លិខិតមិត្តអ្នកមាន៖ ក្រុមអាវលឿងនិងអាវស គឺជាប្រេង និងទឹកយ៉ាងប្រាកដ

ថ្ងៃពុធ ទី ២០ វិច្ឆិកា ២០១៩​
37

លទ្ធផលនៃការបរាជ័យរបស់ សម រង្ស៊ី ក្នុងការវិលត្រឡប់ចូលស្រុកវិញតាមផែនការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ និងដូររបបរាជានិយម បានបង្ហាញកាន់តែច្បាស់ថា ក្រុមថ្នាក់ដឹកនាំរបស់អតី​ត​បក្សសង្រ្គោះជាតិ ពិតជាបានបែកបាក់គ្នាខ្លាំងបំផុត ហើយទំនងមិនអាចត្រូវបានច្របាច់បញ្ចូលគ្នាឱ្យទៅជាសាច់ឈាមតែមួយបានទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ តើមានមូលហេតុអ្វីខ្លះដែលធ្វើឱ្យអតីតថ្នាក់ដឹកនាំនៃខ្មោចបក្សសង្រ្គោះជាតិមិនអាចផ្សះផ្សាគ្នាបានឱ្យទៅជាសាច់តែមួយបាន? តើអតីតថ្នាក់ដឹកនាំខ្មោចបក្សង្រ្គោះជាតិអាចផ្សះផ្សាចូលសាច់តែមួយបានឬទេ?

ការបែកបាក់ ប្រេះឆាជាសម្ងាត់ និងជាចំហ ដែលមិនអាចផ្សះផ្សាគ្នាបានក្នុងអតីតបក្សសង្រ្គោះជាតិ បានកើតឡើងជាដំបូងក្នុងចំណោមថ្នាក់ដឹកនាំ ហើយបន្ទាប់ក្រោយមកទៀត ជំងឺរ៉ាំរ៉ៃនេះបានរីករាលដាលដល់ក្នុងចំណោមសកម្មជនរបស់អតីតបក្សសង្រ្គោះជាតិទាំងនៅក្នុងប្រទេស និ​ងក្រៅប្រទេសកាន់តែជ្រៅទៅៗគ្មានថ្ងៃដែលអាចត្រូវបានផ្សាសាច់ផ្សាឈាមឱ្យចូលគ្នាតែមួយបា​នតាមរយៈការផ្សំផ្គុំក្រុមអ្នកនយោ​បាយទាំងពីរក្រុម គឺ ក្រុមអាវស និង ក្រុមអាវលឿងឱ្យរៀនរស់នៅក្នុងជីវភាពនយោបាយក្នុងបក្សតែមួយបានឡើយ។ ក្រុម សម រង្ស៊ីនិយមនៅបង្ហាញភាពរឹងមាំ និងរូបភាពមិនបែកបាក់ពីខាងក្រៅ ក្រោមរូបភាពសម្ព័ន្ធភាពក្លែងក្លាយមួយគឺ សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ រីឯ ក្រុមកឹម សុខានិយម បាន​បង្ហាញនូវការបែកបាក់ ចែកផ្លូវគ្នាដើរជាចំហ ហើយបន្តវាយប្រហារលើក្រុមសម រង្ស៊ីនិយមយ៉ាងចាស់ដៃ និងជាសាធារណៈដើម្បីការពារអ្វីដែលជាតម្លៃ និងអត្តសញ្ញាណនៃកឹម សុខានិយម គឺអហឹង្សា និងមិនយកខ្មែរណាជាសត្រូវ។

