កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩

ថ្ងៃសុក្រ ទី ២២ វិច្ឆិកា ២០១៩​
13

ស្វាយរៀង៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត នាយឧត្តមសេនីយ៍ យុន ឈុនី្ន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្ត តំណាង លោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ពីលោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរង ក្រុង ស្រុកទាំង៨ និងលោកអធិការ អធិការរងនគរបាលក្រុង ស្រុកទាំង៨ សរុបចំនួន ៥០នាក់ ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង បានថ្លែងអំណរគុណចំពោះវត្តមាន នាយឧត្តមសេនីយ៍ យុន ឈុនី្ន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក លោកស្រី និងសមាជិក សមាជិកានៃអង្គពិធីទាំងមូល ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ពិតជាបានបង្ហាញអោយឃើញពីការយកចិត្តទុកដាក់ជាសំខាន់ទៅលើគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងក្នុងទឹកដីខេត្តស្វាយរៀង ជាពិសេសដើម្បីបង្កើនស្មារតីយកចិត្តទុកដាក់ទប់ស្កាត់ នូវគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមានការបាត់បង់អាយុជីវិតមនុស្ស ទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើននាគ្រាកន្លងមក។

ជាកិច្ចបន្ទាប់ លោក នួន លីហួន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានធ្វើរបាយការណ៍ បញ្ជាក់អំពីគ្រោះថ្នាក់ចរាចរណ៍ រយៈពេល៩ខែ ឆ្នាំ២០១៩ បានបង្កឡើង សរុបចំនួន ១២២លើក (លើផ្លូវជាតិ ៨០លើក, ផ្លូវក្នុងខេត្ត ៣៥លើក, ផ្លូវលំជនបទ ៧លើក) បើប្រៀបធៀបនិងរយៈពេល៩ខែ ឆ្នាំ២០១៨ គឺ ថយចុះ ០៦លើក ស្មើ៥% មនុស្សរងគ្រោះ សរុបចំនួន ៣០៧នាក់ (ស្រី ១៣៣នាក់) លើ២៦៩នាក់ កើនឡើង ៣៨នាក់ ស្មើ១២% ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ ៧០នាក់ (ស្រី ១៣នាក់) លើ ៥៨នាក់ កើនឡើង ចំនួន ១២នាក់ ស្មើ១៧%, របួសធ្ងន់ ៩៩នាក់ (ស្រី ២៦នាក់)លើ ១១២នាក់ ថយចុះចំនួន ១៣នាក់ ស្មើ១២%, របួសស្រាល ១៣៨នាក់ (ស្រី ៩៤នាក់) លើ ៩៩នាក់ កើនឡើង ចំនួន ៣៩នាក់ ស្មើ២៨% ។

នាយឧត្តមសេនីយ៍ យុន ឈុនី្ន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរចំពោះក្រុមការងារ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង និងអាជ្ញាធរពាក់ព័ន្ធ ដែលកន្លងមកបានខិតខំអនុវត្តការងារសម្រចបានលទ្ធផលតាមផែនការដែលបានគ្រោងទុក ។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថាការរៀបចំកិច្ចប្រជុំនាពេលគឺក្នុងគោលបំណង៖
– បូកសរុបរបាយការណ៍លទ្ធផលសកម្មភាពការងារអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដែលបានអនុវត្តនាពេលកន្លងមក ។
– ត្រួតពិនិត្យ ប្រឡងប្រណាំងតំបន់ពិសេស នៃសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតក្នុងក្រុងបាវិត ។
– ផ្សារភ្ជាប់ទំនាក់ទំនង រវាងក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អំពីការអនុវត្ត និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូគោក ។
បន្ទាប់ពីមានការចូលរួមមតិពី សមាជិក សមាជិការួចមក ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានដាក់ចេញនូវវិធានការសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖
១-ត្រូវបន្តធ្វើការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង អំពីខ្លឹមសារច្បាប់ចរាចរណ៍ផ្លូវគោក និងគោលការណ៍សីលធម៌ ១០ចំណុច ឲ្យបានទូលំទូលាយថែមទៀត តាមរយៈការសង្ខេបខ្លឹមសារខ្លីៗ ងាយយល់ និងបែកចែកជាក្រុមតូចៗ ចុះផ្សព្វផ្សាយតាមខ្នងផ្ទះ តាមសហគមន៍នៅតាមមូលដ្ឋាន។
២-រៀងរាល់ថ្ងៃសីល មន្ទីរធម្មការ និងសាសនាខេត្ត ត្រូវធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់ពុទ្ធបរិស័ទ ។
៣-ត្រូវបន្តរឹងបន្តឹង ការអនុវត្តច្បាប់ ដោយផ្ដោតជាសំខាន់លើ ការបើកបរហួសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង បើកបរមិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ និងជែងក្នុងស្ថានភាពគ្រោះថ្នាក់ ជាពិសេសធ្វើយ៉ាងណាឲ្យអ្នកបើកបរទោចក្រយានយន្តបំពាក់កញ្ចក់មើលក្រោយ និងពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវគ្រប់ៗគ្នា។
៤-មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវធ្វើការសិក្សា ពិនិត្យគំនូសសញ្ញាចរាចរណ៍ នៅតាមដងផ្លូវដែលមានសភាពរលុប ។
៥-ជំរុញតាមបណ្តាស្ថាប័នឯកជននានា ជួយផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់បុគ្គលិក កម្មករ នយោជិត របស់ខ្លួន ។
៦-ត្រូវមានគ្រូបង្គោល ក្នុងការចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក តាមបណ្តាក្រុង ស្រុក ក្នុងខេត្ត ។
៧-ចុះបិតស្ទីគឃ័រ សុវត្ថិភាពចរាចរណ៍តាមខ្នងផ្ទះប្រជាពលរដ្ឋ ។
៨-មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវធ្វើការចុះត្រួតពិនិត្យ តាមសាខាសាលាបង្រៀនបើកបរយានយន្ត និងយានដ្ឋានជួសជុល កែច្នៃ និងតំឡើងយានយន្ត រៀងរាល់ ៣ខែ ឬ ៦ខែម្តង ៕

ចែករំលែក

បញ្ចេញយោបល់