អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព ជាពិសេសក្មេងតូចៗ នៅក្នុងរដូវត្រជាក់នេះ

ថ្ងៃចន្ទ ទី ២ ធ្នូ ២០១៩​
4

ប៉ៃលិន ៖ មានប្រសាសន៍នៅក្នុងឱកាស ចុះសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកាទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ដែលថ្ងៃអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានណែនាំ និងអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តទាំងអស់ ត្រូវចេះថែទាំសុខភាព ជាពិសេសកុមារតូចៗ នៅក្នុងរដូវអាកាសធាតុត្រជាក់នេះ។

នៅក្នុងឱកាសនោះដែរ ក៏មានការចូលរួមពីសំណាក់លោក សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្តជាច្រើននាក់ផងដែរ។

ជាមួយគ្នានោះ លោកក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ អោយមានការប្រុងប្រយ័ត្នចំពោះជម្ងឺដម្កាត់ផ្សេងៗ ដែលអាចបង្កជាបញ្ហាលំបាកដល់ក្រុមគ្រួសារ ជាពិសេសត្រូវថែទាំសុខភាព និងអនាម័យសម្រាប់កុមារតូចៗ ហើយបើសង្កេតឃើញកូនៗមានសភាពមិនសូវស្រួល ត្រូវនាំទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុត ដើម្បីពិគ្រោះ និងព្យាបាលជៀសវាងទុកឲ្យកុមារមានសភាពជម្ងឺធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិត។

ស្របគ្នានោះ លោកអភិបាលខេត្ត ក៏បានថ្លែងការកោតសរសើ និងលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ សូមបន្តខិតខំដោះស្រាយ បម្រើ និងពិនិត្យ ព្យាបាលជម្ងឺ ជូនបងប្អូនប្រជាពលរដ្ឋយើងឱ្យកាន់តែល្អថែមទៀត ព្រមទាំងបានឧបត្ថម្ភដល់អ្នកជម្ងឺចំនួន៦២នាក់ ដោយក្នុងម្នាក់ៗឃីត១កញ្ចប់ និងថវិកា ២ម៉ឺនរៀលផងដែរ។

បើតាមការបញ្ជាក់របស់លោក ស្លេះ យូ ប្រធានស្តីទីមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឲ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន មានចំនួន ៦២នាក់ ក្នុងនោះមានកុមារចំនួន ១៤នាក់ ជម្ងឺវះកាត់ ចំនួន១៥នាក់ ជម្ងឺទូទៅចំនួន១៤នាក់ ជម្ងឺសង្គ្រោះបន្ទាន់ ចំនួន០៧នាក់ ជម្ងឺរបេង២នាក់ និងសម្ភពចំនួន១០នាក់៕

ចែករំលែក

បញ្ចេញយោបល់