ទស្សនៈមិត្តអ្នកអាន៖ សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍគឺពិតជាបានមកដោយស្មារតីនៃ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ»

ថ្ងៃព្រហស្បតិ៍ ទី ២១ វិច្ឆិកា ២០១៩​
21

កិច្ច​ប្រជុំ​កំពូល​អាស៊ី-ប៉ាស៊ី​ហ្វិក​លើក​ទី​២ បាន​ប្រារព្ធ​ធ្វើឡើង​​នៅ​ចំកណ្តាល​នៃ​ទី​ក្រុង​ភ្នំពេញ​ដែល​​​ជា​​បេះ​​​ដូង​​​​នៃ​ព្រះ​​រា​ជា​ណា​ចក្រ​​កម្ពុជា​ពី​ថ្ងៃ​ទី​១៨-២១ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​​ជាង​២​ពាន់​នាក់​។ សមាសភាព​នៃ​អ្នកចូលរួម ជាប្រធានាធិបតី នាយករដ្ឋមន្ត្រី អតីត​ថ្នាក់​ដឹក​នាំ​ប្រទេស​ រដ្ឋ​ស​ភា​ ព្រឹ​ទ្ធ​ស​ភា​ អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​ ធុរៈជន សាកលវិទ្យាល័យ អង្គភាព​សារព័ត៌​មាន​ អ្នក​សិ​ល្បៈ​ និង​ស្ថាប័ន​នា​នា​ជា​ច្រើន​ទៀត​។​​​

នេះ​​ជាជោគជ័យដ៏ធំធេង​​ថ្មី​មួយទៀត​ នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​​លោក​នា​យករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នៅលើ​ឆាក​អន្តរជាតិ​ ជាពិសេស​គឺ​មោទន​ភាពរបស់​ជាតិ​ដែល​ខ្មែរ​​អាច​​ធ្វើ​​បានក្នុង​ការ​រៀប​ចំ​កិច្ច​ប្រជុំ​ធំៗ​ ទាំង​ថ្នាក់​តំបន់​ ពិភព​លោក​​ និង​មាន​ការ​ទទួល​ស្គាល់​ពី​អន្តរជាតិ​​។​ ជាង​នេះ​ទៀត​ ប្រតិភូ​ដែល​បាន​មក​ចូល​រួម​នៅ​ក្នុង​​​​កិច្ច​​​ប្រជុំ​​​កំពូល​​​នេះ ​​បាន​​កោត​​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះភាព​ប៉ិន​ប្រសព្វ​របស់​​​​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែល​បាន​ដឹ​ក​​នាំ​ប្រទេស​កម្ពុជា​​ឲ្យមា​ន​សុខ​សន្តិ​ភាព​ និង​មាន​ការ​រីក​ចម្រើន​ធ្វើ​ឲ្យ​កម្ពុជា​​ក្លាយ​ជា​ប្រទេស​គំរូ​មួយ​​ដែល​មាន​សុខ​សន្តិភាព​ មាន​ការ​បង្រួប​បង្រួម​ជា​តិ​ ឯក​ភាព​ជា​តិ​ ឯកភាព​​ទឹក​ដី​ ​មាន​រដ្ឋាភិ​បា​ល​តែ​មួ​យ​ មាន​កង​កម្លាំង​ប្រដា​ប់អា​វុធ​តែ​មួយ​ និង​ក្រោម​ម្លប់​ព្រះមហាក្សត្រ​តែ​​មួយ​ ហើយ​ប្រតិ​ភូ​ទាំង​អស់ ​បាន​ចាត់​ទុក​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ជា​វីរៈ​ជន​គំរូ​មួយ​ចំពោះ​ការ​​ដឹក​នាំ​នៅ​កម្ពុ​ជា​។​

