កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ស្ពឺ

ថ្ងៃអង្គារ ទី ១៤ មករា ២០២០​
6

កំពង់ស្ពឺ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្រ្ដី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក លោកស្រី សមាជិក សមាជិកា សរុបចំនួន ៩៦នាក់ ។

កិច្ចប្រជុំបានពិភាក្សា និងបូកសរុបលើលទ្ធផលការងារដែលក្រុមការងារសម្រេចបាន ដែលរួមមាន៖ ការរៀបចំវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋដើម្បីក្តាប់សំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋ ការដោះស្រាយសំណើ សំណូមពរ និងក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋដែលបានដោះស្រាយ កំពុងដោះស្រាយ មិនទាន់ដោះស្រាយ និងស្នើទៅថ្នាក់ជាតិ ដើម្បីដោះស្រាយបន្ត។

ជាកិច្ចបញ្ចប់នៃកិច្ចប្រជុំ លោកទេសរដ្ឋមន្រ្ដី ឆាយ ថន បានផ្តល់អនុសាសន៍ថា៖
១.ក្រុមការងារគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មន្ត្រីគ្រប់រូប គប្បីរួមចិត្ត រួមកម្លាំងគ្នាអោយកាន់តែសកម្មបន្ថែមទៀត បន្តប្រឹងប្រែងអនុវត្តភារកិច្ច និងបង្កើនប្រសិទ្ធភាពចុះទៅមូលដ្ឋាន ផ្សារភ្ជាប់ជាមួយប្រជាជន ខិតខំដោះស្រាយបញ្ហានានាជូនប្រជាជន លុបបំបាត់អោយអស់នូវបាតុភាពអសកម្មនានា ឆ្លើយតបអោយបាននូវទំនុកចិត្តដែលប្រជាពលរដ្ឋបានបោះឆ្នោតជូននាពេលកន្លងមក។

២.បន្តផ្សព្វផ្សាយ និងអនុវត្តតាមកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដល់មន្ត្រីរាជការថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋតាមមូលដ្ឋាននានា នៃបណ្តាក្រុង ស្រុក នីមួយៗផ្សារភ្ជាប់ជាមួយនឹងការបកស្រាយបំភ្លឺចំពោះសំណូមផ្សេងៗ នៅក្នុងអង្គវេទិកា សាធារណៈនានា។

៣.ពិនិត្យលទ្ធផលនៃដំណោះស្រាយឆ្លើយតប ចំពោះសំណូមពរផ្សេងៗ និងសំណូមពរដែលជាអាទិភាពមិនទាន់ដោះស្រាយ។

៤.បន្តខិតខំដោះស្រាយឆ្លើយតបរាល់សំណូមពរផ្សេងៗពីប្រជាពលរដ្ឋ ដូចជាការឆ្លើយតបទៅនឹងកន្លែង ការដោះស្រាយតាមរយៈស្ថាប័នផ្នែកថ្នាក់ជំនាញនីមួយៗ ការដោះស្រាយក្នុងភាពជាដៃគូរពីវិស័យឯកជន សប្បុរសធម៌ និងផ្នែកឯកជន ដោយផ្តល់ការឆ្លើយតបថា និងមានការដោះស្រាយពិតប្រាកដ ចំពោះសំណូមពរទាំងនោះ។

៥.បន្តផ្សព្វផ្សាយនិងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព អោយទទួលបានប្រសិទ្ធភាពខ្ពស់។

ចែករំលែក

បញ្ចេញយោបល់