លិខិតប្រិយមិត្ត៖ ឈប់បាន ឈប់ទៅ កុំឆ្លៀតឱកាសបំភ័យពលរដ្ឋខ្មែររឿង EBA ទៀត!

ថ្ងៃអង្គារ ទី ១១ កុម្ភៈ ២០២០​
9

ជាការពិតសម្រាប់ក្រុមជនអគតិ ដែលមានបំណងអាក្រក់ចង់បំផ្លាញសុខសន្តិភាព នៅក្នុងប្រទេសកម្ពុជា ពួកគេមិនដែលរីករាយនោះទេ នៅពេលដែលឃើញប្រទេសជាតិរីកចំរើន និងឃើញបងប្អូនប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត មានស្ថេរភាព និងការអភិវឌ្ឍ។ ភាពរីកចំរើន និងសេចក្តីសុខរបស់បងប្អូនប្រជាពលរដ្ឋ គឺជាភាពបរាជ័យនិងជាសត្រូវរបស់ពួកជនអគតិទាំងនោះ។ គេធ្លាប់បានដឹងនិងឃើញជារឿយៗមកហើយ នូវសកម្មភាពរបស់ក្រុមជនអគតិជ្រុលនិយម ដែលតែងតែឆ្លៀតឱកាសនានា បង្កើតការបំផុសបំផុលអគតិខុសពីការពិត ញុះញង់ បំភ័យបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់កាលៈទេសៈ ហើយពេលខ្លះពួកគេថែមទាំងបានអូសទាញ និងប្រើប្រាស់ប្រជាពលរដ្ឋស្លូតត្រង់ជាឧបករណ៍ឱ្យចូលរួមធ្វើសកម្មភាពប្រឆាំងបះបោរ ដើម្បីបំផ្លា​ញសន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងគោលដៅរាំងខ្ទប់ដំណើរការអភិវឌ្ឍន៍ជាតិ ដែលរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែងកសាងឡើងដោយលំបាកតាំងពីដំណាក់កាលក្រខ្សត់ និងគ្មានអ្វីៗទាំងអស់រហូតមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ។

ពួកក្រុមជ្រុលនិយម ដែលមានគំនិតអគតិចំពោះជាតិ ពួកគេ បានបង្កើតស្ថានការណ៍វឹកវរដល់ជាតិជាច្រើនលើ​កច្រើនសារមកហើយក្នុងគោលដៅឆក់យកឱកាស ដើម្បីដណ្តើមអំណាចដោយមិនស្របច្បាប់។ បច្ចុ​ប្បន្ននេះ ដោយសារតែបាបកម្មតាមស្នង ទើបពួកគេមួយចំនួនធំត្រូវរត់ចោលស្រុកទេស រត់ចោលផ្ទះសំបែង និងខ្លះទៀតកំពុងមានរឿងក្តីក្តាំជាប់ខ្លួនរើមិនរួច។ ក្រុមដែលមានគំនិតអគតិក្បត់ជាតិខ្លួនឯង បានជួបនឹងបរា​ជ័យយ៉ាងអាម៉ាស់ក្នុងផែនការដណ្តើមអំណាច ដោយការនាំយកគម្រូបដិវត្តន៍ពណ៌មកអនុវត្តក្នុងប្រទេសកម្ពុជាដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ គេនៅចាំបានថា ក្រុមជ្រុលនិយមដែលមានពួកមេដឹកនាំអតីតបក្សប្រឆាំងជាអ្នកបញ្ជា បានបង្កចលាចលម្តងហើយម្តងទៀត នៅក្រោយពេលបោះឆ្នោតជាតិម្តងៗ។ ហើយនៅឆ្នាំ២០១៣ក្រោយការបោះឆ្នោត ពួកគេ បានញុះញង់ឱ្យធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត និងទាម​ទារទម្លាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំងខុសច្បាប់។ បាតុកម្មដែលពួកគេបញ្ឆេះឡើងនៅពេលនោះ គឺបានបង្កឱ្យមានអំពើហិង្សា ធ្វើឱ្យខួចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជនជាច្រើន ព្រមទាំងបណ្តាលឱ្យមានអ្នកស្លាប់និងរងរបួសថែមទៀតផង។

