ទស្សនៈមិត្តអ្នកអាន៖ កម្ពុជា ដាច់ខាតមិនយកអធិបតេយ្យជាតិ ទៅដោះដូរជាមួយជំនួយ

ថ្ងៃអង្គារ ទី ១៩ វិច្ឆិកា ២០១៩​
20

ស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា នារយៈពេលចុងក្រោយនេះ បានបង្ហាញពីការវិវត្តគួរឲ្យកត់សម្គាល់។ ព្រឹត្តិការណ៍ ៩វិច្ឆិកា ដែលទណ្ឌិត សម រង្ស៊ី និងគូកន បានប្រកូកប្រកាសកៀរគរកម្លាំងទាំងក្នុង និងក្រៅប្រទេសដើម្បីធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល និងផ្លាស់ប្តូររបបនៅកម្ពុជា បានបរាជ័យទាំង​ស្រុង​ដ៏គួរឲ្យ​អា​​ម៉ាស់ជាទីបំផុតក្នុងប្រវត្តិសាស្ត្រនយោបាយរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងរយៈពេលជាង ២០ឆ្នាំ ចុង​ក្រោ​យនេះ ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញ និងអនុវត្តដោយជោគ​ជ័យ​នយោ​បា​យ​ឈ្នះ​ឈ្នះដែលធ្វើឲ្យប្រទេសកម្ពុជាទាំងមូលទទួលបានសុខសន្តិភាពពេញលេញតាំងពី​ឆ្នាំ១៩៩៨មក​។

ត្បិតថា ព្រឹត្តិការណ៍ ៩វិច្ឆិកា ត្រូវបានទណ្ឌិត សម រង្ស៊ី កំណត់ថា ជាទឹកចុងក្រោយ និងជាវគ្គផ្តាច់ព្រ័ត្រក្នុង​ការផ្តួល​រំលំរដ្ឋាភិបាល បង្ខំឲ្យព្រះមហាក្សត្រដាក់រាជ្យ និងចុងក្រោយប្រែក្លាយកម្ពុជាពីរបបរាជានិយមទៅ​ជារបបសា​ធា​រណ​រដ្ឋក៏ពិតមែន តែ ៩វិច្ឆិកា គឺជាព្រឹត្តិការណ៍ប្រហារជីវិតនយោបាយរបស់ សម រង្ស៊ី និងគូកន ឲ្យវិនាសអន្តរាយ​ពីកម្ពុជាទៅវិញទេ។ គេអាចនិយាយបានថា ទណ្ឌិត សម រង្ស៊ី ធ្លាក់ក្នុង​អន្ទាក់ខ្លួនឯងសម្លាប់​ជីវិត​នយោ​បាយ​​របស់​ខ្លួន​ទាំង​ស្រុង ឬ ៩វិច្ឆិកា ជាថ្ងៃអន្សាររបស់ទណ្ឌិត​រត់ចោលគុករូបនេះ។

