​នោះឡើយ មានន័យថា កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចចំពោះការប្រឈមណាមួយជុំវិញរឿង EBA នេះ។

​កម្ពុជា ​ស្វាគមន៍សហភាព​អឺរ៉ុប​ក្នុង​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះពន្ធ​ដល់​ប្រទេសកម្ពុជា ដែល​ជា​ប្រទេសកំពុង​អ​ភិវឌ្ឍន៍។ ដោយ​មិន​និយាយ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នយោបាយ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​រ​បស់​សហភាព​អឺរ៉ុប​នេះ បាន​រួម​​ចំណែក​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា និង​ក៏​បាន​ផ្តល់​ការងារ​ដោយ​ផ្ទាល់​ដល់​ប្រជាពលរដ្ឋកម្ពុជា​ផង​ដែរដោយ​សារ​តែកម្ពុជា ​បាន​គោរព​តាម​លក្ខខណ្ឌ​ការ​ងារ​ដែល​សហភាពអឺរ៉ុប​តម្រូវ​បាន​យ៉ាង​ល្អ​ប្រសើរ ឬអា​ច​​​និយាយ​បាន​ថា​ ល្អ​ជាង​ប្រទេស​នៅក្នុង​តំបន់​ និង​បណ្តា​ប្រទេស​ផ្សេងៗទៀត។​ ដូច្នេះ គេ​មិន​អាច​​យក​រឿង​ប្រ​ជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស មក​ធ្វើ​ជា​របៀប​វារៈនយោបាយ ហើយ​ដាក់​សម្ពាធ​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​បានទេ។ EBA មិនមែនជាឧបករណ៍សម្រាប់​គាប​សង្កត់​នយោបាយ​ទេ តែវា​ជាកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​មួ​យ​ប៉ុណ្ណោះ ដែល​ដាច់​ខាត​គេ​មិន​ត្រូវ​យក​វា​មក​ធ្វើ​ជា​ឈ្នាន់​នយោបាយ​កេង​ចំណេញ​ម្តងហើយ​ម្តងទៀត​នោះ​​​ឡើយ។

​ជាការពិត​ ការ​ផ្តល់​ភាពអនុគ្រោះ​ពន្ធ​ដល់​ទំនិញ​កម្ពុជានាំ​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប​ វា​គ្រាន់​តែជា​ចំណែក​តូច​នៃ​កម្លាំង​ចលករសេដ្ឋកិច្ច​កម្ពុជា​ ហើយ​កម្ពុជា ក៏​មិន​រំពឹង​តែទៅ​លើ​ការអនុគ្រោះ​ពន្ធ(EBA) ​​ពី​​សហភាព​អឺរ៉ុបតែមួយ​មុខ​​ដែល​មិន​ស្ថិត​ស្ថេរនេះ​ដែរ ពោល​គឺ​រដ្ឋាភិបាល បានត្រៀម​ខ្លួន​រួច​ជា​ស្រេច​តាំងពី ៤-៥ឆ្នាំ​មុន​មក​ម្ល៉េះ ដែល​គេប៉ាន់​ស្មាន​​​ថា ​EBA នឹងបាត់ទាំងស្រុងនៅឆ្នាំ២០២៤ ឬឆ្នាំ២០២៥ យ៉ាងយូរ។ ​​បញ្ហា​នេះ រាជរដ្ឋាភិបាល​កម្ពុជា ​​បាន​ដាក់​ចេញ​វិធានការឆ្លើយ​តប​​ជាកញ្ចប់ ហើយ​បាន​អនុវត្តជា​បន្ត​បន្ទាប់​រហូត​មកដល់​ពេល​នេះ និ​ង​​ទៅអនាកតដើម្បី​កំណើន​សេដ្ឋកិច្ច​ជាតិ​។​

