បទវិភាគ៖ សេដ្ឋកិច្ចកម្ពុជាមិនដួលរលំទេទោះជាគ្មាន EBA

ថ្ងៃព្រហស្បតិ៍ ទី ១៣ កុម្ភៈ ២០២០​
15

នៅថ្ងៃទី១២ កុម្ភៈ ឆ្នាំ ២០២០ សហភាពអឺរ៉ុប បានសម្រេចព្យួរផ្នែកខ្លះតែប៉ុណ្ណោះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ហើយការព្យួរនេះក៍មិនបានធ្វើឲ្យប៉ះពាល់អ្វីជាសំខាន់ដល់សេដ្ឋកិច្ចកម្ពុជានោះឡើយ។ ម៉្យាងវីញទៀត ទំនិញកម្ពុជាទាំងនេះក៍នឹងត្រូវចាប់អនុវត្កការបង់ពន្ធនេះនៅខែសីហា ២០២០ឯណោះ។ តាមពិតទៅ រដ្ឋាភិបាលដឹកនាំដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានគិតគូររៀបចំការត្រៀមខ្លួនរួចរាល់បាត់អស់ទៅអស់ហើយ តាំងពី៤~៥ឆ្នាំមុននេះ មកម៉្លេះដើម្បីធ្វើឲ្យ សេដ្ឋកិច្ចរបស់ខ្លួនអាច រស់ដោយកម្លាំងខ្លួនឯងបាន ដោយមិនបាច់ពឹងពាក់លើភាពអាណិតអាសូរ ឬភាពអនុគ្រោះរបស់បរទេស ទៀតនោះឡើយ។

ប្រភពពីផ្ទៃក្នុងរបស់ក្រសួងហិរញ្ញវត្ថុបានបញ្ជាក់ យ៉ាងច្បាស់ថា «រដ្ឋាភិបាលបានត្រៀមខ្លួនជាច្រើនឆ្នាំមកហើយក្នុងការចាក់គ្រឹះសេដ្ឋកិច្ចជាតិ ពីព្រោះរដ្ឋាភិបាលបានដឹងច្បាស់ណាស់ថា ប្រព័ន្ធអនុគ្រោះពន្ធនឹងត្រូវបាត់បង់ជាស្វ័យប្រវត្តិក្នុងពេលឆាប់ៗខាងមុខ ដោយសារកម្ពុជាយើងបានចាកចេញពីស្ថានភាពជាប្រទេសក្រីក្រហើយ និងទទួលបានឋានៈជាប្រទេសដែល មានចំណូលមធ្យមកំរឹតទាបកម្រិតនិងកំពុងត្រៀមខ្លួនក្លាយជាប្រទេសដែល មានចំណូលមធ្យមកំរឹតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០ »។

ខ្ញុំកត់សំគាល់ឃើញដែរថា លោក ហ៊ុន សែន ពិតជាបានគិតគូរ ហ្មត់ចត់ក្នុងការៀបចំចាត់ចែងការគ្រប់គ្រងសេដ្ឋកិច្ចតាំងពីយូរ មកហើយមែន។ ដោយសារតែការត្រៀមខ្លួនជាមុននេះហើយបានជាមកដល់ពេលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន មានភាពហ្នឹងនរក្នុងចិត្ត ហើយជំហររបស់គាត់កាន់តែរឹងមាំម៉ឺងម៉ាត់ដាច់ខាតចំពោះមុខការគំរាមដាក់សម្ពាធទណ្ឌកម្មនិងការព្យួរ EBA នេះ។ ខ្ញុំក៏កត់សំគាល់ឃើញដែរថា ការត្រៀមខ្លួនរបស់ រដ្ឋាភិបាលពិតជាបានទទួលលទ្ធផលផ្លែផ្កាជាច្រើន និងលឿនជាងការរំពឹងទុកទៅទៀត។

ជាក់ស្តែង នៅឆ្នាំ២០១៩ កន្លងទៅនេះ ចំណូលបានកើន ទៅដល់ ២៥% នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងនោះ ជាង ២២% បានមកពីពន្ធដារ។ នេះគឺជាចំណូលខ្ពស់មិនធម្មតា សម្រាប់ប្រទេសតូចមួយដូចកម្ពុជា។ នេះក៏ជាចំណុចខ្លាំងរបស់កម្ពុជាដែលធ្វើការងារសេដ្ឋកិច្ចបានល្អ និងទទួលបានការកោតសរសើរពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិជាច្រើន។ រីឯការចំណាយវិញគឺតិចជាងការគ្រោងទុកជានិច្ច។ បញ្ហានេះសបញ្ជាក់ឲ្យឃើញថា វិន័យថវិការបស់រដ្ឋាភិបាលគឺគ្រប់គ្រងបានល្អពីព្រោះចាយមិនដែលលើស ប៉ុន្តែ ការរកចំណូលវិញគឺតែងតែលើសផែនការរហូតដែលធ្វើឲ្យប្រាក់សន្សំកើនឡើងជានិច្ច។