អ្វីដែលគួរឱ្យព្រួយបារម្ភ និងប្រុងប្រយ័ត្ននៅពេលនេះគឺ ពួកក្រុមជនអគតិកំពុងតែបំភ្លៃការពិតពីការផ្អាកដំ​ណើ​រការជាបណ្តោះអាសន្នរបស់រោងចក្រមួយចំនួនក្នុងប្រទេសកម្ពុជានាពេលខាងមុខនេះ។ ការផ្អាកនេះ ដើ​មហេតុគឺព្រោះតែខ្វះវត្ថុធាតុដើម ដែលនាំចូលពីប្រទេសចិន គឺដោយសារតែប្រទេសចិននាពេលបច្ចុប្បន្ននេះ កំពុងតែរងផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើម​ប្រភេទថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា។ តាមការជូនដំណឹងរបស់សមាគមរោងកាត់ដេរនៅកម្ពុជា (GMAC) នៅថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា បច្ចុប្បន្នវត្ថុធាតុដើមប្រហែលជា៦០% សម្រាប់បម្រើឱ្យផលិតកម្មក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ត្រូវបាននាំចូលពីប្រទេសចិន។ បច្ចុប្បន្ននេះដោយសារតែឧបទ្ទវហេតុនៃការរីករាលដាលនៃវីរុសកូរ៉ូណានៅក្នុងប្រទេសចិន រោងចក្រផលិតវត្ថុធាតុដើម នឹងបិទដំណើរការបណ្តោះអាសន្ន ដែលបញ្ហានេះនឹងបង្កឱ្យមានផលប៉ះពាល់ចង្វាក់ផ្គត់ផ្គង់ដល់រោងចក្រនៅកម្ពុជា។ ប្រឈមនឹងបញ្ហានេះ រោងចក្រគ្មានជម្រើសអ្វីក្រៅពីផ្អាកប្រតិបត្តិការផលិតកម្មបណ្តោះអាសន្ន ដែលអាចមានរយៈពេល១ខែ ឬ២ខែ។ តាម GMAC ក៏ដូចជាប្រភពពីខាងក្រសួងការងារ បានបញ្ជាក់រួចហើយថា ការផ្អាកក្នុងរយៈពេលខ្លីនេះមិនពាក់ព័ន្ធនឹងដំ​ណើរ​ការព្យួរឬមិនព្យួរប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) របស់សហភាពអឺរ៉ុបនោះទេ។ មេដឹកនាំកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា សូមកុំមានការយល់ច្រឡំព្រោះតែការបំភ័ន្ត ឬបំភិតបំភ័យថារោងចក្របិទទ្វារ ដោយសារគេព្យួរប្រព័ន្ធអនុគ្រោះពន្ធ (EBA) ឱ្យសោះ ការពិតគឺដោយសារតែបញ្ហាកង្វះវត្ថុធាតុដើម ដែលនាំចូលពីប្រទេសចិនតែប៉ុណ្ណោះ។

គួរកត់សម្គាល់ថា ក្រុមឆ្លៀតឱកាសនិយមដែលមានគំនិតអគតិចំពោះជាតិ បានកេងចំណេញនយោ​បាយក្នុងរឿងនេះ ដោយពួកគេបានបំភ្លៃថា នៅពេលដែលប្រព័ន្ធអនុគ្រោះពន្ធត្រូវបានព្យួរ រោងចក្រមួយចំនួននៅកម្ពុជានឹងត្រូវបិទទ្វារ ហើយកម្មករនឹងអត់ការងារធ្វើដល់ទៅរាប់ម៉ឺននាក់។ ប៉ុន្តែជាក់ស្តែងការពិតវាមិនដូច្នេះទេ។ បើទោះបីជាមានការព្យួរ EBA ផ្នែកណាមួយ ឬទាំងស្រុងក៏ដោយ គឺមិនមែនជាការបាត់ទីផ្សារនាំចេញទំនិញ ទៅលក់នៅសហភាពអឺរ៉ុបនោះទេ។ កម្ពុជានៅតែអាចនាំចេញទៅទីផ្សារអឺរ៉ុបបានដដែល គ្រាន់តែត្រូវបង់ពន្ធដូ​ចគេដូចឯងប៉ុណ្ណោះ។ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមលក្ខណៈដើម្បីប្រឈមនឹងការព្យួរ EBA ជាច្រើនឆ្នាំមុនរួចទៅហើយ ដោយសារកម្ពុជាកំពុងតែឈានទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន។ ពោលគឺមុននិងក្រោយប្រព័ន្ធអនុគ្រោះពន្ធ (EBA) ក៏នឹងត្រូវបានគេដកដូចតែគ្នាទេ ព្រោះកម្ពុជាលែងជាប្រទេសក្រីក្រដូចមុនទៀតហើយ។ ដូច្នេះឈប់បាន ឈប់ទៅ មិនត្រូវបំផុសបំផុល និងបំភ័យខ្មែរគ្នាឯងរឿង (EBA) នេះទៀតអី។ អ្វីដែលសំខាន់ គឺសេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំដែលមិនអាចដួលរលំព្រោះតែការព្យួរប្រព័ន្ធអនុ​គ្រោះពន្ធនោះទេ។ កំណើនសេដ្ឋកិច្ច នឹងនៅតែកើនក្នុងរង្វង់យ៉ាងតិច៦.១%នៅឆ្នាំ២០២០នេះ។ គ្មានអ្វីដែ​ល​បងប្អូនប្រជាពលរដ្ឋត្រូវព្រួយបារម្ភនោះទេ។ ហើយសូមកុំជឿការបំភិតបំភ័យខុសពីការពិតនេះឱ្យសោះ៕

 ដោយ៖ ស ជាតិ

ចែករំលែក

បញ្ចេញយោបល់