វាជាការពិតខ្លាំងណាស់ មានមូលហេតុជាច្រើន ដែលបានធ្វើឱ្យក្រុមអ្នកនយោបាយទាំងពីរក្រុមមានឈាមខុសគ្នា ចិត្តគំនិតខុសគ្នាឈានដល់ការខ្វែងគំនិតគ្នា ហើយដែលទំនងមិនអាចក្លាយទៅជាសម្ព័ន្ធភាពស៊ីសាច់ស៊ីឈាមនឹងគ្នាបាន ដោយភាពស្មោះត្រង់ និងគួរជឿទុកចិត្តបាន ខណៈពេលដែលពួកគេទាំងពីរក្រុមនៅតែបន្សល់ទុក​នូវជំងឺតួឯកនិយមក្នុងខ្លួនក្នុងចំណោមថ្នាក់ដឹកនាំនៃអតីតបក្សសង្រ្គោះជាតិ តាំងពីកំណើត​នៃការចាប់ផ្តើមជីវភាពនយោបាយជាមួយនឹងការបាញ់ពណ៌ដាក់គ្នាទៅវិញទៅមក ការមិនជឿទុកចិត្តគ្នាទៅវិញទៅមក ពិសេសការប្រកាន់ជំហរនយោបាយជាយុទ្ធសាស្រ្តផ្ទុយគ្នាស្រឡះ ដែលជាមូលហេតុ​បង្កើតឱ្យមានការបែកបាក់យ៉ាងជ្រា​លជ្រៅបំផុត។

ដើមឡើយ គេចាំបានថា បក្ស សម រង្ស៊ី ក្រោយមក បានផ្តូរទៅជាបក្សភ្លើងទៀន ឬ ហៅថា ក្រុមអាវស ដឹកនាំដោយ សម រង្ស៊ី ហើយបក្សសិទ្ធិមនុស្ស ឬ ហៅថា ក្រុមអាវលឿង គឺ បក្សទាំងពីរនេះបានវាយប្រហារគ្នាយ៉ាងចាស់ដៃ ជាក់ស្តែង អតីត​ថ្នាក់ដឹកនាំខ្មោចបក្ស​សង្គ្រោះ​ជាតិ ​ដែល​មាន​ទំនោរ​ទៅ​រក​ក្រុម កឹម សុខានិយម បាន​ប្រកាស​មិន​ទទួល​ស្គាល់​សន្និសីទ​ដែលរៀបចំឡើងដោយក្រុមសម រង្សីនិយម ហើយបានសម្រេច​តែងតាំង សម រង្ស៊ី ជា​ «​ប្រធាន​ស្ដីទី​» បក្សខ្មោច ​ហើយបានចោទថា ជាទង្វើបក្ស​ប្រហារ​។ ការប្រេះឆាររវាងអតីតថ្នាក់ដឹកនាំដែលកើតចេញពីប្រ​ភពបក្សពីរ ដែលមានសាច់ឈាមមិនដូចគ្នា ហើយដែល​ម្ខាងមាន​ទំនោរ​ទៅ​រក​​ កឹម សុខា និងម្ខាងទៀត មានទំនោរទៅរក សម រង្ស៊ី​ បាន​ផ្ទុះ​ឡើងក្នុងពេល​ដែល​ សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ (CNRM) ​ត្រូវ​បាន​ប្រកាស​ដោយ​សន្និសីទ​នៃ​អតីតខ្មោច​ប្រឆាំង​នៅ​ក្រៅ​ប្រទេសខាងសម រង្ស៊ីនិយម បាន​សម្រេច​ជ្រើសតាំង សម រង្ស៊ី ជា ​«​ប្រធាន​ស្ដីទី​» ​ខ្មោចបក្សសង្រ្គោះជាតិ។ ក្រុមកឹម សុខានិយម បានចេញមុខថ្លែងបដិសេធ ហើយ​មិន​ទទួល​ស្គាល់​ការតែងតាំង ​​សម រង្ស៊ី ជា​ប្រធាន​ស្ដីទី​ខ្មោចបក្សសង្រ្គោះជាតិដោយពួកគេយល់ថាជាទង្វើ​រំលោភ​លើ​លក្ខន្តិកៈ​គណបក្ស​។

