នាយក​ដ្ឋាន​កិច្ចការ​ព្រំដែន​កង​ទ័ព​ភូមិន្ទ​ថៃ ​​បំពេញ​ទស្សនកិច្ច​ការ​ងារ​ នៅ​លើ​ទឹក​ដី​​កម្ពុជា​

ថ្ងៃសៅរ៍ ទី ១៤ ធ្នូ ២០១៩​
12

 

នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ​ ក្រសួង​ការ​ពារ​ជាតិ​ នៅ​ថ្ងៃ​ទី ១១ ​ខែធ្នូ ​ឆ្នាំ២០១៩​នេះ ​បាន​អនុញ្ញាតឲ្យ​ ឧត្តមសេនីយ៍ឯក ភីរោជ វីឡៃលុគ (Piroach Vilailug) នាយក​ នាយក​ដ្ឋាន​កិច្ច​ការ​ព្រំ​ដែន​ កង​ទ័ព​ភូមិន្ទ​ថៃ​​ ចូលជួប​សំ​ដែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​ នៅ​សាលសវនា​ការ​ អាគារមិត្ត​ភាព​ ទីស្ដីការគណៈរដ្ឋមន្ត្រី​ នា​ទី​ក្រុងភ្នំពេញ ក្នុង​ឱកាស​ដែល​ ​លោក​ដឹក​នាំ​ប្រតិភូ​នាយក​ដ្ឋាន​កិច្ច​ការ​ព្រំ​ដែន​កង​ទ័ព​ភូមិន្ទ​ថៃ​ អញ្ជើញមកបំពេញ​ដំណើរទស្សនកិច្ច​ការ​ងារ​ នៅ​លើ​ទឹក​ដី​​កម្ពុជា​។

ក្នុងជំនួប​នាពេ​លនោះ ​នាយឧត្តមសេនីយ៍ នាង ផាត ជំនួសមុខឲ្យ​ លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ​បាន​សម្ដែងការស្វាគមន៍​ និង​ជម្រាប​ជូន​សង្ខេប​អំពីស្ថាន​ការណ៍​ទូ​ទៅ​នៅ​កម្ពុជា​ ពិសេស​កម្ពុជា​ និង​ថៃ ​ដែលទើបតែ​បានធ្វើការបោះឆ្នោត​រួច​ប្រកប​ដោយ​ជោគ​ជ័យ​ និង​តម្លាភាព​។ លោក នាង ផាត បាន​​សម្ដែង​នូវការ​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល ​ប្រជាជន ​និង​កងទ័ពភូមិន្ទ​ថៃ ​ដែល​បានផ្ដល់​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ជាមួយ​នឹងកម្ពុជា​ មិន​បាន​ផ្តល់​ទឹក​ដី​ ឱ្យ​ដល់​ទណ្ឌិតសមរង្ស៊ី ​និង​ក្រុមប្រឆាំង បង្កើតចលនា បង្កនូវភាព​វឹ​ក​វរណាមួយ​ ដែលនាំឱ្យមាន​មហន្តរាយ ដល់​ការ​កសាង​ និងអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។ នាយឧត្តមសេនីយ៍ នាង ផាត បានបន្ត​ទៀតថា នាយក​រដ្ឋមន្ត្រី​ នៃ​ប្រទេស​យើង​ទាំង​ពីរ​ មាន​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ល្អ​ជា​មួយ​គ្នា​ ប្រជាជន​យើង​ទាំងពីរ​ រស់នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ទទួល​បាន​សុខសន្តិភាព​។ នាយឧត្តមសេនីយ៍ នាង ផាត ជំនួស​មុខ​ឱ្យ​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គមេ​បញ្ជាការ​ នៃ​កងយោធពល​ខេមរ​ភូមិន្ទ​ បាន​ថ្លែង​អំណរគុណ​ផង​ដែរ​ ដ​ល់​ភាគី​ថ្នាក់​ដឹក​នាំ​នៃ​កង​ទ័ព​ភូមិន្ទ​ថៃ ​តាម​រយៈ​ប្រតិភូ ​ដែល​កន្លង​មក​បាន​ទទួលយក​សិក្ខាកាម​កម្ពុជា ​ទៅ​បណ្ដុះបណ្ដាល​លើ​ជំនាញ​ប្រឆាំង​ភារវកម្ម​ និង​ជំនាញ​ផ្សេងៗ​នៅ​ប្រទេស​ថៃ​។

