រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពី ការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ក្នុងពិធីបុណ្យសពសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី

ថ្ងៃសុក្រ ទី ២២ វិច្ឆិកា ២០១៩​
8

រដ្ឋបាលរាជធានីភ្នំពេញ និងគណៈកម្មាធិការបុណ្យជាតិ ជូនដំណឹងស្តីពី «ការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ក្នុងពិធីបុណ្យសព សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី» នឹងមានរៀបចំដង្ហែក្បួនសាកល្បង នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ និងថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ និងមានការរៀបចំពិធីបុណ្យដង្ហែព្រះសព សម្តេចរាជបុត្រីព្រះនរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជាផ្លូវការ ដែលប្រារព្ធធ្វើឡើងនៅវេលាម៉ោង ០៦៖០០នាទីតទៅ។

បើតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ដើម្បីឱ្យការប្រារព្ធពិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀស បានការកកស្ទះចរាចរ នៅតំបន់ជុំវិញកន្លែងប្រារព្ធពិធីរដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរតាមតម្រាយផ្លូវប្រារព្ធពិធី ដោយចាប់ចេញដំណើរចេញពីវត្តបទុមវតី តាមវិថីឧកញ៉ា ស៊ូ ស្រុន ទៅកាន់មហាវិថីព្រះសុរាម្រឹត ដល់មហាវិថីព្រះនរោត្តម រង្វង់មូលវិមានឯករាជ្យ មហាវិថីព្រះសីហនុ មហាវិថីសម្តេច សុធារស រួចឆ្ពោះទៅទីតាំងប្រារព្ធពិធី។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រស់នៅក្នុងរាជធានីភ្នំពេញមេត្តាជ្រាប និងបញ្ចៀសធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធី តាមកាលបរិច្ឆេទខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរណ៍ជាធម្មតាវិញ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

ចែករំលែក

បញ្ចេញយោបល់