កម្ពុជា-វៀតណាម បើកកិច្ចប្រជុំទ្វេភាគីក្រុមការងារសង្រ្គោះគ្រោះមហន្តរាយអចិន្ត្រៃយ៍នៅតាមព្រំដែនគោកនៃប្រទេសទាំងពីរ

ថ្ងៃចន្ទ ទី ២ ធ្នូ ២០១៩​
4

ក្រុមការងារសង្រ្គោះគ្រោះមហន្តរាយព្រំដែនគោក កម្ពុជា-វៀណាម បានជួបប្រជុំគ្នាកាលពី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំក្រសួងការពារជាតិ ដើម្បីត្រួតពិនិត្យការងារចុងក្រោយ សំរាប់ការត្រៀមធ្វើលំហាត់សមយុទ្ធសង្រ្គោះគ្រោះហន្តរាយ នៅតាមព្រំដែនគោក រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ក្នុងខែធ្នូ ខាងមុខនេះ។

នៅក្នុងកិច្ចប្រជុំទ្វេភាគីក្រុមការងារសង្រ្គោះគ្រោះមហន្តរាយអចិន្ត្រៃយ៍ ព្រំដែនគោក កម្ពុជា-វៀណាម រវាង នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ ក្រសួងការពារជាតិកម្ពុជា និង លោកឧត្តមសេនីយ៍ត្រី ង្វៀន ហ៊ីងហ៊ុង អនុប្រធានស្នងការសង្រ្គោះគ្រោះមហន្តរាយ ក្រសួងការពារប្រទេសវៀតណាម បានចាត់ទុកការងារជួយសង្រ្គោះគ្រោះហន្តរាយ ដល់ប្រជាពលរដ្ឋរស់នៅតាមព្រំដែន ប្រទេសទាំងពីកម្ពុជា វៀតណាម គឺជាកិច្ចការដ៏សំខាន់របស់កងទ័ពប្រទេសទាំងពីរ កម្ពុជា វៀតណាម ដើម្បីផ្តល់សេចក្តីសុខដល់ប្រជាជនប្រទេសទាំងពីរ សំដៅរួមចំណែក អភិវឌ្ឍតំបន់ព្រំដែនអោយមានការរីកចំរើន។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានមានប្រសាសន៍បញ្ជាក់អោយដឹងថា៖ ដោយអនុវត្តតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា វៀតណាម ដែលបានប្រគល់ភារកិច្ចអោយ ក្រសួងការពារជាតិប្រទេសទាំងពីរ កម្ពុជា និង វៀតណាម សាងសង់អគារមណ្ឌលសុខភាពមួយកន្លែងនៅជិតព្រំដែន ក្នុងឃុំទួលស្តី ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង ដើម្បីជួយព្យាបាល សង្គ្រោះប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែន អោយបានទាន់ពេលវេលា នៅពេលមានគ្រោះមហន្តរាយកើតឡើងជាយកថាហេតុ។

តាមរយៈកិច្ចប្រជុំនោះ ក្រុមការងារប្រទេសទាំងពីរ កម្ពុជា និង វៀតណាម ក៏បានធ្វើការពិភាក្សាគ្នា ត្រួតពិនិត្យការងារចុងក្រោយដើម្បីត្រៀមរៀបចំ សម្ពោធអគារមណ្ឌលសុខភាព នៅឃុំទួលស្តី ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង និងការត្រៀមលក្ខណៈធ្វើលំហាត់ សមយុទ្ធសង្រ្គោះគ្រោះហន្តរាយព្រំដែនគោក នាខែធ្នូ ឆ្នាំ២០១៩ ខាងមុខ។

បន្ទាប់ពីបានជួបប្រជុំពិភាក្សាការងារនៅក្រសួងការពារជាតិរួចមក នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងាររៀបចំធ្វើលំហាត់សមយុទ្ធសង្រ្គោះគ្រោះហន្តរាយ ដល់ប្រជាពលរដ្ឋរស់នៅតាមព្រំដែនគោក កម្ពុជា វៀតណាម ដឹកនាំដោយ នាយឧត្តមសេនីយ៍ ម៉ឹង សំផន និងលោកឧត្តមសេនីយ៍ត្រី ង្វៀន ហ៊ីងហ៊ុង ព្រមទាំងសមាជិកក្រុមការងារតាមជំនាញទាំងអស់ ក៏បានអញ្ជើញធ្វើដំណើរតាមឧទ្ធម្ភាគចក្រកងទ័ពជើងអាកាស នៃខភម ចុះទៅពិនិត្យមើលអគារមណ្ឌលសុខភាព ដែលកំពង់សាងសង់នៅជិតព្រំដែន ស្ថិតនៅក្នុង ឃុំទួលស្តី ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង និង ត្រួតពិនិត្យទីតាំងជាក់ស្តែង សំរាប់ធ្វើលំហាត់សមយុទ្ធជួយសង្គ្រោះគ្រោះមហន្តរាយ ដែលមានទីតាំងស្ថិនៅក្នុងភូមិសាស្រ្ត ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

សូមបញ្ជាក់ថា៖ មណ្ឌលសុខភាពមួយកន្លែងនៅជិតព្រំដែន ស្ថិតនៅក្នុងឃុំទួលស្តី ស្រុកចន្រ្ទាខេត្តស្វាយរៀង ដែលកំពង់សាងសង់ជិតរួចរាល់នេះ ក្រោមការជួយឧបត្ថមពីភាគីមិត្តវៀតណាម ដែលត្រូវចំណាយថវិកាសាងសង់ចំនួន ១ សែន ៥ ម៉ឺនដុល្លា នៅលើផ្ទៃដីទំហំ១ហិកតា ដើម្បីត្រៀមសង្រ្គោះគ្រោះមហន្តរាយដែលកើតមានឡើងជាយកថាហេតុ។

