រោងចក្រប្រព្រឹត្តកម្មទឹកស្អាតទឹកវិលទី២ នៅក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ថ្ងៃពុធ ទី ១១ ធ្នូ ២០១៩​
10

សៀមរប៖ យោងតាមគម្រោងវិនិយោគទ្រង់ទ្រាយធំដោយដៃគូអភិវឌ្ឍន៍នានា ឆ្នាំ២០២៣ខាងមុខ អង្គភាពរដ្ឋាករទឹកស្វយ័តសៀមរាប នឹងមានសមត្ថភាពអាចផលិតទឹកស្អាតបានប្រមាណជា ៩០​ពាន់​ម៉ែត្រត្រីគុណក្នុង១ថ្ងៃ ខណៈដែលបច្ចប្បន្ននេះ សមត្ថភាពផលិតក្នុង ១ថ្ងៃ បានត្រឹមតែ ៣០​ពាន់ម៉ែត្រត្រីគុណ ដែលកំពុងប្រឈមនឹងតម្រូវការប្រើប្រាស់ក្នុង១ថ្ងៃ ៦០ពាន់ម៉ែត្រត្រីគុណក្នុង ១ថ្ងៃ នៅក្នុងក្រុងសៀមរាប។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតទឹកវិល២ និងបំពង់មេនាំទឹកស្អាតទំហំ ៧០០មម ប្រវែងជាង ៦​ពាន់​ម៉ែត្រ ស្ថិតក្នុងភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាគម្រោងបន្ថែមបន្ទាន់ សមត្ថភាពផ្គត់ផ្គង់ទឹកស្អាតក្រុងសៀមរាប ស្ថិតក្រោមក្របខណ្ឌឥណទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ក្នុងទំហំទឹកប្រាក់វិនិយោគ ជិត ១៣លានដុល្លា ដោយយកប្រភពទឹកពីអាងបារាយណ៍ខាងលិច បានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នារសៀល​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម និងមានវត្តមានផងដែរ លោកស្រី អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្​ឋទូតសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានឱ្យដឹងថា បច្ចុប្បន្ននេះតម្រូវការប្រើប្រាស់ទឹកស្អាតក្នុងក្រុងសៀមរាប ជាមធ្យមប្រមាណ ៦០ពាន់ម៉ែត្រត្រីគុណក្នុង ១ថ្ងៃ ខណៈពេលដែលរដ្ឋាករទឹកស្វយ័តសៀមរាប មានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតមានត្រឹមតែ ៣០ពាន់ម៉ែត្រត្រីគុណក្នុង ១ថ្ងៃ រួមទាំងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតទឹកវិល២ ដែលកំពុងបើកសម្ពោធនេះ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ១៥ពាន់ម៉ែត្រត្រីគុណក្នុង ១ថ្ងៃ។ បើយោងតាមការសិក្សារបស់ក្រុមហ៊ុនបារាំង និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅក្នុងឆ្នាំ​២០៣០​ខាងមុខ តម្រូវការនៃការប្រើប្រាស់ទឹកស្អាតនឹងកើនឡើងដល់ ៩០ពាន់ម៉ែត្រត្រីគុណក្នុង ១​ថ្ងៃ។ ពាក់ព័ន្ធនឹងតម្រូវការទឹកស្អាត ដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ រដ្ឋាករទឹកស្វយ័តសៀមរាប មានគម្រោងវិនិយោគទ្រង់ទ្រាយធំ លើការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត តាម​រយៈនៃការគៀងគរប្រភពទុនពីដៃគូអភិវឌ្ឍន៍នានាផងដែរ។

លោកអភិបាលខេត្តបានឱ្យដឹងបន្ថែមថា គម្រោងពង្រីកបណ្តាញចែកចាយទឹកស្អាត ប្រវែង ១០០គីឡូម៉ែត្រ ក្រោមឥណទានរបស់ធនាគារអភិវឌ្ឍអាស៊ី ( ADB ) មានទំហំទឹកប្រាក់សរុប ៥លានដុល្លារ និងថវិការបស់រដ្ឋាករទឹកស្វយ័តសៀមរាបផ្ទាល់សរុបប្រមាណ ២លានដុល្លារ ដែលចាប់ដំណើរការសាងសង់ កាលពីឆ្នាំ២០១៨នោះ គ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២០ខាងមុខនេះ។

បន្ទាប់ការធ្វើចំណាប់អារម្មណ៍របស់លោកស្រីឯកអគ្គរដ្ឋទូតរួចមក លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្រាប់ក្រុងសៀមរាប ត្រូវមានការគិតគូរទុកជាមុន ក្នុងរយៈពេលវែង ពី១០ ទៅ ២០ឆ្នាំខាងមុខ ដើម្បីត្រៀមដោះស្រាយបញ្ហាផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ និងបម្រើដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ដែលនឹងមានការរីកចម្រើនកាន់តែខ្លាំងថែមទៀតនៅប៉ុន្មានឆ្នាំខាងមុខនេះ។

ក្នុងទិសដៅឈានឆ្ពោះទៅកាន់ការផ្តល់សេវាគ្របដណ្តប់ ១០០% លើក្រុងសៀមរាប ឆ្លើយតបនឹងគោលនយោបាយទឹកស្អាតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាករទឹកស្វយ័តសៀមរាប មានគម្រោងវិនិយោគមួយផ្សេងទៀត ក្រោមក្របខណ្ឌឥណទានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ជាមួយនឹងទំហំទឹកប្រាក់ប្រមាណជា ១០៦លានដុល្លារ សម្រាប់ការសាងសង់រោងចក្រទឹកស្អាតថ្មីមួយទៀត សមត្ថភាពផលិត ៦០ពាន់ម៉ែត្រត្រីគុណក្នុង ១ថ្ងៃ ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដោយយកប្រភពទឹកពីបឹងទន្លេសាប និងការដំឡើងបំពង់មេនាំទឹក និងបំពង់ចែកចាយទឹកស្អាតប្រវែងសរុប ២២០គីឡូម៉ែត្រ។

គម្រោងនេះ រដ្ឋាករទឹកស្វយ័តសៀមរាប បានចុះហត្តលេខាជាមួយក្រុមហ៊ុនសាងសង់រួចហើយ ហើយក្រុមហ៊ុនក៏បានចាប់ផ្តើមការងារជំហានដំបូង និងផ្គត់ផ្គង់សម្ភារៈពីក្រៅប្រទេសជាបន្តបន្ទាប់ និងត្រូវបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខ ហើយគ្រោងនឹងបញ្ចប់ការដ្ឋានសាងសង់ក្នុងឆ្នាំ២០២៣ ។ ក្នុងនោះ លោកទេសរដ្ឋមន្ត្រីក៏បានលើកនូវគម្រោងក្នុងការរកប្រភពទឹក ដើមី្បធ្វើការផ្គត់ផ្គង់ដល់ក្រុងសៀមរាប សម្រាប់ទៅពេលអនាគតផងដែរ៕

ចែករំលែក

បញ្ចេញយោបល់