ឆ្នាំ២០១៩កន្លងទៅនេះ អតិរេកចរន្តបានឡើងដល់ ៨% នៃ GDP គឺលើសពីការគ្រោងទុកដែលមានត្រឹមតែ ២ ឬ៣% នៃ GDP តែប៉ុណ្ណោះ។ ចំណែកឯឱនភាពទូទៅនៃថវិកាជាតិសឹងតែស្មើសូន្យ (០)ក្នុងឆ្នាំ ២០១៩ ខណៈដែលរាល់ឆ្នាំឱនភាពនេះស្ថិតក្នុងរង្វង់ ៣%។ ក្នុងឆ្នាំ២០១៩នេះដែរ កំណើន សេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងរង្វង់ ៧% ដែលជាកំណើនខ្ពស់ជាងគេ មិនត្រឹមតែក្នុងអាស៊ានទេ ប៉ុន្តែ គឺ ខ្ពស់ជាងគេក្នុងពិភពលោកតែម្តង។ ជាពិសេសគឺឆ្នាំ២០១៩ ដែលសេដ្ឋកិច្ចពិភពលោកធ្លាក់ទាំងអស់ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាមិនត្រឹមតែមិនធ្លាក់បែរជាកើនឡើងទៅវិញ។ ក្នុងន័យដូចបាន លើកឡើងខាងដើមនេះ ហើយដែលខ្ញុំយល់ថា លោក ហ៊ុន សែនបានរំពឹងទុកជាមុន រួចស្រេចប្រកបដោយភាពជឿជាក់ថា បើទោះបីជាបាត់EBAទាំងស្រុង ក៏សេដ្ឋកិច្ចកម្ពុជាមិនដួលរលំដែរ យ៉ាងច្រើនបំផុតគឺអាចត្រឹមតែបន្ថយល្បឿននៃសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជាតែប៉ុណ្ណោះ។

ឥឡូវនេះ EBA ត្រូវបានព្យួរតែមួយផ្នែកតូចប៉ុណ្ណោះ ! ដូច្នេះ កង្វល់និងការព្រួយបារម្មអំពីផល ប៉ះពាល់ក៏ស្ថិតនៅក្នុងរង្វង់ដែលរដ្ឋាភិបាលភ្នំពេញអាចគ្រប់គ្រងបានទាំងស្រុង ពីព្រោះវិធានការ ដោះស្រាយទុកជាមុនត្រូវបាន រៀបចំរួចទៅហើយ។

ម្យ៉ាងទៀត ការបាត់បង់ រឺ ព្យួរ EBA មិនមែនជាការបាត់បង់ទីផ្សារនោះទេពោលគឺ ទំនិញគ្រប់យ៉ាងពីស្រុកខ្មែរយើង នៅតែអាចបន្តនាំចូលទៅទីផ្សារអឺរ៉ុបបានដូចធម្មតា ដោយគ្រាន់តែត្រូវបង់ពន្ធដូចគេឯងតែប៉ុណ្ណោះ។ ក្នុងន័យនេះការបាត់បង់ EBA មួយផ្នែកតូច នេះអាចបំពេញមកវិញបាន ដោយមិនចាំបាច់ប្រើកញ្ចប់ថវិកាត្រៀមបម្រុងរបស់រដ្ឋាភិបាលក៏ថាបានដែរដោយគ្រាន់តែបង្កើនភាពប្រកួតប្រជែងឲ្យបានខ្លាំងគឺអាចរក្សាទីផ្សារបានហើយ។ ជាក់ស្តែង ទីផ្សារអង្ករកម្ពុជាទៅ សហភាពអឺរ៉ុបនៅតែអាចរក្សា ហើយកើនឡើងថែមទៀតបានក្រោយពេលដែលអឺរ៉ុបសម្រេចឲ្យយើងបង់ពន្ធ។

ដូច្នេះ គេរំពឹងថា ទីផ្សារផលិតផលសម្លៀកបំពាក់ និងស្បែកជើងពីស្រុកខ្មែរយើងក៏នៅតែអាចនាំចូលទៅអឺរ៉ុបបាន ដដែលទោះជាត្រូវបង់ពន្ធក៏ដោយ។

