លោក វ៉ា គឹមហុង បង្ហាញតឹកតាងមួយចំនួននាំឱ្យខ្មែរបាត់បង់សិទ្ធិ ទាមទារដីខ្មែរក្រោម (Video inside

ថ្ងៃព្រហស្បតិ៍ ទី ១០ តុលា ២០១៩​
12

(ភ្នំពេញ)៖ លោក វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកលើកិច្ចការព្រំដែន បានចាត់ទុកក្រុមមនុស្សមួយចំនួន ដែលបានលើកឡើងថា កម្ពុជានៅតែមានសិទ្ធិទាមទារដីកម្ពុជាក្រោម គឺជាអ្នកដែលមិនបានដឹងច្បាស់ពីសាវតារនៃការបាត់បង់ទឹកដីរបស់ខ្លួន។

ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនរូបនេះ ថែមទាំងបានអះអាងទៀតថា ដីកម្ពុជាក្រោមមិនមែនបាត់បង់ដោយសារតែសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាមឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥នោះឡើយ។

ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីចូលបំភ្លឺការងារកំណត់ព្រំសីមា និងបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ លោក វ៉ា គឹមហុង បានលើកឡើងថា ក្រោយពេលសភាបារាំងសម្រេចប្រគល់ដែនដីកូសាំងស៊ីនដែលខ្មែរហៅថាដីកម្ពុជាក្រោមឱ្យទៅព្រះចៅបៅដាយនៅឆ្នាំ១៩៤៩ គឺបារាំងបានទុកផ្លូវឱ្យខ្មែរតវ៉ាពេលដែនដីនេះមានការប្រែប្រួលការគ្រប់គ្រងថ្មី។ ប៉ុន្តែដោយសារតែខ្មែរមានវិបត្តិសង្គ្រាម និងរបបគ្រប់គ្រងត្រូវបានផ្លាស់ប្តូរច្រើន រដ្ឋាភិបាលខ្មែរតាំងពីឆ្នាំ១៩៥៤ មិនដែលតវ៉ា ឬសើរើទាមទារសិទ្ធិគ្រប់គ្រងដីកូសាំងស៉ីននោះឡើយ។

លោក វ៉ា គឹមហុង បានបញ្ជាក់ដូច្នេះ «ការបាត់បង់វាមានរួចទៅហើយ វាមានឯកសារពេលបាត់បង់យើងទាមទារក៏មិនបាន។ ពេលបាត់បង់ទឹកដីកម្ពុជាក្រោមនៅឆ្នាំ១៩៤៩ ដែលបារាំងផ្ទេរដីកូសាំងស៊ីន ទៅឱ្យព្រះចៅបៅដាយ នៅទីក្រុងប៉ារីសហ្នឹង យើងបានធ្វើ យើងទទួលស្គាល់យើងបានធ្វើក្នុងនាមជាសមាជិករបស់សភាឥណ្ឌូចិន យើងបានធ្វើការតវ៉ា ព្រោះថានៅក្នុងច្បាប់បារាំងលើការផ្ទេរទឹកដីទាំងអស់ត្រូវមានការឯកភាពគ្នាពីរដ្ឋសភាបារាំង។ រដ្ឋសភាបារាំងឯកភាពបានលុះត្រាតែបានការឯកភាពពីសភាសហព័ន្ធរបស់ឥណ្ឌូចិន។ យើងក្នុងនាមជាសមាជិកសភាសហព័ន្ធយើងបានធ្វើការតវ៉ានៅទីក្រុងប៉ារីសអត់ឱ្យធ្វើទេ អត់ឱ្យផ្ទេរទៅឱ្យព្រះចៅបៅដាយទេ។ ប៉ុន្តែក្រោយមកយើងសម្រុះសម្រួល គេថាគ្មានការកៀបសង្កត់។ ក្រោយមកក៏មានការធ្វើញត្តិគាំទ្ររបស់តំណាងរាស្ត្រ យ៉ាស់ស្យុង ដឺហ្វែរ»។