ត្បិតថា EBA បានជួយសម្រួលដល់ទំនិញរបស់កម្ពុជា នាំចូលទៅកាន់សហភាពអឺរ៉ុបដោយរួចពន្ធ តែបើអត់ EBA ​មិនមែនមានន័យថា កម្ពុជាបាត់បង់ទីផ្សារនៅសហភាពអឺរ៉ុបនោះដែរ។ ផ្ទុយទៅវិញ កម្ពុជានៅតែអាចនាំទំនិញទៅកាន់សហភាពអឺរ៉ុបបានដដែល ហើយអាចនាំទំនិញបានច្រើនជាងមុនទៀតក៏ថាបាន វាអាស្រ័យលើតម្រូវការរបស់ប្រជាពលរដ្ឋតាមបណ្តាប្រទេសនៅសហភាពអឺរ៉ុប ដោយយើងគ្រាន់តែបង់ពន្ធទៅលើមុខទំនិញក្នុងចំនួនណាមួយប៉ុណ្ណោះ។ កម្ពុជា មិនមែនធ្វើពាណិជ្ជកម្មតែជាមួយសហភាពអឺរ៉ុបមួយនោះទេ គឺមា​នទីផ្សារធំៗជាច្រើនទៀតដូចជាប្រ​ទេស​​អង់គ្លេស​ ក៏ជាទីផ្សារធំរបស់ប្រទេសកម្ពុជាដែរក្នុងការធ្វើពាណិជ្ជកម្ម ពោ​លគឺទំនិញរបស់កម្ពុជាដែលនាំចេញទៅអឺរ៉ុបពាក់កណ្តាល អាច​នាំចេញទៅប្រទេសអង់គ្លេសបានជាធម្មតា។ ទីផ្សារប្រទេសចិន ដែលជាប្រទេសធ្វើពាណិជ្ជកម្មលេខមួយលើពិភពលោកមានប្រជាជនជាង ១៤០០លាននាក់ ទីផ្សារប្រទេសកូរ៉េខាងត្បូង ទីផ្សារនៅអាស៊ី ពិសេសនៅតំបន់អាស៊ានខ្លួនឯងផ្ទាល់។ ជាងនេះទៀតសោត កម្ពុជា បានពង្រីកទីផ្សារធ្វើពាណិជ្ជកម្មទៅកាន់តំបន់មជ្ឈិមបូព៌ា អាមេរិកឡាទីន និងតំបន់អាហ្វ្រិកជាដើម។ ដូច្នេះ យើងមិនគួរបារម្ភពេកទេ រឿង​ EBA របស់សហភាពអឺរ៉ុបនេះ ពោលគឺយើងត្រូវមើលព្រៃទាំងមូល កុំមើលតែ​ដើ​មឈើមួយដើម។

គួររំលឹក​បន្តិច​ថា ​ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមឆ្នាំ២០១៩ កន្លងទៅនេះ បានដាក់ចេញនូវវិធានការជិត ២០ចំណុច ដើម្បីកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុនឯកជនដែលកំពុងរកស៊ីនៅកម្ពុជា។ ក្នុងនោះរួមមាន ការកែសម្រួលស្ថាប័នគយ ការដកកាំកុងត្រូលចេញពីតាមច្រកព្រំដែន និងការលុបចោលភ្នាក់ងារកម្ពុជានាវាចរ ហៅកាត់ថា កាំសាប ការកាត់បន្ថយការស្កេន(Scan) ទំនិញតាមទូកុងតឺន័រដែលត្រូវដឹកចេញ ឬនាំចូល ជាពិសេសការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើង ការកាត់បន្ថយថ្លៃសេវាលើកដាក់នៅតាមកំពង់ផែ ការដឹកជញ្ជូនតាមផ្លូវទឹក ការកាត់បន្ថយថ្លៃអគ្គិសនី ការអ​ភិវឌ្ឍសហគ្រាសធន់តូច និងមធ្យម ការកាត់បន្ថយថ្ងៃឈប់សម្រាកសម្រាប់បុណ្យជាតិ ការកាត់បន្ថយការចុះធ្វើអធិការកិច្ចនៃស្ថាប័នចម្រុះឲ្យមកនៅក្រោមស្ថាប័នតែមួយ រួមទាំងការលើកលែង និងកាត់បន្ថយការចំណាយលើសេវាកម្មផ្សេងៗទៀត។ ការដាក់ចេញនូវកញ្ចប់វិធានការកំណែទម្រង់នេះ នឹងធ្វើឲ្យវិស័យឯកជនកាត់បន្ថ​យការចំណាយនានា ដែលគិតជាទឹកប្រាក់សរុបជាង ៤០០លានដុល្លារក្នុងមួយឆ្នាំៗ។

​ជារួម​មក​វិញ ​​ការសម្រេចព្យួរ EBA ផ្នែក​ខ្លះ​របស់សហភាព​អឺរ៉ុប មិនមែន​ជាការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​កម្ពុជា​​នោះ​ទេ ផ្ទុយ​​​ទៅវិញ វាជាឱកាសមាសសម្រាប់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកនា​យក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើការកំណែទម្រង់ផ្ទៃក្នុងខ្លួនកាន់តែមានប្រសិទ្ធភាពថែមទៀត ដូចទិសស្លោកដែលលោកនាយករដ្ឋមន្ត្រី បានដាក់ចេញ «កំណែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅ ដោយឈរលើមូលដ្ឋានឯករាជ្យ»។ ការធ្វើកំណែទម្រង់នេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  អនុវត្តតាំងពីអំឡុងសម័យសង្គ្រាមស៊ីវិលមកម៉្លេះ ទើបរដ្ឋាភិបាលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងជាតិផង និងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហមប្រល័យពូជសាសន៍ រហូតឈានដល់ការនាំយកសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍជាតិដូចសព្វថ្ងៃនេះ។ នៅពេលនេះ កម្ពុជា មានសុខសន្តិភាពពេញលេញរយៈពេល ២០ឆ្នាំមកហើយ ជាកត្តាអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេស ហើយក៏ជាឱកាសល្អសម្រាប់ដំណើរការកំណែទម្រង់ខាងក្នុងដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល៕

ដោយ​៖ សុខ សុវណ្ណ​

បញ្ចេញយោបល់