សូមកត់សម្គាល់ថា ចំណុចខ្លាំងរបស់កម្ពុជា គឺសន្តិភាព និងស្ថិរភាពនយោបាយដែលជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងគ្រប់វិស័យផ្សេងទៀត។ ហេតុដូច្នេះហើយបានជារដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រីហ៊ុន សែន តែងតែផ្តល់តម្លៃខ្លាំងបំផុតដល់សន្តិភាព។ ជាក់ស្តែង ចូលដល់ឆ្នាំ២០២០ នេះ លោកនាយករដ្ឋមន្ត្រីបានលើកពាក្យស្លោកមួយថា «អរគុណសន្តិភាព» ដើម្បីធ្វើជា សូរជួងពញ្ញាក់ស្មារតី ប្រជាពលរដ្ឋខ្មែរឲ្យមើលឃើញពីតម្លៃសន្តិភាព និងកុំឲ្យភ្លេចខ្លួន នាំឲ្យជនជ្រុលនិយមឆក់ឱកាស បង្កចលាចលសង្គម និងទាញ ប្រទេសឲ្យធ្លាក់ក្នុងភាពវឹកវរ ចលាចល ឬក្នុងសង្គ្រាមស៊ីវិលជាថ្ម។ ខ្ញុំក៏បានសង្កេតឃើញថា ពាក្យ «អរគុណសន្តិភាព» នេះត្រូវបានពលរដ្ឋខ្មែរយើងលើកមក និយាយគ្រប់មាត់ដែលជាការឆ្លុះបញ្ចាំងឲ្យឃើញថា ពួកគេពិតជាផ្តល់តម្លៃដល់សន្តិភាព។

ដោយសារសន្តិភាព ពលរដ្ឋខ្មែរគ្រប់គ្នាមានឱកាសបង្កើនជីវភាពកាន់តែប្រសើរពីមួយឆ្នាំទៅមួយ ឆ្នាំ។ ជីវភាពពលរដ្ឋប្រសើរ ទំនិញសព្វសារពើលក់កាន់តែដាច់ ការនាំចូលកាន់តែកើន រីឯកម្លាំងផលិតកម្មក្នុងស្រុកកាន់តែខ្លាំង។ ទាំងនេះជាចលករដែលជំរុញឲ្យចំណូលសេដ្ឋកិច្ចជាតិក៏កើនឡើងតាមនោះដែរ។ កំណើនជីវភាពរបស់ពលរដ្ឋបានធ្វើឲ្យពួកគេសប្បាយរីករាយនិងរស់ក្នុងភាពស៊ីវីល័យកាន់តែខ្លាំងមិនខុសពីពលរដ្ឋក្នុងបណ្តាប្រទេសជិតខាងនិងក្នុងតំបន់ឡើយ។ ពួកគេរស់នៅក្នុងមោទនភាព និងចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការលើកស្ទួយកិត្យានុភាពជាតិ ក៏ដូចជាលើកស្ទួយអធិបតេយ្យភាពជាតិកាន់តែរឹងមាំក្នុងនាមជាប្រជាជាតិមួយដែលធ្លាប់កំសត់កម្រ ប៉ុន្តែពេលនេះអាចរស់បាន ដោយកម្លាំងខ្លួនឯងដោយមិន ចាំបាច់ពឹងលើបរទេសទៀតទេ ពោលគឺពលរដ្ឋខ្មែរ សម័យនេះមិនរស់នៅដោយយកភាពអាណិតអាសូររបស់បរទេសធ្វើជាដើមទុនទៀតឡើយ។

ផ្ទុយទៅវិញ ពួកគេកំពុងរស់ដោយស្មើមុខមាត់ជាមួយគ្រប់ជាតិសាសន៍ដោយចាត់ទុក បរទេសទាំងអស់ជាមិត្ត ឬជាដៃគូ វិនិយោគស្មើភាពគ្នា គឺមិនមែនជាចៅហ្វាយរបស់ខ្មែរឡើយ។

ស្របពេលដែលប្រជាពលរដ្ឋខ្មែរកាន់តែមានមោទនភាពចំពោះភាពរឹងមាំនៃរដ្ឋអធិបតេយ្យជាតិ និងដោយឃើញកំណើនសេដ្ឋកិច្ចខ្ពស់ រដ្ឋាភិបាលឯណោះវិញក៏កំពុងដុតដៃដុតជើងយ៉ាងខ្លាំងក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងគ្រប់វិស័យសំដៅធ្វើយ៉ាងណាឲ្យកម្ពុជាក្លាយជារដ្ឋដែលមានសេដ្ឋកិច្ចខ្លាំង មានកម្លាំងធនធានមនុស្សសម្បូរបែប រី
ឯការដឹកនាំកាន់តែមានតម្លាភាព និងគណនេយ្យភាព។ ដោយផ្អែកលើស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសព្វថ្ងៃ ប្រព័ន្ធគ្រប់គ្រងថវិការបស់កម្ពុជាមានសភាពរឹងមាំគួរជាទីកក់ក្តៅ។ គួបផ្សំជាមួយកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលដែលកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅ ភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជាក៍កាន់តែ ពង្រឹងបានថែមទៀត។

