វគ្គផ្សព្វផ្សាយស្តីពីបែបបទ និងនិតិវិធីសម្រុះសម្រួលដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋ នៃរាជធានី ខេត្ត-ក្រុង នៅស្រុកកំពង់ត្រឡាច

ថ្ងៃសុក្រ ទី ២២ វិច្ឆិកា ២០១៩​
9

កំពង់ឆ្នាំង៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសាលាស្រុកកំពង់ត្រឡាច មានការរៀបចំវគ្គផ្សព្វផ្សាយស្តីពីបែបបទនីតិវិធីនៃការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត។

ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង លោក មាស សុធា ក្រុមប្រឹក្សាស្រុក តំណាងលោក ហ៊ុល ចន្ច័ថូ ប្រធានក្រុមប្រឹក្សាស្រុកលោក អាំ សុគន្ឋ អភិបាលរងស្រុកកំពង់ត្រឡាច។

ក្នុងកិច្ចប្រជុំនោះដែរក៏មានការចូលរួមពីសមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក លោក លោកស្រី នាយករដ្ឋបាលស្រុក ប្រធានការិយាល័យចំណុះសាលាសាលាស្រុក លោក លោកស្រី ប្រធានការិយាល័យជុំវិញស្រុក លោក លោកស្រីប្រធានការិយាល័យជំនាញនានាជុំវិញស្រុក លោកមេឃុំ ស្មៀនឃុំ ក្រុមប្រឹក្សាឃុំ សរុបអ្នកចូលរួមមានចំនួន ៩១នាក់ ស្រី ១១នាក់។

លោក ឡុង ឈុនឡៃ បានមានប្រសាសន៍ថា ការបង្កើតការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិគឺដើម្បីលើកកម្ពស់អភិបាលកិច្ចល្អនៅមូលដ្ឋាន តាមរយៈការពង្រឹងតួនាទី ភារកិច្ច ការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ឋតុលាការ ដែលពាក់ព័ន្ឋនឹងការផ្តល់សេវាធារណៈប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ឋភាពសំដៅបង្កើនជំនឿ ទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ៕

ចែករំលែក

បញ្ចេញយោបល់