លោកបន្តថា «យ៉ាស់ស្យុង ដឺហ្វែរ បានធ្វើញត្តិសម្របសម្រួលមួយ មានន័យថាវាគាំងហើយចេញអត់រួចទេ ព្រោះតំណាំងកម្ពុជាប្រឆាំង។ គេសម្របសម្រួលឱ្យធ្វើទៅចុះ ច្បាប់ហ្នឹងធ្វើដើម្បីផ្ទេរទឹកដីកូសាំងស៊ីន ទៅឱ្យព្រះចៅបៅដាយ (កាលណុងគេមិនមែនហៅកម្ពុជាក្រោមទេ គេហៅកូសាំងស៊ីន) ប៉ុន្តែក្នុងហ្នឹងគេដាក់ថាឱ្យវៀតណាម និងកម្ពុជា ចរចាគ្នាដើម្បីរកដំណោះស្រាយសមស្របមួយដែលអាចឱ្យភាគីទាំងពីរទទួលយកបាន។ នៅក្នុងហ្នឹងទៀត គេដាក់ទៀតថាក្នុងកាលៈទេសៈដែលស្ថានភាពកូសាំងស៊ីមានការប្រែប្រួលកម្ពុជា មានសិទ្ធិតវ៉ាមិនទទួលស្គាល់ក្នុងការប្រគល់ដីកូសាំងស៊ីនឱ្យវៀតណាម។ ប៉ុន្តែក្នុងសាវតាររបស់យើង យើងដឹងស្រាប់ហើយថា មានការវិវឌ្ឍន៍មានរបបខ្មែរក្រហម ពេលគេបង្រួបបង្រួមទៅយើងអត់បានរក្សាសិទ្ធិរបស់យើងក្នុងការតវ៉ា រហូតមកដល់រដ្ឋាភិបាលខ្មែរក្រោយទៀត ក៏អត់មាននរណាធ្វើការតវ៉ារក្សាសិទ្ធិទាមទារ។ ដូច្នេះការរក្សាសិទ្ធិដែលបានដាក់ក្នុងញត្តិរបស់លោក យ៉ាស់ស្យុង ដឺហ្វែរ នៅឆ្នាំ១៩៤៩ យើងអត់បានប្រើទេ នៅក្នុងសន្និសីទហ្សឺណែវឆ្នាំ១៩៥៤ ក៏យើងអត់បានប្រើដែរ អីចឹងវាការធ្វេសប្រហែសតៗគ្នារបស់រដ្ឋាភិបាលយើង ព្រោះរដ្ឋាភិបាលយើងមានការប្រែប្រួលពីរបបមួយទៅរបបមួយ។ កិច្ចការហ្នឹងយើងមិនអាចតវ៉ាអីបានទេ»

លោក វ៉ា គឹមហុង ក៏បានលើកយកទិដ្ឋភាពច្បាប់អន្តរជាតិមកពន្យល់ផងដែរ។ ទិដ្ឋភាពច្បាប់អន្តរជាតិ ក៏កម្ពុជា ពិបាកក្នុងការទាមទារយកទឹកដីដែលបាត់បង់ទៅនោះផងដែរ។

លោក វ៉ា គឹមហុង បានពន្យល់ថា ច្បាប់អន្តរជាតិ ទាល់តែគេមានទឡ្ហីករណ៍ឲ្យរឹងមាំ។ លើទិដ្ឋភាពច្បាប់អន្តរជាតិនេះ កម្ពុជាបានទទួលស្គាល់ខ្សែព្រំដែនរវាងកូសាំងស៉ីន និងកម្ពុជា ក្នុងរជ្ជកាលសម្តេចព្រះបាទ នរោត្តម ដោយបានចុះហត្ថលេខាលើអនុសញ្ញានាឆ្នាំ១៨៧៣ ហើយថែមទាំងបានបោះបង្គោល បង្កើតគណៈកម្មការចម្រុះបារាំង-ខ្មែរ រហូតបោះបង្គោលព្រំដែន ១២៤បង្គោលថែមទៀតផង។

លោកបន្តថា «ក្រោយមកទៀត យើងដាក់នៅអង្គការសហប្រជាជាតិ យើងយកផែនទីដែលបានទាមទារខ្សែព្រំដែនមិនកែប្រែ នៅពេលយើងបានឯករាជ្យនៅឆ្នាំ១៩៥៣ ដែលមានផែនទីអម ១/១០០.០០០ ដែលយើងដាក់ថាផែនទីផ្លូវការ យកឲ្យគេទទួលស្គាល់នៅអង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក នៅប្រទេសមួយចំនួនទៀត។ ដូច្នេះវាមានកិច្ចការខ្លួនឯង នៅក្នុងរដ្ឋធម្មនុញ្ញមាត្រា២ យើងនិយាយទៀត បូរណភាពទឹកដីខ្មែរ ១/១០០.០០០ ដូច្នេះយើងទាមទារយកអីទៀតឥឡូវ»

ចែករំលែក

បញ្ចេញយោបល់