ប្រជាជនខ្មែរគ្រប់រូបចងចាំថា មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករាទើបមានអ្វីៗដូចថ្ងៃនេះ

ថ្ងៃចន្ទ ទី ២ ធ្នូ ២០១៩​
5

ប៉ៃលិន៖ នៅថៃ្ងទី០២ ខែធ្នូ ឆ្នាំ២០១៩ ខេត្តប៉ៃលិន បានប្រារព្ធមិទ្ទិញអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៤១ ថ្ងៃកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ១៩៧៨ ២ធ្នូ ២០១៩ ស្ថិតក្រោមអធិបតីភាពលោក ផាន់ ចាន់ធុល ប្រធានគណៈកម្មការធិការបក្សខេត្ត និងជាប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ ខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសមាជិករណសិរ្សខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធ ព្រះសង្ឃ សាសនិកឥស្លាម និងប្រជាពលរដ្ឋប្រមាណជាង ៦០០នាក់។

ក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល បានលើកឡើងថា ថ្ងៃ២ធ្នូ គឺជាថ្ងៃប្រវត្តិសាស្រ្ត ដែលបានចារឹកជាប់ក្នុងបេះដូងប្រជាជនខ្មែរគ្រប់រូប មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករាទើបមានអ្វីៗដូចថ្ងៃនេះ ហើយថ្ងៃ២ឆ្នូ ជាថ្ងៃបង្កើតកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយរំដោះទឹកដី និងរំដោះជីវិតប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដូច្នេះយើងទាំងអស់គ្នាត្រូវចាត់ទុកថ្ងៃ២ឆ្នូ ជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុតចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា។ រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាអោយរួចផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្តោះទេ រណសិរ្ស២ធ្នូ នៅបានជួយស្តារកសាង និងអភិវឌ្ឍន៍មាតុភូមិអោយមានការរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រនៅទូទាំងប្រទេសកម្ពុជា។

លោក ផាន់ ចាន់ធុល បានបន្តថា រណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ធ្នូ ១៩៧៨ បច្ចុប្បន្នត្រូវបានដូរឈ្មោះមកជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះក្នុងភូមិជើងក្លូ ឃុំ២ធ្នូ ខេត្តក្រចេះ ដើម្បីរួមជាមួយប្រជាជនផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរហូតទទួលជ័យជំនះនាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ទទួលបានមកវិញនូវសិទ្ធិសេរីភាព និងមានឱកាសស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរបស់មាតុភូមិកម្ពុជា។ ប្រជាជនកម្ពុជាសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស២ធ្នូ និង ជ័យជំនះថ្ងៃ៧មករានោះទេ យើងក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ នេះគឺជាសច្ចៈធម៌នៃប្រវត្តិសាស្ត្រ។

លោកបានបន្តទៀតថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យ បានបង្រួបបង្រួមជាតិខ្មែរតែមួយឡើងវិញ ធ្វើអោយប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានសណ្តាប់ធ្នាប់ក្នុងសង្គមបានល្អប្រសើរ ធ្វើអោយមានការអភិវឌ្ឍន៍លើគ្រប់វិស័យគួរអោយមោទនៈ។ ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លុបបំបាត់នូវស្នាមបែកបាក់នៅក្នុងសង្គមជាតិធ្វើអោយធ្លុងមហាសាមគ្គីជាតិកាន់តែរឹងមាំឡើង ដើម្បីរួមគ្នាដឹកនាំ និងកសាងប្រទេសអោយមានការរីកចំរើនថែមទៀត។

សូមបញ្ជាក់ថា៖ ដើម្បីជាសក្ខីភាពនៃការដឹងគុណចំពោះបុព្វការីជន និងរណសិសរ្សអភវឌ្ឍន៍មាតុភូមិកម្ពុជា អង្គមិទ្ទិញទាំងមូលបានប្តេជ្ញាលើកកំពស់ស្មារតីថែរក្សាសុខសន្តិភាព សាមគ្គីភាពផ្ទៃក្នុង ប្រកាន់ភ្ជាប់ប្រពៃណីស្នេហាជាតិផ្សារភ្ជាប់ជាមួយប្រជាជន បំរើប្រជាជន អោយអស់កំលាំងកាយចិត្តដើម្បីអនុវត្តន៍អោយបានជោគជ័យនូវទិសដៅរបស់ថ្នាក់លើក្នុងការរួមចំណែកកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋ៕

ចែករំលែក

បញ្ចេញយោបល់