រដ្ឋបាលខេត្តក្រចេះប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅខែធ្នូ ឆ្នាំ២០១៩

ម្សិលមិញ ម៉ោង 19:53 pm​
7

ក្រចេះ៖ ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅខែធ្នូ ឆ្នាំ២០១៩ និងពិភាក្សាទៅលើកិច្ចការមួយចំនួន នៅក្នុងដំណើរការអភិវឌ្ឍន៍ខេត្តក្រចេះ ក្នុងពេលបច្ចុប្បន្ន។

លោកអភិបាលខេត្ត បានណែនាំឱ្យមន្ត្រីមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធបង្កើន សកម្មភាពការងារ ក្នុងការដោះស្រាយបញ្ហា ដែលប្រជាពលរដ្ឋបានស្នើអោយបានទាន់ពេលវេលា។ ចំពោះបញ្ហាខ្លះទៀត ដែលពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ទូទៅ និងបញ្ហាគឿងញៀន ក្នុងនាមរដ្ឋបាលខេត្ត លោកបានបញ្ជាក់ថា អាជ្ញាធរត្រូវតែយកច្បាប់មកអនុវត្ត ជនណាប្រព្រឹត្តបទល្មើសណាក៏ដោយ ដាច់ខាតត្រូវតែចាប់បញ្ជូនយកទៅផ្តន្ទាទោស ព្រោះថាគឿងញៀននេះ ជាជំងឺកាចសាហាវមួយ ដែលពិបាកព្យាបាល និងប៉ះពាល់ដល់យុវជនដែលជាទំពាំងស្នងឫស្សី របស់ប្រទេសជាតិយើង។

លោកបានមានប្រសាសន៍បន្តថា រដ្ឋបាលខេត្តធ្វើការអភិវឌ្ឍក្នុងខេត្តក្រចេះបច្ចុប្បន្ន បានផ្តល់សារៈសំខាន់ចាំបាច់ និងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សង្គមជាតិ និងសេដ្ឋកិច្ចប្រជាពលរដ្ឋ ជាពិសេសជាងនេះ គឺជាជោគជ័យក្នុងការអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

លោកក៏បានណែនាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ រួមទាំងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ខិតខំធ្វើកិច្ចការងារឱ្យបានឆាប់ ដើម្បីផ្តល់សេវាផ្សេងៗ ជូនប្រជាពលរដ្ឋ ឱ្យស្របតាមការស្នើសុំរបស់ប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈ ក្នុងនោះដែលលោកបានជំរុញផ្សាព្វផ្សាយដល់ថ្នាក់ស្រុក ក្រុង ឃុំ សង្កាត់ ត្រូវតែត្រៀមបង្ការនូវវិធានការថែរក្សាទឹកទុក ក្នុងកំឡុងពេលខាងមុខ ដែលរាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសពីគ្រោះរាំងស្ងួត៕

ចែករំលែក

បញ្ចេញយោបល់