លិខិតមិត្តអ្នកអាន៖ កម្ពុជាកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ នៅពេលដែលក្រុមក្បត់ជាតិកាន់តែបរាជ័យ

ថ្ងៃព្រហស្បតិ៍ ទី ២១ វិច្ឆិកា ២០១៩​
12

កម្ពុជា កាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ និងពិភពលោកតាមរយៈការធ្វើជាម្ចាស់ផ្ទះរៀបចំកិ​ច្ចប្រជុំអាស៊ី ប៉ាស៊ីហ្វិកលើកទី២ ក្រោមប្រធានបទ «ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល» ដែលបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញប្រក​បដោ​យជោ​គជ័​យ និងទទួលបានផលប្រយោជន៍ជាច្រើនជូនជាតិមាតុភូមិ។ អ្វីដែលពិ​សេសមួយទៀតគឺការទទួ​លបានពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីអង្គការសហព័ន្ធសន្តិភា​ព​សកល (UPF)» របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមិនត្រឹមតែកិត្តិ​យ​​សរបស់លោ​កផ្ទាល់ខ្លួននោះទេ ក៏ជាមហាកិត្តិយសសម្រាប់ជាតិ និងប្រជាជនកម្ពុជាដែលកំពុ​ងរស់នៅក្នុងសុខសន្តិភាពក្រោមនយោបាយឈ្នះ-ឈ្នះរបស់លោក។

ជាកិត្តិយសសម្រាប់កម្ពុជា ដែលកិច្ចប្រជុំកំពូលនេះមានអ្នកចូលរួមជាច្រើនរួមមាន ប្រមុខរដ្ឋ ប្រ​មុខរដ្ឋាភិបាល អតីតថ្នា​ក់ដឹកនាំប្រទេស រដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ធុរៈជន អង្គភាពសារព័ត៌​មាន និងស្ថាប័ននានាជាច្រើនទៀត ដើម្បីពង្រឹងភាពជាដៃគូ រវាងរដ្ឋាភិបាល និងស​ង្គមស៊ីវិលដែលមានខ្លឹមសា​រស្នូល គឺដើម្បីសន្តិភាព និងការអភិ​វឌ្ឍ ការប្រែប្រួលអាកាសធាតុ និងជម្លោះ និងដំណោះស្រា​​​យក្នុងគ្រាសំខាន់។ ការរៀបចំកិច្ចប្រ​ជុំនេះទៅបានអាស្រ័យដោយសារប្រ​ទេសកម្ពុជាយើង មានសុខសន្តិភាពនិងស្ថិរភាពន​យោ​បាយដែលធ្វើឱ្យប្រទេសនានាមានជំ​នឿទុកចិត្តមកលើកម្ពុជា។ នេះគឺមិនខុសពីអ្វីដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា «សន្តិភាព និងស្ថិរភាព គឺ​ជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ ហើយការអភិវឌ្ឍប្រកបដោយសមធម៌ និ​ងបរិយាប័ន្ន គឺជាលក្ខខ​ណ្ឌចាំបាច់សម្រាប់ការពង្រឹង និងការធានាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម»។

ប៉ុន្តែបើយើងក្រឡេកថយក្រោយបន្តិច មានជនក្បត់ជាតិ និងបក្ខពួកមួយក្តាប់តូច បានព្យាយាមបង្កចលាចលសង្គមតាមរយៈផែនការ ៩ វិច្ឆិកា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងផ្លា​ស់ប្តូររបបរាជានិយម បង្កការអុកឡុកប៉ុនប៉ងបំផ្លាញសន្តិភាពដែលកំពុងកើតមាននៅកម្ពុជា និ​ងបំ​ផ្លាញភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកទៅវិញ​។ ប៉ុន្តែផែនការក្បត់នោះត្រូវទទួលបរាជ័យយ៉ាងអាម៉ាស់ គឺដូចអ្វីដែលប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបានទាយទុកមុនហើយថា ទណ្ឌិតក្បត់ជាតិនឹងរកលេសដើម្បីគេចមិនវិ​ល​ចូលប្រទេសក​ម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ដូចការសន្យាក្តែងៗរបស់ខ្លួនឡើយ​។ ជាលទ្ធផលប្រជាជនកម្ពុជា បា​នសប្បាយរីករាយក្រោមម្លប់សន្តិភាព និងស្ថិរភាពនយោបាយ ជាពិ​សេសបានចូលរួមសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យ​អុំ​ទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក យ៉ាងច្រើនកុះករដោ​យមិនខ្វល់ពីជនក្បត់ទាំងនោះឡើយព្រោះប្រជាជនជឿជាក់លើការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការធានាថែរក្សាឱ្យបាននូវសុខសន្តិភាពជូនប្រជាជន។

ប្រសិនបើ ផែនការក្បត់របស់ពួកក្បត់ទាំងនោះបានសម្រេចវិញ ប្រហែលជាកម្ពុជាយើងក៏មិនអា​ចធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំអាស៊ី ប៉ាស៊ីហ្វិកលើកទី២ បានឡើយ។ ប៉ុន្តែនេះជាការខកចិត្តរបស់ក្រុមក្បត់ជាតិទាំងនោះដែលតែងតែបរាជ័យជារៀងរហូត ហើយកម្ពុជាកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ នៅពេលដែលផែនការក្បត់ជាតិទទួលបរាជ័យយ៉ាងអាម៉ាស់ដូចនេះ។ លទ្ធផលរបស់ជនក្បត់ជាតិនឹងមិនទទួលជោគជ័យឡើយ ហើយពានរង្វាន់សម្រាប់ជនក្បត់គឺមានតែខ្នោះ គុក និងច្រវ៉ាក់ តែប៉ុណ្ណោះ៕

ដោយ៖ សារ៉ាដា

ចែករំលែក

បញ្ចេញយោបល់