វគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋមដល់ទីប្រឹក្សា និងយុវជន

ម្សិលមិញ ម៉ោង 15:57 pm​
2

ស្វាយរៀង៖ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋមដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ទើបជ្រើសរើសថ្មីប្រចាំវិទ្យាល័យ ហ៊ុនសែន ស្វាយជ្រំ សរុបចំនួន៣៥នាក់ ស្ត្រី១៦នាក់។

ពិធីនេះមានការចូលរួមពីលោក សរ វណ្ណា នាយកសាខា លោក ហែម សារិទ្ធ អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រំ មន្ត្រីតំណាងមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកនាយកវិទ្យាល័យ ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន៤៤នាក់ ដែលវគ្គបណ្តុះបណ្តាល នេះមានរយៈពេល១ថ្ងៃ ដោយមានការសម្របសម្រួលពីមន្ត្រីទទួលបន្ទុកយុវជន នៃសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងគោលបំណងផ្តល់នូវចំណេះដឹងជាមូលដ្ឋាន ដែលពាក់ព័ន្ធទៅនឹងប្រវត្តិរបស់ចលនា គោលការណ៍គ្រឹះទាំង៧ និងវិជ្ជាសង្គ្រោះបឋមដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ដែលទើបបានជ្រើសរើសថ្មី ដើម្បីឲ្យពួកគាត់ទទួលបាននូវជំនាញ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមអនុវត្តការងារមនុស្សធម៌នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ លោក សរ វណ្ណា បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខដោយក្ដីស្រឡាញ់ និងនឹករលឹកពីសំណាក់លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ដល់ទីប្រឹក្សា និងក្មួយៗយុវជនទាំងអស់សូមមានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ កម្លាំងមាំមួន ដើម្បីបំពេញសកម្មភាពការងារមនុស្សធម៌ និងការងារសង្គមបន្ដទៀត។

ក្នុងនោះដែរ លោកនាយកសាខា ក៏បានសំណូមពរឲ្យអ្នកចូលរួមទាំងអស់ ខិតខំយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹងពីគ្រូបង្ហាត់ឲ្យបានល្អ ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ឲ្យកាន់តែល្អបន្ថែមទៀត ហើយត្រូវយកចំណេះដឹងទាំងអស់នេះទៅផ្សព្វផ្សាយបន្តដល់មិត្តភ័ក្រនៅសាលា និងនៅសហគមន៍ដែលខ្លួនរស់នៅ ត្រូវគោរពច្បាប់ចរាចរណ៍ ជៀសឲ្យឆ្ងាយពីល្បែងពាលាអាវាសែ និងគ្រឿញៀន ដែលបង្ករគ្រោះថ្នាក់ធ្ងន់ធ្ងរដល់យុវជន និងសង្គមជាតិ បន្តរក្សាបាននូវស្ថេរភាព នៃកិច្ចអភិវឌ្ឈន៍បរិស្ថាន សន្តិភាព និងបន្តពង្រីកកម្លាំងយុវជនឲ្យស្ថិតនៅជាកម្លាំងស្នូលសម្រាប់ការងារជួយសង្គ្រោះនានា រួមចំណែកដល់ការលើកកម្ពស់វឌ្ឍនភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ៕

ចែករំលែក

បញ្ចេញយោបល់