នៅក្នុងឱកាសចុះទៅពិនិត្យមើលអគារមណ្ឌលសុខភាព និងត្រួតពិនិត្យទីតាំងជាក់ស្តែងសំរាប់ធ្វើលំហាត់សមយុទ្ធជួយសង្គ្រោះគ្រោះមហន្តរាយនាឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានថ្លែងថា៖ ក្រោមការដឹកនាំរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែនគោក ក៏ដូចជាតំបន់ដ៏ទៃទៀត ដើម្បីអោយបងប្អូនទទួលបានសុខសុវត្ថិភាពក្នុងការរស់នៅ និង ការប្រកបមុខរបរចឹញ្ចឹមជីវិតបានងាយស្រួល។
ម៉ឹង សំផន បានបញ្ជាក់អោយដឹងថា៖ អនុវត្តតាមអនុសាសន៍ណែនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យើងត្រូវបង្កើនស្មារតីប្រុងប្រយ័ត្ន និងមានវិធានការទប់ទល់ចំពោះគ្រោះធម្មជាតិផ្សេងៗនៅតាមបណ្តោយព្រំដែន កម្ពុជា និង វៀតណាម ដើម្បីសហការគ្នាធ្វើយ៉ាងណាអោយប្រជាជននៅតាមបណ្តោយព្រំដែនរស់នៅក្នុងសុខ សុវត្តិភាព និង សន្តិភាព កុំអោយមានបញ្ហាអ្វីកើតឡើង។

លោក ម៉ឹង សំផន បានបន្តថា៖ ក្រោមការដឹកនាំរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើអោយប្រទេសជាតិបានបញ្ចប់សង្គ្រាម និង ទទួលបានសន្តិភាពពេញលេញនៅទូទាំងប្រទេស ដែលពីមុនទីកន្លែងដែលត្រៀមធ្វើលំហាត់សមយុទ្ធនេះ ត្រូវបានរងគ្រោះដោយសារសង្រ្គាម តែបច្ចុប្បន្ននេះ បានក្លាយទៅជាតំបន់អភិវឌ្ឍន៍រីកចំរើនគួរអោយកត់សំគាល់។

ឆ្លៀតក្នុងឱកាសចុះពិនិត្យជាក់ស្តែង ការដ្ឋានសាងសង់អគារមណ្ឌលសុខភាព និងទីលានលំហាត់សមយុទ្ធជួយសង្គ្រោះគ្រោះមហន្តរាយនាពេលនោះ លោក ម៉ឹង សំផន និងក្រុមការងារក៏បានណែនាំដល់ក្រុមជាងសាងសង់មណ្ឌលសុខភាព ត្រូវធ្វើយ៉ាងណាសាងសង់សំណង់នេះអោយបានរឹងមាំ មានគុណភាព និងសោភ័ណភាពល្អ ដើម្បីបំរើសេចក្តីត្រូវការដល់ការពិនិត្យព្យាបាល ថែទាំសុខភាពប្រជាពលរដ្ឋអោយមានប្រសិទ្ធភាព និង ទាន់ពេលវេលា។

សូមបញ្ជាក់ថា៖ ដោយអនុវត្តតាមកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា វៀតណាម ដែលបានប្រគល់ភារកិច្ចអោយ ក្រសួងការពារជាតិប្រទេសទាំងពីរកម្ពុជា និង វៀតណាម ធ្វើលំហាត់សមយុទ្ធសង្រ្គោះគ្រោះហន្តរាយ នៅតាមព្រំដែនគោករវាងប្រទេសទាំងពីរមហន្តរាយ ដែលនឹងប្រារព្ធធ្វើនៅខែធ្នូខាងមុខនេះ ក្រុមការងាររៀបចំធ្វើសមយុទ្ធ និងប្រើប្រាស់កម្លាំងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា វៀតណាម ដែលមានភាគីនីមួយៗចូលរួមចំនួន២០០នាក់ និងប្រជាជនចូលរួមចំនួន ៣០០នាក់។ ក្នុងការអនុវត្តលំហាត់នេះ ភាគីមិត្ត នឹងជួយពិនិត្យជម្ងឺជូនប្រជាពលរដ្ឋកម្ពុជាចំនួន២០០នាក់ និង ជួយឧបត្ថម្ភនូវទូកអូប័រ និងម៉ាស៊ីនចំនួន ៤០គ្រឿង ដល់ភាគីកម្ពុជាផងដែរ។

តាមរយៈការចុះពិនិត្យទីតាំងជាក់ស្តែងសំរាប់ធ្វើលំហាត់នោះ លោក ម៉ឹង សំផន ក៏បានសំណូមពរដល់ បណ្តាអង្គភាពជំនាញរួមនឹងអាជ្ញាធរដែនដីដែលមានការពាក់ព័ន្ធ ត្រូវបន្តខិតខំធ្វើការសហការគ្នាអោយបានល្អ ជាពិសេស ធ្វើកិច្ចសហប្រតិបត្តិការអោយបានជិតស្និតជាមួយភាគីមិត្ត ដើម្បីអនុវត្តការធ្វើលំហាត់សមយុទ្ធសង្រ្គោះគ្រោះ ហន្តរាយនៅតាមព្រំដែន អោយទទួលបានលទ្ធផលល្អ និងប្រែក្លាយតំបន់ព្រំដែនជាតំបន់មានសុខ សន្តិភាព និងការអភិវឌ្ឍសំរាប់ការរស់នៅរបស់ប្រជាពលរដ្ឋប្រទេសទាំងពីរ ៕

ចែករំលែក

បញ្ចេញយោបល់