កន្លងមក សកម្មភាពនៅឯនាយសមុទ្ររបស់ក្រុម កឹម សុខានិយម ត្រូវបានក្រុម សម រង្ស៊ីនិយមទាត់ចោលមិនខ្ចីអើពើ​មិនរាប់រក ហើយត្រូវបានក្រុមសម រង្ស៊ីនិយមចោទថា ជាក្រុមស៊ីឈ្នួលល​ក់ក្បាលឱ្យបក្សកាន់អំណាច ជាក់ស្តែង ក្រុម កឹម សុខានិយម ត្រូវបានគេដកចេញ ហើយដាក់ម​នុស្សក្នុងរចនាសម្ព័ន្ធថ្មី ដែលសុទ្ធសឹងជាក្រុមសម រង្ស៊ីនិយមទាំងស្រុង។ រីឯក្រុម កឹម សុខានិ​យ​ម ត្រូវបានក្រុមសម រង្ស៊ីនិយម បិទមាត់និយាយលែងចេញក្រោមពាក្យស្លោកបោកប្រាស់ថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ។ តែទីបំផុត ក្រុម​កឹម សុខានិយមបានស្លាប់ជីវិតនយោ​បា​យ​ទាំងជំហរ ដោយមិនហ៊ានងើបតតាំងជាមួយនឹងក្រុមបក្សប្រហារនោះទេ។

ការប្រកែកទាស់ទែងគ្នានេះ បានធ្វើឱ្យក្រុម សម រង្ស៊ីនិយម បាន​បដិសេធនូវការលើក​ឡើង​ពី​ការ​ «​ធ្វើ​បក្ស​ប្រហារ​» ​របស់​ក្រុមសម រង្ស៊ីនិយមថា ជា​រឿង​ដែល​ «​គួរ​ឲ្យ​អស់​សំណើច​»​។ ក្រុមសម រង្ស៊ីនិយមបានប្រើប្រាស់វោហាសាស្រ្តថា សម រង្ស៊ី និង កឹម សុខាជាមនុស្សតែមួយ ដែលខាងក្រុ​មកឹម សុខានិយមបានមើលឃើញថា វាគ្រាន់តែជាសារធ្វើប្រជាភិថុតបន្តឱ្យទាក់ទាញ និងបានកា​រគាំទ្រពីអ្នកគាំទ្រ និងសកម្មជនរបស់ខ្លួន។ ក្រុមសម រង្ស៊ីនិយម បានចោទក្រុមកឹម សុខានិ​យមកំពុងស៊ីឈ្នួលឱ្យបក្សកាន់អំណាចបំបែកកម្លាំងអតីតខ្មោចបក្សសង្រ្គោះជាតិ។ ការវាយប្រហារយ៉ាងចាស់ដៃពីក្រុមសម រង្ស៊ីនិយម បានធើ្វឱ្យ​ក្រុម កឹម សុខានិយមស្ទើរក្អួតឈាម និងមិនអាចទ​ទួលយកបាននូវអំពើដ៏អយុត្តិធម៌នេះ ហើយ បើទោះបី ក្រុមសម រង្ស៊ីនិយមស្រែកបន្ទរដដែលៗថា សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយក៏ពិតមែន ក៏ប៉ុន្តែធាតុពិតគឺវាពិតជាបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ក្រឡែតនូវសញ្ញាបែកបាក់ប្រៀបដូចកែវបែកដែលមិនអាចត្រូវបានគេផ្សំផ្គុំគ្នាឡើងវិញបានឡើយ។

សញ្ញានៃការបែកបាក់ពិតជាបានឈានដល់ចែកផ្លូវគ្នាដើរត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នៅពេលដែល សម រង្ស៊ី បានប្រកាសយកជំហរនយោបាយហិង្សាញុះញង់ និងបំផុសឱ្យប្រជាជននិងកងកម្លាំងប្រដាប់អាវុធងើបប្រឆាំង និងផ្តួលរំលំរដ្ឋាភិបាល និងដូររបបរាជានិយម ជាមួយនឹងការប្រមាថចេស្តាព្រះមហាក្សត្រខ្មែរយ៉ាងព្រហើនជាទីបំផុត។ ផ្ទុយពីក្រុម កឹម សុខានិយមបា​នប្រកាសអនុវត្តជំហរនយោបាយអហិង្សា។ ក្រុមកឹម សុខានិយម ប្រកាសមិនគាំទ្រជំហរនយោ​បាយហិង្សារបស់ សម រង្ស៊ី ហើយបានចាត់ទុកផែនការវិលត្រឡប់ចូលស្រុករបស់ សម រង្ស៊ី គ្រា​ន់តែជាការធ្វើឱ្យមានការចាប់អារម្មណ៍ពីអ្នកគាំទ្រមួយចំនួនដែលជឿលើការបោកប្រាស់របស់ សម រង្ស៊ី ហើយថា ទង្វើរបស់ សម រង្ស៊ី និងបក្សពួកបានធ្វើឱ្យសកម្មជនរបស់ខ្លួនជាប់គុក និងខ្លះទៀតរត់ចោលផ្ទះតែប៉ុណ្ណោះ។ ក្រុមកឹម សុខានិយម បានបកស្បែកមុខ សម រង្ស៊ី ថា ជាអ្នកន​យោបាយគ្មានយុទ្ធសាស្រ្ត ហើយបានហៅការសន្យាវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា គ្រាន់​តែជា «ការទាក់ទាញចំណាប់អារម្មណ៍របស់មហាជន​» តែប៉ុណ្ណោះ។

