អគ្គនាយកកិច្ចការបច្ចេកទេស ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រទឹក និងការបង្កបង្កើនស្រូវរដូវប្រាំងរបស់ប្រជាកសិករ

ថ្ងៃព្រហស្បតិ៍ ទី ៣០ មករា ២០២០​
6

កំពង់ចាម៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ លោក ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម ទទួលមុខព្រួញខេត្តកំពង់ចាម លើការគ្រប់គ្រងធនធានទឹក អមដំណើរដោយប្រធាននាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក ប្រធាននាយកដ្ឋានជលសាស្ដ្រ និងការងារទន្លេ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង សហការ ជាមួយលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ ស្ថានីយបូមទឹកក្តីបឹង ស្ថានភាពទឹក និងការងារបង្កបង្កើនស្រូវរដូវប្រាំងរបស់ប្រជាកសិករនៅខេត្តកំពង់ចាម។

ឆ្លៀតនៅក្នុងឱកាសនោះផងដែរ លោកអគ្គនាយកព្រមទាំងក្រុមការងារទាំងអស់ បានចុះពិនិត្យជាក់ស្តែងដល់ទីតាំងបាក់ស្រុតច្រាំងព្រែកអន្លង់គគីរ ស្ថិតនៅក្នុងភូមិគគីរ ឃុំស្តៅ និងឃុំព្រែកកុយ ស្រុកកងមាស ដែលបណ្តាលឲ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជា ផ្លូវថ្នល់ និងផ្ទះសំបែង របស់បងប្អូនប្រជាពលរដ្ឋនៅតាមដងព្រែកនេះ។ ចំពោះការងារជួសជុលបាក់ស្រុតច្រាំងតាមបណ្តោយដងព្រែកអន្លង់គគីរនេះ ក្រសួងធនធានទឹក និងឧតុនិយម បាននឹងគ្រោងធ្វើការកាយសម្រួលផ្លូវទឹកឡើងវិញ និងជួសជុលបន្ទាន់នូវកន្លែងដែលបាក់ស្រុតនាពេលឆាប់ៗខាងមុខនេះ។

ក្នុងពេលចុះដំណើរពិនិត្យនេះដែរ លោកប្រធានមន្ទីរព្រមទាំងសហការី បានបញ្ជាក់ផងដែរថា គិតរហូតមកដល់ពេលនេះ ល្បឿនបង្កបង្កើនផលស្រូវប្រាំងបញ្ចប់ ១០០% និងប្រមូលផលបាន ៥១,៥៩%លើផែនការ ៤២.០០០ហិកតា និងទិន្នផលជាមធ្យម ៣,៩តោន/១ហិកតា៕

ចែករំលែក

បញ្ចេញយោបល់