ស្របពេលដែលទណ្ឌិត សម រង្ស៊ី បានបរាជ័យដ៏អាម៉ាស់ក្នុងព្រឹត្តិការណ៍ ៩វិច្ឆិកា ហើយធ្វើដំណើរមាតុភូមិនិវត្តន៍ទៅស្រុកបារាំងវិញយ៉ាងរខេករខាកបំផុតនោះ ជនជាប់ចោទ កឹម សុខា ឯណេះវិញ ហាក់ដូចជាទទួល​បានជោគជ័យលើគូបដិបក្ខរបស់ខ្លួនតាមរយៈ ដេកផ្ទះ ឈ្នះឯង។ តាមពិតនយោបាយ ដេកផ្ទះ ឈ្នះឯង គឺជា​យុទ្ធសាស្ត្ររបស់ទណ្ឌិត សម រង្ស៊ី តែ កឹម សុខា គឺជាអ្នកអនុវត្តន៍ហើយទទួលបានជោគជ័យយ៉ាង​ពិត​ប្រា​ក​ដ ទោះថា លោក កឹម សុខា មិនទាន់ទទួលបានសេរីភាពទាំងស្រុងក្តី​ តែលោក កឹម សុខា អាច​ដើរហើរបាននៅ​ជុំ​វិញ​ផ្ទៃ​ប្រទេសកម្ពុជា និងអាចជួបជជែកពិភាក្សា​ជាមួយបណ្តា​​ជនបរទេសទាំងឡាយបានដូចដើមឡើងវិញ គ្រាន់​តែថា មិនទាន់មានសិទ្ធិពេញលេញក្នុងការធ្វើ​នយោបាយ ពី​ព្រោះ​លោក កឹម សុខា ក៏​ស្ថិត​នៅក្នុង​ចំ​ណោ​ម​មនុស្ស ១១៨​រូប ដែល​ច្បាប់​ហាម​ឃាត់​សិទ្ធិ​នយោបាយ​រយៈពេល ៥ឆ្នាំ ក្រោយតុលាការ​រំលាយ​អង្គការ​ចាត់​តាំង​ធ្វើ​បដិវត្តន៍ពណ៌ផ្តួល​​រំលំ​រាជរដ្ឋាភិបាល​កម្ពុជាគឺ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

​បើតាមមន្ត្រីស្និទ្ធនឹងក្រុម កឹម សុខា និយម បានបង្ហើបឲ្យដឹងថា តុលាការបន្ធូរបន្ថយលក្ខខណ្ឌចំពោះលោក កឹម សុខា គឺធ្វើ​ឡើងតាមការស្នើសុំពីក្រុមមេធាវីរបស់លោក កឹម សុខា គឺមិនពាក់ព័ន្ធទៅនឹងបញ្ហាប្រព័ន្ធ​អនុ​គ្រោះ​​ពន្ធ EBA ដូច​ការ​លើក​ឡើង​របស់​ក្រុម​មាន​និន្នាការ​ប្រឆាំង​នោះ​ឡើយ។ បើ​ដូច្នេះ មាន​ន័យ​ថា ​ក្រុម កឹម សុខា និយម ឆ្លៀតឱកាសដែលទណ្ឌិត សម រង្ស៊ី បរាជ័យក្នុង​យុទ្ធនាការ ៩វិច្ឆិកា និងក៏​ឆ្លៀតពេលដែលសហគមន៍អឺរ៉ុបទុកពេលឲ្យកម្ពុជាពិចារណាមួយខែ ជុំវិញបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA ថា គួរកាត់ផ្តាច់ ​ឬមិនគួរកាត់ផ្តាច់ ឬគ្រាន់​តែកាត់ផ្តាច់​ផ្នែក​ខ្លះ ពីព្រោះអឺរ៉ុបក៏ទទួល​បានផល​ប្រយោជន៍​ពី​ EBA នេះ​ដែរ ដែល​មើល​ពី​សម្បក​ក្រៅ​ទៅ​ហាក់​បីដូច​ជា​ សហភាព​អឺរ៉ុប​ដាក់​គំនាប​លើ​កម្ពុជា ឬរដ្ឋាភិបាល​កម្ពុជា​រង​គំនាប​ពី​អឺរ៉ុប​​អញ្ចឹង។រឿង​ EBA និងការបន្ធូរបន្ថយលក្ខខណចំពោះលោក កឹម សុខា តាម​ពិត​ គឺជារឿងពីរដាច់​ដោយ​ឡែកពីគ្នា​​។ បញ្ហា EBA មុន និងក្រោយគង់តែកាត់ផ្តាច់ដោយសារតែកំណើនសេដ្ឋកិច្ចរបស់កម្ពុជាដែលចេះតែកើនឡើងជារៀងរាល់​ឆ្នាំ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាញយដងហើយថា កម្ពុជាស្វា​គមន៍ការ​​វិនិយោគ​ពី​បរទេស ជា​ពិសេស​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ពី​បណ្តា​ប្រទេស​ទាំង​អស់នៅ​លើ​សក​ល​លោក​ដោយ​​​មិន​ប្រកាន់​ប្លុក​កុម្មុយនិស្ត ឬប្លុក​សេរីឡើយ ឲ្យ​តែការ​វិនិយោគ​នោះ​ស្រប​តាម​ច្បាប់​ និង​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា ហើយ​រួម​ចំណែក​អភិវឌ្ឍន៍​ប្រទេសកម្ពុជា​ពិតប្រាកដ​។ ជំនួយ​ដែលភ្ជាប់​លក្ខខណ្ឌ ឬដាក់​ស​ម្ពាធ ​បង្គាប់​បញ្ជា​រដ្ឋា​​ភិបាល​ គឺ​ដាច់​ខាត​មិន​អាច​ទទួល​យក​បាន​ឡើយ បើ​ទទួល​យក​ស្មើ​នឹង​ការ​លើក​យក​អ​ធិបតេយ្យ​ភាព​ជាតិ​ទៅឲ្យ​​បរទេស​គ្រប់​គ្រង​ដូច្នោះ​ដែរ​។ កម្ពុជា ស្វាគន៍​អឺរ៉ុប​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ព័ន្ធ EBA ដ​ល់​កម្ពុជា ត្បិត​ថា EBA បាន​រួម​ចំណែក​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​មួយ​ផ្នែក តែ​ក៏​មិន​អាច​ធ្វើ​ឲ្យ​កម្ពុ​ជា​ក្លា​យ​ជា​ប្រ​ទេស​​អ្នក​មាន​ដែរ។ ផ្ទុយ​ទៅវិញ បើ​​អត់ EBA ក៏​កម្ពុជា​មិន​ស្លាប់​ដែរ។ កម្ពុជា មិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេ ហើយកម្ពុជា ក៏មិនត្រូវយកឯករាជភាព និងអធិបតេយ្យភាពរបស់​ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ។​​​ ប៉ុន្តែ កម្ពុជាចង់ធ្វើជាមិត្តល្អជាមួយបណ្តាប្រទេសដៃគូនានា ដែលចង់​​ឃើ​ញកម្ពុជាកាន់តែរីកចម្រើនទៅមុខពិតប្រាកដ ដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាតិ។

ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​​បានគូសបង្ហាញពីការបង្កើនប្រសិទ្ធភាពក្នុងការប្រមូលពន្ធ និងបញ្ជាក់អំពីរីកចម្រើនសេដ្ឋ​​កិច្ច​របស់កម្ពុជា ដែលបានដើរចេញពីស្ថានភាពដែលត្រូវបានគេហ៊ុមព័ទ្ធដោ​យទារុណកម្ម និងការកៀបសង្កត់​នាពេលអតីតកាល។ កំណើនសេដ្ឋកិច្ច ដែលកម្ពុជាសម្រេចបា​នក្នុងរង្វង់៧% ដែលជាគុណសម្បត្តិ និងជាចំណុចលេចធ្លោមួយរបស់កម្ពុជា បានធ្វើឱ្យរាជរដ្ឋាភិបាលបានដាក់គោលដៅនាំកម្ពុជាឆ្ពោះទៅក្លាយជាប្រទេសដែល​មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅ​ឆ្នាំ២០៥០។​ ជាការពិត វឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា ក៏មានការចូលរួមចំណែកមួយផ្នែកណាមួយផងដែរ ពីជំនួយបរទេ​ស នៅគ្រាដែលកម្ពុជាកំពុងកសាងសក្ដានុពលរបស់ខ្លួនលើវិស័យសេដ្ឋកិច្ច ប៉ុន្តែទោះជាយ៉ាងនេះក្ដី កម្ពុជាមិនអាចដើម្បីតែចង់បានជំនួយបរទេស ត្រូវយកឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរនោះទេ៕

ដោយ៖ សុខ សុវណ្ណ

ចែករំលែក

បញ្ចេញយោបល់