បន្ថែមពីលើកំណែទម្រង់ស៊ីជម្រៅទាំងឡាយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មានផែនការច្បាស់លាស់ក្នុងការរក្សាទីផ្សារចាស់និងបើក ទីផ្សារថ្មី។ ក្នុងគោលដៅនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងជាមួយកូរ៉េខាងត្បូងនឹងត្រូវចុះហត្ថលេខាក្នុងពេលឆាប់ៗនេះ។ ការវិនិយោគផ្ទាល់ថ្មីៗទៀតរបស់ចិនដែលសន្យាដោយលោក ស៊ី ជីនពីង ក៏នឹងមកបំពេញបន្ថែមធ្វើឲ្យសន្ទុះសេដ្ឋកិច្ចកម្ពុជាហក់ឡើងមួយកម្រិតទៀត។ ការវិនិយោគផ្ទាល់ពីប្រទេសផ្សេងទៀត ក្នុងនោះក៏មានសហរដ្ឋអាមេរិកផងដែរបានចូល មកជាបន្តបន្ទាប់ និងបន្តចូលមកកម្ពុជាកាន់តែច្រើន។ ហើយបើ ងាកទៅមើលការវិនិយោគពីជប៉ុនវិញ ផ្សារទំនើប Aeon 3 នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះដែរ។

សរុបទៅ មហារអំណាច សេដ្ឋកិច្ចលំដាប់កំពូលៗរបស់ពិភពលោកកំពុងបន្តនៅជាមួយកម្ពុជាទាំងអស់។ ហើយទាំងអស់នេះជាចំណុចខ្លាំងដែលធ្វើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន មានការកក់ក្តៅក្នុងចិត្តយ៉ាងខ្លាំង។

ផ្ទុយទៅវិញ អ្នកខំប្រឹងបំផ្លាញកម្ពុជា ហើយកំពុងរង់ចាំទះដៃអបអរ ពេលឃើញសេដ្ឋកិច្ចកម្ពុជាដួលរលំក្រោយពេលសហភាពអឺរ៉ុបព្យួរ EBA នោះ ប្រាកដជានឹងត្រូវខកចិត្តកប់យោបល់និយាយលែងចេញ ហើយ ពីព្រោះ ម្យ៉ាង EBA ត្រូវបានព្យួរតែមួយផ្នែកតូច ប៉ុណ្ណោះ។ រីឯម្យ៉ាងទៀត សេដ្ឋកិច្ចកម្ពុជាក៏កំពុងស្គាល់ស្ថេរភាពនិងភាពរឹងមាំជាងពេលណាៗទាំងអស់ ក្រោមការកាច់ចង្កូតនាវារបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ដែលយើង ទាំងអស់គ្នាស្គាល់ច្បាស់ថា គឺជាមេដឹកនាំ «ស្គាល់កាលៈទេសៈ~ ស្គាល់កំលាំងខ្លួនឯង និងកំលាំងសត្រូវ ~ មិនហក់លោត បើចន្ទល់មិនរឹងមាំ ~ មិនធ្វើអ្វីដោយគ្មានផែនការនិងការត្រៀមបំរុងទុកជាមុន និងមិនអោយអ្នកណាដឹងអំពីសន្លឹកបៀរលាក់ក្នុងដៃអាវក៏ដូចជាជំហ៊ានដែលត្រូវដើរ»។ ប្រៀបខ្លាំងរបស់លោក ហ៊ុន សែន បានធ្វើឲ្យអ្វីដែលក្រុមប្រឆាំងហៅថា” ២ដៃ ១ជើង ” នឹងត្រូវបរាជ័យទាំងស្រុងជាថ្មីម្តងទៀត។

ជារួម គេអាចនិយាយក្នុងភាពជឿជាក់ថា សេដ្ឋកិច្ចកម្ពុជាមិនដួលរលំឡើយទោះជាគ្មាន EBA ក៏ដោយ។ មិនត្រឹមតែមិនដួលរលំ ប៉ុន្តែ ការបាត់បង់ EBA បានក្លាយជាឱកាសដែលអោយកម្ពុជាប្រឹងប្រែងកាន់តែខ្លាំងជាងមុនដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិខ្លួនឯងដើម្បីឈានទៅកាត់បន្ថយទាំងស្រុងការពឹងពាក់លើភាពអនុគ្រោះរបស់បរទេស៕

ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ

ចែករំលែក

បញ្ចេញយោបល់