អត្ថបទធ្លាប់ចេញផ្សាយមួយចំនួនពាក់ព័ន្ធការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ា គឹមហុង បញ្ជាក់លើបញ្ហាព្រំដែនជាមួយវៀតណាម

ថ្ងៃអាទិត្យ ទី ២២ ធ្នូ ២០១៩​
79

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ បានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមស្តីពីការកំណត់ ព្រំដែនប្រទេសទាំងពីរនៅឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ឈរលើមូលដ្ឋានផែនទីបន្សល់ពីសម័យអាណានិគមបារាំង និង សន្ធិសញ្ញាបំពេញបន្ថែមទាំងពីរកម្ពុជា និង វៀតណាម បានកំណត់ខណ្ឌសីមា និងបោះបង្គោល ព្រំដែនគោក នៅលើដីជាក់ស្តែងពីខេត្ត រតនគិរី ដល់ខេត្តកំពត ចាប់ពីខែមិថុនា ឆ្នាំ២០០៦ ដល់ ខែកក្កដា ឆ្នាំ២០១៩ សម្រេចបានលទ្ធផល៨៤ភាគរយ លើព្រំដែនគោករួមប្រវែងប្រមាណ ១,២៧០គីឡូ ម៉ែត្រ។

ក្នុងពេលចុះហត្ថលេខាលើសន្ធិសញ្ញានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកការសម្រេចបាននូវការកំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែនជាមួយវៀតណាម សមិទ្ធផលផ្លែផ្កាដ៏ធំធេង ដែលប្រទេសទាំងពីរសម្រេចបាននេះ កើតចេញមកដោយការស្វះស្វែងរកដំណោះស្រាយ រួមប្រកបដោយភាតរភាព និងការយោគយល់គ្នាទៅវិញទៅមក ក្នុងភាពជាបងប្អូន ជាមិត្តភាពរាប់សិបឆ្នាំកន្លងមកហើយ។

សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រសិនបើប្រទេសទាំងពីរមិនប្រឹងប្រែងបញ្ចប់បញ្ហាព្រំដែននេះទេ ប្រទេសទាំងពីរនឹងនៅតែកើតមានទំនាស់ព្រំដែនមិនដាច់ស្រេច រាប់ជំនាន់តទៅមុខទៀត ងាយក្លាយជាកម្មវត្ថុប្រជែងផ្នែកនយោបាយទៀតផង ហើយភាពសុខសាន្ត និងការអភិវឌ្ឍនៅតាមព្រំដែននឹងអាចមិនកើតមានទេ។

សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ទៀតថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចពិតជាមានមោទនភាព ដោយប្រទេសទាំងពីរទម្លុះនូវការលំបាក និងស្ទើរតែបញ្ចប់ទាំងស្រុងព្រំដែនគោករវាងប្រទេសទាំងពីរ។

ច្បាប់ស្តីពីសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និង សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងប្រទេសកម្ពុជា និងវៀតណាម ត្រូវបានអនុម័តនិង ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ ដោយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ។

ក្រោយច្បាប់ស្តីសន្ធិសញ្ញាបំបេញបន្ថែមទាំងពីរត្រូវបានឡាយព្រះហស្ថលេខាទទួលស្គាល់ និងដាក់ឱ្យប្រើប្រាស់ដោយព្រះមហាក្សត្រខ្មែរ គេបានក្រុមមនុស្សប្រឆាំងក្រៅច្បាប់ដែលកំពុងរស់នៅក្រៅប្រទេស ព្រមទាំងបក្ខពួករបស់គេនៅក្នុងប្រទេសកម្ពុជាមួយចំនួនផង បើកការវាយប្រហារយ៉ាងសន្ធាប់ទៅលើព្រះមហាក្សត្រខ្មែរជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្ត្រខ្មែរ។

បើធៀបសន្ធុះប្រតិកម្មនាពេលនេះ គឺមានសភាពខ្លាំងជាងពេលដែលសម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខាជាមួយនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ៊្វុក កាលពីខែតុលាទៅទៀត។ តាមសកម្មភាពនេះបានបង្ហាញក្រុមមនុស្សប្រឆាំងនៅក្រៅប្រទេស ដែលសុទ្ធសឹងជាប្រទេសមិនមែនកាន់របបរាជានិយម និងបក្ខពួករបស់គេនៅក្នុងស្រុក បាននឹងកំពុងដាក់សម្ពាធយ៉ាងខ្លាំងក្លាទៅលើព្រះមហាក្សត្រខ្មែរ។ ពួកគេបាននិងកំពុងបង្កើនយុទ្ធនាការ និងសកម្មភាពដើម្បីបំបាត់ប្រជាប្រិយភាព និងបំផុសឱ្យមានចលនានៃការស្អប់ខ្ពើមចំពោះព្រះមហាក្សត្រខ្មែរ។

ទង្វើរបស់ពួកគេមានទោសទណ្ឌយ៉ាងធ្ងន់ធ្ងរបើយោងទៅតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានតម្កល់ព្រះចេស្តារបស់ព្រះមហាក្សត្រមិនឱ្យជនណាម្នាក់ប្រមាថបាននោះឡើយ។