បើទោះបី លោក កឹម សុខា ត្រូវបានតុលាការសាលាដំបូងបន្ធូរបន្ថយលក្ខខណ្ឌឱ្យមានសេរីភាពដើរ​ហើរក្នុងប្រទេសក៏ដោយ ក៏លោក កឹម សុខា មិនអាចធ្វើសកម្មភាពនយោបាយបាន និងនិ​យាយអ្វីដែលជាការពិតអំពីការបែកបាក់ ឬការចែកផ្លូវគ្នា ក៏វានឹងកាន់តែលេចច្បាស់ឡើងនៅពេលខាងមុខ បន្ទាប់ពីភ្លៀង មេឃនឹងស្រឡះ គឺផ្លូវដែលនឹងបែក គឺជាពិតជាបែកយ៉ាងប្រាកដ។ ពីព្រោះ លោក កឹម សុខាក៏មិនប្រាកដថា អាចបន្តគ្រប់គ្រងកម្លាំងសម រង្ស៊ីនិយមបាន ហើយកម្លាំ​ង សម រង្ស៊ី នឹងមិនឱនក្បាលចំណុះក្រោមការដឹកនាំរបស់ក្រុមកឹម សុខានិយមបានដែរ អា​ស្រ័​យដោយការលែងមានជំនឿទុកចិត្តគ្នាទៅវិញទៅមកក្នុងសម្ព័ន្ធភាពក្លែងក្លាយ ខណៈពេលដែល សម រង្ស៊ី មិនអាចវិលត្រឡប់ចូលស្រុកវិញបាន ហើយអនាគតទៅមុខចំពោះជោគវាសនានៃឈ្មោះអតីតបក្សសង្រ្គោះជាតិ ក៏មិនបា្រកដថាអាចរស់ឡើងវិញបានផងដែរក្នុងឆាកនយោបាយថ្មី ឬក៏អាចលេចចេញជារូបភាពថ្មីនៃបក្សប្រឆាំងក៏ថាបានក្នុងពេលអនាគត។ សូម្បីលោក កឹម សុខា ត្រូវទទួលបាននូវលក្ខខណ្ឌបន្ធូរបន្ថយឱ្យមានសេរីភាពច្រើនជាងមុន អាចដើរហើរក្នុងប្រ​ទេ​ស​បានតាមសំណើនៃមេធាវីរបស់លោកកឹម សុខាក៏ដោយក៏ សម រង្ស៊ី នៅតែឆ្លៀតកេងចំណេ​ញខាងនយោបាយអំពីជ័យជម្នះថ្ងៃ៩ វិច្ឆិកា និងការដាក់សម្ពាធពីខាងក្រៅដោយគ្មានការខ្មាស់អៀ​ន។

