គាំទ្របាល់ទាត់កម្ពុជា! រដ្ឋបាលរាជធានីភ្នំពេញ នឹងចាក់បញ្ចាំងបន្តផ្ទាល់ការប្រកួត U22 កម្ពុជាប៉ះវៀតណាម វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ SEA Games នៅសួនមុខវត្តបទុមវតី និងមុខណាហ្គា

ថ្ងៃសៅរ៍ ទី ៧ ធ្នូ ២០១៩​
8

នៅម៉ោង៧៖០០នាទយប់ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការចាក់បញ្ចាំងបន្តផ្ទាល់ ការប្រកួតបាល់ទាត់ SEA Games 2019 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាងកម្ពុជា និងវៀតណាម នៅសួនមុខវត្តបទុមវតី និងមុខណាហ្គា សួនច្បារលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអញ្ជើញបងប្អូនចូលរួមទស្សនា និងគាំទ្រទាំងអស់គ្នា នៅសួនច្បារមុខវត្តបទុមវតី ចាប់ពីម៉ោង ៧៖០០យប់តទៅ។

ការប្រកួតដ៏កម្រនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រកម្ពុជា ក៏ដូចជាអ្នកគាំទ្រវៀតណាម ដ្បិតនេះគឺជាលើកដំបូង ដែលក្រុមទាំងពីរបានជួបគ្នា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ កម្ពុជា និងវៀតណាម ធ្លាប់ជួបគ្នា ៣លើកមកហើយ ក្នុងវគ្គជម្រុះតាមពូល នៃព្រឹត្តិការណ៍នេះ ដោយកម្ពុជាបានបរាជ័យទាំង៣ប្រកួត ពោលគឺឆ្នាំ១៩៩៥ ចាញ់ ៤-០, ឆ្នាំ២០០៩ ចាញ់៦-១ និងឆ្នាំ២០១៧ ចាញ់ ៤-១។

គួរដឹងថា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រថ្ងៃនេះមាន២គូ ពោលគឺមុនឈានដល់ការប្រកួតរវាងកម្ពុជា និងវៀតណាម គឺក្រុម U22 មីយ៉ាន់ម៉ា ត្រូវជួបក្រុម U22 ឥណ្ឌូនេស៊ី ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ ៕

ចែករំលែក

បញ្ចេញយោបល់