ឧត្តមសេនីយ៍ឯក ភីរោជ វីឡៃលុគ បានសម្ដែងនូវអំណរគុណ ចំពោះការទទួល​បដិសណ្ឋារកិច្ច​ និង​ការបញ្ជាក់​អំពី​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​ ជូនដល់​លោក​បាន​កាន់​តែ​យល់​ច្បាស់​​។ ឧត្តមសេនីយ៍ឯក ភីរោជ វីឡៃលុគ ក៏បានសំដែង​នៅ​អំណរគុណផងដែរ ចំពោះថ្នាក់ដឹ​កនាំ​គ្រប់​លំដាប់ថ្នាក់​របស់​កងយោធពលខេមរ​ភូមិន្ទ​ ពិសេស​នាយឧត្តមសេនីយ៍​ រដ្ឋលេខាធិការ​ប្រចាំ​ការ​ ក្រសួង​ការពារជាតិ ដែល​រហូត​មក​បានបង្កើនកិច្ច​សហ​ប្រតិបត្តិការ ក្នុងការពង្រឹងពង្រីក​ចំណង​ទាក់​ទង​ នៃ​ការ​រឹត​ចំណង​សាមគ្គីភាព​មិត្តភាព ​រវាង​រាជរដ្ឋាភិបាល ​ប្រជាជន ​និង​កង​ទ័ព​ភូមិន្ទថៃ ​ជា​មួយ​នឹង​រាជរដ្ឋាភិបាល ​ប្រជាជន​ និង​កងយោធ​ពល​ខេមរភូមិន្ទ នៃ​ប្រទេស​កម្ពុជា​ កាន់​តែមានភាពប្រសើរឡើង។ ឧត្តមសេនីយ៍ឯក ភីរោជ វីឡៃលុគ ក៏​បាន​សំដែង​នៅការ​កោត​សរសើរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ល្អ ​រវាង​នាយក​រដ្ឋមន្ត្រី​ នៃ​ប្រទេស​ទាំង​ពីរ​ ក៏​ដូច​ជា​ក្រសួង​ការពារជាតិ​ និង​អគ្គ​មេបញ្ជាការ​ កង​ទ័ព​ប្រទេស​ទាំង​ពីរ​ ថៃ ​និង​កម្ពុជា​។ ឧត្តមសេនីយ៍ឯក ភីរោជ វីឡៃលុគ ក៏​បាន​ស្នើ​យោបល់​ និង​ការ​អនុញ្ញាត​សម្រេច ​ពី​រដ្ឋលេខាធិការ​ប្រចាំ​ការ​ក្រសួង​ការ​ពារ​ជាតិ ​អំពី​ការ​រៀប​ចំ​អោយ​មាន​ឡើង​វិញ​ នៃ​កិច្ច​ប្រជុំ​ថ្នាក់​អគ្គ​មេ​បញ្ជាការ​ ថៃ-​កម្ពុជា​ BPKC ​​កិច្ច​ប្រជុំ​នេះ​បាន​ខក​ខាន​បើក​កិច្ច​ប្រជុំ​ និង​ពិភាក្សា​គ្នា​អស់​រយៈ​ពេល​ជាង​ ១០ឆ្នាំ​កន្លង​មក​ហើយ​ ថា​យើង​គួរ​បង្កើ​តឲ្យ​មាន​ឡើងវិ​ញ​ សម្រាប់​ជា​សេនា​ធិការ​ឲ្យ​កិច្ច​ប្រជុំ ​GBC ​ដែល​យើង​បាន​ដំណើរការធ្វើ ផ្លាស់ប្ដូរវេនគ្នា​ជារៀងរាល់១ឆ្នាំម្តង ដោយផ្លាស់វេនគ្នាជាម្ចាស់ផ្ទះនោះ។ ជាមួយគ្នានោះដែរ​ លោក ភីរោជ វីឡៃលុគ ក៏បានស្នើសុំផងដែរដល់​ លោក នាង ផាត ភាគី​កម្ពុជា ​នៅរាល់​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​ សូម​ឱ្យ​មាន​ការ​ពង្រឹង​ពង្រីក​ និង​ចូលរួមផ្លាស់ប្ដូរគ្នាទៅវិញទៅមក ដាក់បញ្ចូល​កម្មវិ​ធីបង្ហាញ​អំពី​វប្បធម៌ ​ការ​សម្ដែង​សិល្បៈ និងកីឡា និងសាសនា រួមទាំងការធ្វើបុណ្យផ្កាប្រាក់ ឬបុណ្យកឋិនទាន ក្នុងមួយឆ្នាំម្ដង​ទៅ​កាន់​ប្រទេស​ថៃ ​ឬ​កម្ពុជា​ ដូច​ដែល​កម្ពុជា​ ធ្លាប់បានធ្វើជាមួយប្រទេសវៀតណាម និងឡាវ។