 ដូច្នេះ ការផ្សំផ្គុំដោយបង្ខំរវាងក្រុមទាំងពីរខាងលើកន្លងមក ឬ អាពាហ៍ពិពាហ៍ដោយការចាប់បង្ខំពីសំណាក់បរទេសមួយ ត្រូវបានធ្វើឡើងក្នុងយុទ្ធសាស្រ្តឱ្យមានរបស់ដែលហៅថា ការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា និងមួយចំណែកទៀតដើម្បីបំរើដល់ផលប្រយោជន៍បរទេសខាងភូមិសាស្រ្តន​យោ​បាយក្នុងតំបន់អាស៊ីអាគ្នេយ៍ផង និងឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។ ក៏ប៉ុន្តែ សម្ព័ន្ធភាពក្លែងក្លាយ ឬ អាពាហ៍ពិពាហ៍ចាប់បង្ខំនៃក្រុមទាំងពីរដែលមានឈាម និងចិត្តគំនិតមិនដូចគ្នានេះបាននិងកំពុងបែកបាក់ និងចែកផ្លូវគ្នាដើរយ៉ាងប្រាកដ។

ជារួម ក្រុមអាវលឿង និងអាវស គឺ ជាទឹកនិងប្រេង ដែលមិនអាចរលាយចូលគ្នាបានពីធម្មជាតិ។ វាកាន់តែប្រាកដច្បាស់នោះគឺថា  កែវគ្មានឈាមដូចឈ្លើងនោះទេ ប្រសិនបើ វាបែក គឺ វាមិនអាចផ្សាឱ្យជាប់គ្នាបានឡើយ ក៏ប៉ុន្តែ ឈ្លើងមានឈាម ប្រសិនបើ វាត្រូវបានគេកាត់វាជាពីរ គឺវាអាចផ្សាសាច់ចូលគ្នាវិញបានដោយសារឈាមតែមួយ។ ក្នុងន័យនេះ អតីតបក្សសង្រ្គោះជាតិ ដែលមានឈា​មមិនដូចគ្នា មានប្រភពកំណើតផ្សេងពីគ្នា ចិត្តគំនិតខុសគ្នា និងជំហរនយោយាបាយជាយុទ្ធសាស្រ្តខុសគ្នា ទំនងមិនអាចរលាយចូលគ្នាទៅជាសាច់តែមួយបាន ឬ ជាសម្ព័ន្ធភាពរឹងមាំយូរអ​ង្វែងបាន ដូចការជឿទុកចិត្តរបស់អ្នកគាំទ្រ ក៏ដូចការរំពឹងទុករបស់បរទេសមួយ ដែលខិតខំប្រឹងប្រែងជួយផ្សំផ្គុំជាសម្ព័ន្ធមិត្ត ដើម្បីបំរើដល់ផលប្រយោជន៍ក្នុងភូមិ​សា​ស្រ្តនយោបាយរបស់ខ្លួនក្នុងតំបន់នេះ។

ដូច្នេះ ចំពោះអនាគត ទាំងក្រុមកឹម សុខានិយម និងសម រង្ស៊ីនិយម នឹងមិនបន្តរស់ក្នុងសម្ព័ន្ធភា​ពក្លែងក្លាយបានជារៀងរហូតនោះទេ។ ក្រុមសម រង្ស៊ីនិយមប្រហែលនឹងបាត់បង់ឱកាសជីវិតន​យោបាយច្រើនឡើងៗ ខណៈដែលក្រុមកឹម សុខានិយមកាន់តែកំពុងបង្ហាញនូវការចែកផ្លូវគ្នាដើរជាសាធារណៈយ៉ាងច្បាស់ប្រាកដដែលវាទំនងគ្រាន់តែរង់ចាំពេលវេលានឹងអាចឆ្លើយប្រាប់ប៉ុ​ណ្ណោះ​​។ ដូច្នេះ បើ វាប្រេះស្រាំទៅហើយ វាគង់តែនឹងបែក ជៀសមិនផុត គ្រាន់តែការបែកបាក់ពេលនេះ ត្រូវចាត់ទុកជាឱកាសដ៏ល្អបំផុតសម្រាប់ក្រុមកឹម សុខានិយម ដើម្បីសង្រ្គោះជីវិតនយោ​បាយ និងរក្សាបានគង់វង្សនូវគុណតម្លៃ និងអត្តសញ្ញាណរបស់ក្រុមកឹម   សុខានិយមដែលបន្សល់ទុកមកពីបក្សសិទ្ធិមនុស្ស

 ដោយ៖ ឡុង បូរិតា

ចែករំលែក

បញ្ចេញយោបល់