ឆ្លើយ​តប​នឹងលក្ខណៈសម្បត្តិ​ និង​​​គុណ​សម្បត្តិដ៏វិសេស​វិសាល​នេះ​ លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ត្រូវ​បាន​សហព័ន្ធសន្តិភាពសាកលផ្តល់​ជូន​នូវ​​​ពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ដែល​​នេះ​គឺ​ជាកិត្តិយស​ដ៏​ឧត្តុង្គឧត្តម​ថ្មី​មួយទៀត​ មិន​មែន​ត្រឹម​តែ​សម្រាប់​លោក​នាយក​រដ្ឋ​មន្ត្រី​​ផ្ទាល់​ប៉ុណ្ណោះ​ទេ​​ ប៉ុន្តែ​នេះ​គឺ​ជា​កិត្តិ​យស​​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំង​មូល​ផង​ដែរ​ ព្រោះ​បើ​គ្មាន​ការ​ចូល​រួម​គាំ​ទ្រ​នូវ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ពី​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ទេ​ គឺ​វាមិន​អាច​សម្រេច​បាន​ជោគ​ជ័យ​ ក្នុង​ភាព​ជាអ្នក​ដឹក​នាំប្រទេស​​ និង​អភិបាល​កិច្ច​ល្អ ​នេះ​បាន​ដែរ​។​​

ក្នុង​នាម​យើងខ្ញុំ​​ជាកូន​ខ្មែរ​ យើងខ្ញុំ​ក៏​សូម​ចូល​រួម​អប​អរ​សា​ទ​រ​ចំពោះ​ការទទួលបាន​នូវ​ពានរង្វាន់​«ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» នេះជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ផង​ដែរ​។ អ្វី​ដែល​ជាស្នា​ដៃ​​​លេច​ធ្លោ​រមិន​អាច​កាត់​ថ្លៃ​បាន​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ គឺសមត្ថភាព​ដឹកនាំ​ប្រទេស​ដ៏​ស័ក្តិសម​​​បំផុត​​ ក្នុង​ភាព​ជា​អ្នក​​ដឹក​​នាំ​ដ៏​ឈ្លាស​វៃក្នុង​រយៈ​ពេល​មួយដ៏​យូរ​​​​ដើម្បី​ទទួលបាននូវ​សន្តិភាព​ពេញ​លេញ​ ស្ថិរភាព​ ឯករាជ្យ​ភាព​ អធិ​បតេ​យ្យ​ភាព ​​ហើយ​បាន​និ​ង​កំពុង​បន្ត​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​​សង្គម​របស់​​កម្ពុជា​ឲ្យ​កាន់​តែ​រីក​​ចម្រើន​រុង​រឿ​ង​​ខ្លាំង​ក្លា​ថែម​ទៀត ​​ដូច​បណ្តា​ប្រទេស​ជឿ​នលឿន​ដទៃ​ទៀត​នៅ​ក្នុង​​តំបន់​។ លោក​នាយករដ្ឋ​មន្ត្រី​គឺ​ជា​អគ្គមគ្គុទេស​ក៍​ និង​ជា​អ្នកការទូត​ដ៏​ឆ្នើម​បំផុត​ក្នុង​ការ​កសាង​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិបត្តិការ​ដ៏​ទូលំ​ទូលាយ​ជា​មួយ​​បណ្តា​ប្រទេស​នានា​នៅ​ក្នុង​តំបន់​ និង​សកល​លោក​ធ្វើ​ឱ្យ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ទទួល​បាន​នូវ​កិត្យា​នុ​ភាព​ជាតិ​ខ្ពង់​ខ្ពស់​​នៅ​លើ​ឆាក​អន្តរ​ជាតិ​។

ប្រជាពលរដ្ឋ​កម្ពុជា​​បាន​​ចង​ចាំមិន​ភ្លេច​ថា​ វីរៈភាព​របស់​លោក​នាយករដ្ឋ​មន្ត្រី​​​​ ហ៊ុន សែន និង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​អស់​​ គឺ​ការ «តស៊ូ​រំដោះ​ប្រជាជន​ឱ្យ​រស់​រាន​មាន​ជីវិត​ រួច​ផុតពី​របបប្រល័យ​ពូជសាសន៍​កម្ពុជា​ប្រជាធិបតេយ្យ​ ដោយ​យក​ជីវិត​ធ្វើ​ជាដើម​ទុន​»​ ហើយវីរៈភាព​នេះ​​គឺ​ជា​​បទពិសោធន៍​​ក្នុងការ​ដឹក​នាំប្រទេស​ពី​សង្គ្រាម​ហែក​ហួរ​ ពី​ប្រទេស​ខ្ទេច​ខ្ទាំ​​ដល់​កម្រិត​សូន្យ​ មក​ជា​ប្រទេស​ដែល​មាន​សុខ​សន្តិភាព​ មាន​ការ​រីក​ចម្រើន​​លើ​គ្រប់​វិស័យ។​