បញ្ហាព្រំដែនរវាងកម្ពុជា ជាមួយប្រទេសជិតខាងរួមមានវៀតណាម ថៃ និងឡាវ ក្រុមមនុស្សដែលតែងតែសម្ញែង និងបង្អួតថាខ្លួនស្រឡាញ់ទឹកដីខ្ពស់ជាងរាជរដ្ឋាភិបាលនោះ តែងតែវាយប្រហារជាប់ជានិច្ចចំពោះរាជរដ្ឋាភិបាលថា ធ្វើឱ្យបាត់បង់ទឹកដីអ៊ីចេះអ៊ីចុះជាពិសេសជាមួយប្រទេសវៀតណាមតែម្តង។ តែជាការកត់សម្គាល់ក្រុមមនុស្សបង្អួតខ្លួនថា ជាអ្នកស្រឡាញ់ទឹកដីនេះ គេមិនដែលបានបង្ហាញពីវិធានការនានាក្នុងការថែរក្សាការពារ ចំពោះបូរណភាពទឹកដីរបស់ខ្លួននោះឡើយ។

ជាក់ស្តែងក្នុងពេលកម្ពុជាមានវិវាទព្រំដែនជាមួយប្រទេសថៃឆ្នាំ២០០៨ និងវិវាទព្រំដែនជាមួយប្រទេសឡាវនៅឆ្នាំ២០១៧ និងនៅឆ្នាំ២០១៩នេះ គេឃើញមានតែរាជរដ្ឋាភិបាលទេ ដែលបានប្រឹងប្រែងប្រើគ្រប់លទ្ធភាពទាំងកម្លាំងប្រដាប់អាវុធ និងនយោបាយការទូតបូកជាមួយច្បាប់អន្តរជាតិនានា ដើម្បីការពារទឹកដីទាំងនេះ។ ដោយឡែកក្រុមមនុស្សដែលសម្ញែងថាខ្លួនស្រឡាញ់ទឹកដីនោះ ហាក់មិនបានឃើញស្រមោលរបស់ពួកគេនោះឡើយ។

ការស្រឡាញ់ទឹកដីមិនមែនជាការនិយាយ ឬជេរស្តីបន្ទោសអ្នកនេះអ្នកនោះតាមបណ្តញសង្គមនោះឡើយ គឺទាមទារឱ្យមានគោលនយោបាយមួយច្បាស់លាស់។ តើរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើអ្វីខ្លះ ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន? ដើម្បីការពារនូវបូរណភាពទឹកដីរបស់ខ្លួន រាជរដ្ឋាភិបាលកម្ពុជា ក្រៅពីប្រឹងប្រែងចរចាជាមួយប្រទេសជិតខាង ដើម្បីកំណត់ខណ្ឌសីមា និងព្រំដែនហើយនោះ ក៏បានប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន តាមបន្ទាត់ព្រំដែន ដាក់ចេញនយោបាយអភិវឌ្ឍន៍តាមបន្ទាត់ព្រំដែន បង្កើតផ្សារ បង្កើតកន្លែងដោះដូរទំនិញ និងជំរុញប្រជាពលរដ្ឋទៅតាំងទីលំនៅជាដើម។

រឿងបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម ត្រូវសម្តេចតេជោ ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធបានចេញមកបញ្ជាក់ជាច្រើនលើកច្រើនសារផងដែរ។ ដើម្បីបានជ្រាបច្បាស់នោះ សូមអានអត្ថបទដែលមានភ្ជាប់មកជាមួយនៅខាងក្រោម៖

១៖ ការបំភ្លឺរបស់សម្ដេចតេជោ ហ៊ុន សែន លើសំណួរដែលថា «តើប្រទេសកម្ពុជាមានបាត់ផ្ទៃដីរបស់ខ្លួនដែរឬទេ?» 

២៖ សម្តេចតេជោ ហ៊ុន សែន ពន្យល់ពីការបាត់បង់កោះត្រល់ 

៣៖ លោក វ៉ា គឹមហុង បង្ហាញតឹកតាងមួយចំនួននាំឱ្យខ្មែរបាត់បង់សិទ្ធិ ទាមទារដីខ្មែរក្រោម 

៤៖ ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង៖ ការបោះបង្គោលព្រំដែនជាមួយវៀតណាម កុំថាឡើយដីខ្មែរ សូម្បីផ្នូរខ្មោចខ្មែរក៏មិនបាត់ដែរ

៥៖ លោក វ៉ា គឹមហុង៖ បារាំង មិនខ្វល់រឿងទាមទារទឹកដីខ្មែរក្រោមទេ

៦៖ លោក សុខ សុគន្ធ៖ កោះត្រល់មិនមែនបាត់ដោយសម្តេច សីហនុ ឬសម្តេចតេជោ ហ៊ុន សែន ដូចការចោទរបស់ក្រុមប្រឆាំងឡើយ 

៧៖ សន្និសីទព័ត៌មានបង្ហាញពីរឿងសន្ធិសញ្ញាព្រំដែនរវាងកម្ពុជា និងវៀតណាម៖ 

៨៖ សម្តេចតេជោ ហ៊ុន សែន ធ្វើបទអន្តរាគមន៍ និងសេចក្តីអធិប្បាយស្តីពី «ការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្ររវាងកម្ពុជា និងវៀតណាម» ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២

៩៖ នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម ចុះហត្ថលេខាជាប្រវត្តិសាស្ត្រទទួលស្គាល់បង្គោលព្រំដែននៃប្រទេសពីរចំនួន ៨៤%

 

ចែករំលែក

បញ្ចេញយោបល់