ជា​ការ​ឆ្លើយតប​ នាយឧត្តមសេនីយ៍ លោក​ នាង ផាត បានបញ្ជាក់ជូន​ប្រតិភូថា​៖ តាមពិតទៅ កម្ពុជា និងថៃ ពាក់ព័ន្ធអំពីវប្បធម៌ សិល្បៈ កីឡា និងសាសនា ភាគីយើងទាំងពីរ​តែង​តែបា​នធ្វើជា​ញឹកញាប់ ​នៅ​តាមខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ​រវាង​អង្គភាព​កង​យោធពល​ខេមរ​ភូមិន្ទ ដែលឈរជើង​តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងការ​ពង្រឹង​ពង្រីក​ នៃ​ការរឹតចំណង​សាមគ្គីភាព​ មិត្តភាព​ សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច​រីក​ចម្រើន​ ដើម្បីពង្រឹង​បាន​ព្រំ​ដែនសន្តិភាព​ រវាងប្រទេសទាំងពីរ។ ប៉ុន្តែការបង្ហាញអំពីវប្បធម៌ ការសំដែងសិល្បៈ កីឡា និងសាសនា ក្នុងពេលផ្លាស់ប្ដូរប្រតិភូចូលរួមក្នុងកិច្ចប្រជុំកំពូលថ្នាក់យោធភូមិភាគ RBC និងថ្នាក់រដ្ឋមន្ត្រី GBC យើង​ពុំដែល​មាន​មែន​ ប៉ុន្តែលោក នាង ផាត បាន​ឯកភាព​ចំពោះ​សំណើនេះ ​ហើយ​សន្យា​ថា​ នឹង​នាំ​សំណើនេះ ​ដើម្បីពិភាក្សា​ជា​មួយ​ថ្នាក់​ដឹកនាំ​ក្រសួង​ការ​ពារ​ជាតិ ​ដើម្បី​សម្រេច​ និង​អនុម័ត​។ ហើយ​ភាគី​យើង​ទាំង​ពីរនឹងបន្ត​ជួប​ពិភាក្សា​គ្នា​រវាង​ក្រុម​លេខា ​GBC ​ទាំងពីរ​ ដើម្បីរ​កយន្តការ​ដោះស្រាយ​ឲ្យ​កាន់​តែ​ប្រសើរ​ ៕

 

ចែករំលែក

បញ្ចេញយោបល់