​​ជាការពិត ស្ថានភាព​បែបនេះ​ពិត​ជា​ពុំ​ធ្លាប់​កើត​មាន​ឡើយ​​ក្នុង​រយៈ​ពេល​ជាង​​៥០០​​ឆ្នាំ​​ចុង​ក្រោយ​នៃ​ប្រវត្តិ​សាស្ត្រ​កម្ពុជា​ ដែលប្រជាជាតិខ្មែរ​យើង​ទាំង​មូល​ស្រុះ​ស្រួល​គ្នា​ រស់​នៅ​ក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញ​តែ​មួយ​ ក្រោម​ការ​គ្រប់​គ្រង​របស់​រាជ​រដ្ឋាភិបាល​តែ​មួយ​ ដោយ​គ្មាន​ការ​បែង​ចែក​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​តំបន់​ត្រួត​ត្រា​ផ្សេង​ៗ​គ្នា​ ហើយ​ប្រជា​ពល​រដ្ឋ​គ្រប់​និន្នាកា​នយោបាយ​អាច​រួម​រស់​ជាមួយ​គ្នា​ក្នុង​សុខ​សន្តិភាព​ និង​ស្ថិរភាព​យ៉ាង​សុខ​ដុម​រមនា​ក្រោម​ម្លប់​នៃ​​ព្រះរា​ជ​បល្ល័ង្ក​ និង​ព្រះមហាក្សត្រ​តែ​មួយ​អង្គ​ជា​ទី​គោរព​ស​ក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​។​

ដូច្នេះ​ សន្តិភាព និងស្ថិរ​ភាព​ គឺពិត​ជាមូលដ្ឋានគ្រឹះដែល​មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ ហើយ​​​ការ​​អភិ​វឌ្ឍ​​ប្រកប​​ដោយ​​សម​ធម៌​​ និង​បរិ​យាប័​ន្ន​ គឺ​ជា​លក្ខ​ខណ្ឌ​ចាំបាច់​សម្រាប់​ការ​ព​ង្រឹង​ និង​ការ​​ធានា​​ឱ្យ​​បាន​​នូវ​​សុខ​សន្តិភាព ​​និង​​ស្ថិរភាព​​សង្គម​ដែល​មាន​មេដឹកនាំប្រកបដោយ​ស្មារតី​នៃ​ «​ភាព​​​ជា​អ្នក​​ដឹក​នាំ​​ និង​អ​ភិ​បាល​​កិ​ច្ច​​ល្អ​​»​ ​​​។​ ម្យ៉ាង​ទៀត​ សន្តិភាព​ ដែល​កម្ពុជា​មាន​បច្ចុប្បន្ន​ គឺ​ជា​បទពិសោធន៍​មួយ​របស់​ប្រទេស​កម្ពុជា​ ដែល​ធ្លាប់​ត្រូវ​បាន​ញាំញី​ដោយសា​រ​សង្គ្រាម​ ហើយ​បច្ចុប្បន្ន​ដោយ​សារ​កម្ពុជា​មាន​មេដឹកនាំ​ដែល​មាន​លក្ខណៈសម្បត្តិ​ និង​​​គុណ​សម្បត្តិដ៏វិសេស​វិសាលបែប​​​នេះ​ ទើប​កម្ពុជា​សម្រេ​ច​​បាន​​នូវ​​ការ​​ផ្លាស់​​ប្តូរ​មុ​ខ​មាត់​​ថ្មី​​គួ​​​រ​ជា​​ទី​​មោ​ទនៈ​​៕​​

 ដោយ៖ ពង្ស សុក្រឹត្យ

ចែករំលែក

បញ្ចេញយោបល់