សហរដ្ឋអាមេរិក គាំទ្រដល់ការបណ្តុះបណ្តាលកងកម្លាំងមួកខៀវកម្ពុជា រួមនិងកិច្ចសហប្រតិបត្តិការជាច្រើនទៀតលើវិស័យយោធា

ម្សិលមិញ ម៉ោង 16:59 pm​
5

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ បានអនុញ្ញាតឲ្យលោក ផាទ្រីក ម៊ួរហ្វី (W.Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណា ចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។ នៅក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនាកាលពីពេលថ្មីៗនេះរវាង លោក ផាទ្រីក ម៊ួរហ្វី ជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលផ្តោតសំខាន់លើការបន្តពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យមានភាពល្អប្រសើរ ជាពិសេសសារលិខិតរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ផ្ញើជូនលោកនាយករដ្ឋមន្រ្តី ដែលបានបញ្ជាក់ច្បាស់ពីគោលនយោបាយមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានអះអាងពីការបន្តសហការល្អជាមួយសហរដ្ឋអាមេរិក តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចក៏ដូចជា កិច្ចសហការបន្តរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួន នៅកម្ពុជា។ នាយឧត្តមសេនីយ៍ ក៏បានសំណូមពរដល់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ក្នុងនោះការពង្រឹងកិច្ចប្រតិបត្តិការ នៃកម្លាំងកងទ័ពមួកខៀវកម្ពុជា ដែលត្រូវទៅបំពេញបេសកកម្មការងារមនុស្សធម៌ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ជាកិច្ចឆ្លើយតប លោក ផាទ្រីក ម៊ួរហ្វី (W.Patrick Murphy) បានយល់ស្របនូវការលើកឡើងរបស់នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក្នុងការពង្រឹង ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែល្អ ប្រសើរ រវាងប្រទេសទាំងពីរ។ ដោយឡែក លើវិស័យយោធា សហរដ្ឋអាមេរិកបានគាំទ្រដល់ការជួយបណ្តុះបណ្តាលកងកម្លាំងមួកខៀវកម្ពុជា រួមនិងកិច្ចសហប្រតិបត្តិការជាច្រើនទៀត នៃវិស័យយោធានាពេលខាងមុខ។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានលើកឡើងផងដែរនូវព័ត៌មានកន្លងមក ដែលបានផ្សព្វផ្សាយថា កម្ពុជាបានអនុញ្ញាតឲ្យមានមូលដ្ឋានយោធាចិននៅលើទឹកដីរបស់ខ្លួន ហើយដែលបញ្ហានេះរាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើការបដិសេធជាច្រើនដងរួចមកហើយដែរ ក្នុងនោះមានទាំងអនុញ្ញាតឲ្យអ្នកសារព័ត៌មានជាតិ អន្តរជាតិ ជាច្រើនស្ថាប័ន ចុះទៅពិនិត្យដល់កន្លែងដែលសង្ស័យទៀតផង។

លោកឯកអគ្គរដ្ឋទូត បានចាត់ទុកការផ្សាយព័ត៌មាននេះ គឺជាការមិនពិត ហើយដែលចង់ធ្វើឲ្យបាត់បង់ស្ថេរភាពតែប៉ុណ្ណោះ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានបញ្ជាក់ច្បាស់ជាថ្មីម្តងទៀត នូវរដ្ឋធម្មនុញ្ញកម្ពុជា ដែលមិនមានមាត្រាណាមួយអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់កម្ពុជានោះទេ ហើយក៏មិនអនុញ្ញាឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសនោះដែរ លើកលែងតែក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិតែប៉ុណ្ណោះ៕

ចែករំលែក

បញ្ចេញយោបល់