ស្មារតី២ធ្នូ នៅស្ថិតស្ថេរជាអមតៈក្នុងដួងចិត្តប្រជាជនកម្ពុជា !

ថ្ងៃចន្ទ ទី ២ ធ្នូ ២០១៩​
7

ក្រចេះ៖ នៅថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ មកដល់ថ្ងៃ២ធ្នូ ឆ្នាំ២០១៩នេះ គឺជាខួបទី៤១ឆ្នាំ នៃការចាប់ផ្ដើមបង្កើតចលនាវាយផ្តួល រំលំ កងទ័ពខ្មែរក្រហមនៃរបបកម្ពុជាប្រជាធិបតេយ្យ ដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្ននេះត្រូវបានប្តូរឈ្មោះមកជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា»វិញ។ ដោយសារគុណូបការៈនេះហើយបានធ្វើឱ្យស្មារតី២ធ្នូ ក្លាយទៅជាថ្ងៃដែលនៅស្ថិតស្ថេរជាអមតៈក្នុងដួងចិត្តប្រជាជនកម្ពុជា ដែលជំរុញឱ្យយើងទាំងអស់គ្នាតែងតែប្រារព្ធទិវារំលឹកខួបនេះជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ និងបានចាត់ទុក ថ្ងៃ២ធ្នូ ជាថ្ងៃចាប់ផ្ដើមដ៏ អស្ចារ្យក្នុង ការផ្ដួល រំលំរបប ប៉ុល ពត។

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ នៅបរិវេណវិមាន ២ធ្នូ ក្នុងភូមិជើងក្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះបានប្រារព្ធទិវានេះឡើងក្រោមអធិបតីភាពលោក ពេជ្រ ប៊ុនធិន សមាជិកក្រុមប្រឹក្សារណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត លោក លោកស្រី អ្នកតំណាងរាស្រ្ត លោក លោកស្រី ជាសមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់ទាំងបីប្រភេទ យុវជនគ្រប់អង្គភាព សិស្សានសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តមានប្រសាសន៍ថា យើងទាំងអស់គ្នាបានចាត់ទុកស្មារតីនៃថ្ងៃ២ធ្នូ គឺជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការ រស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា។

រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះ យើងទាំងអស់គ្នា ឱ្យរួចផុតពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្តោះទេ ប៉ុន្តែរណសិរ្ស២ធ្នូនៅ បានជួយ ប្រជាជនកម្ពុជាក្នុងការស្តារកសាង និងអភិវឌ្ឍន៍មាតុភូមិឱ្យមានការរីកចំរើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រនៅទូទាំងប្រទេសកម្ពុជាថែមទៀត។ ប្រជាជនកម្ពុជា ជាពិសេសយុវជនយើងជំនាន់ ក្រោយសុទ្ធតែយល់ យ៉ាងច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស២ធ្នូ និង ជ័យជំនះថ្ងៃ៧មករានោះទេ យើងក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ ហើយនេះគឺជាសច្ចៈធម៌ប្រវត្តិសាស្ត្រ ដែលមិនអាចមានជនអគតិណាមកបំភ្លៃបានឡើយ។

ក្នុងឱកាសនោះដែរលោក ពេជ្រ ប៊ុនធិន មានប្រសាសន៏ថា ឆ្លងកាត់ដំណាក់កាលដ៏លំបាកជាជំហ៊ានៗ ឥស្សរជនជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា បានខិតខំជំនះ នូវរាល់ឧបសគ្គទាំងឡាយ ដើម្បីប្រែក្លាយមុខមាត់ប្រទេសកម្ពុជាពីប្រទេសដែលមានតែគំនរផេះផង់មកជា ប្រទេស ដែលពោរពេញដោយការអភិវឌ្ឍលើគ្រប់វិស័យឡើងវិញ និងបានជ្រោងទង់មោទនៈភា´ពជាតិឱ្យខ្ពស់ស្មើមុខ ស្មើមាត់ ប្រទេសនានានៅលើពិភពលោកទៀតផង។

ចំពោះភាពអំណោយផលខាងនយោបាយនេះ បានផ្តល់ឱកាសឱ្យជនរួមជាតិ និងរាជរដ្ឋាភិបាលអាចរក្សា បាននូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ដែលទ្រទ្រង់ដល់ការរីកចំរើនលើគ្រប់វិស័យ និងមានកំណើនសេដ្ឋកិច្ចថេរក្នុងរង្វង់៧%ជារៀងរាល់ឆ្នាំ។

ទន្ទឹមនេះដែរប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លុបបំបាត់នូវស្នាមបែកបាក់នៅក្នុងសង្គមជាតិធ្វើ ឱ្យធ្លុងមហាសាមគ្គីជាតិកាន់តែរឹងមាំឡើង ដើម្បីរួមគ្នាដឹកនាំ និងកសាងប្រទេសឱ្យបានរីកចំរើនថែមទៀត។

ជាចុងក្រោយនៃពីធីតំណាងប្រជាពលរដ្ឋបាបញជាក់ពីគោលជំហរថាដើម្បីជាសក្ខីភាពនៃការដឹងគុណចំពោះឥស្សរជន បុព្វការីជន និងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា យើងទាំងអស់គ្នាជាពិសេសយុវជនជំនាន់ក្រោយ ត្រូវលើកកំពស់ស្មារតីថែរក្សាសុខសន្តិភាព សាមគ្គីភាពផ្ទៃក្នុង ប្រកាន់ ខ្ជាប់នូវប្រពៃណីស្នេហាជាតិ ផ្សារភ្ជាប់ជាមួយ ប្រជាជន បំរើប្រជាជនឱ្យអស់ពីកំលាំងកាយចិត្ត ដើម្បីអនុវត្តឱ្យបាន ជោគជ័យនូវគោលដៅយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដើម្បីរួមចំណែកក្នុង ការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជន។

យើងត្រូវរួមសាមគ្គី គ្នាដើម្បីពន្យល់អប់រំដល់យុវជនជំនាន់ក្រោយឱ្យយល់ដឹង និងចងចាំជានិច្ចនូវ គុណបំណាច់ថៃ្ង២ធ្នូ និងថៃ្ងជ័យជំនៈ ៧មករា និងគុណបំណាច់របស់ឥស្សរៈជនយើងដែលបានខិតខំធ្វើពលិកម្ម បូជា សាច់ស្រស់ ឈាមស្រស់ យកជីវិត ធ្វើជាដើមទុន ដើម្បីស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍដល់កូនចៅជំនាន់ក្រោយ ហើយយើងទាំងអស់គ្នាបានចាត់ទុកថារណសិរ្ស២ធ្នូ និងថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា៕

ចែករំលែក

បញ្ចេញយោបល់