ពិធីពិសារអាហារសាមគ្គី មិត្តភាព ដើម្បីថ្លែងអំណរគុណដល់កងកម្លាំងចម្រុះ ដែលមានកិច្ចសហការល្អ ក្នុងការទប់ស្កាត់ ផែនការបំផ្លាញសន្តិភាពនៅកម្ពុជារបស់ក្រុមឧទ្ទាមក្បត់ជាតិ

ថ្ងៃសុក្រ ទី ១៥ វិច្ឆិកា ២០១៩​
12

ប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរៀបចំពិធីពិសារអាហារសាមគ្គី មិត្តភាព ប៉ៃលិន-ចាន់បុរី នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីថ្លែងអំណរគុណដល់កងកម្លាំងទាំង ៣ប្រភេទ និងសមភាគីថៃជាមិត្ត ដែលមានកិច្ចសហការល្អ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមជនក្បត់ជាតិ ដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជាដោយជោគជ័យ។

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានពាំនាំនូវការសាកសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ និងអង្គភាពស្ថាប័នជំនាញពាក់ព័ន្ធរបស់ប្រទេសថៃទាំងអស់ លើកិច្ចសហប្រតិបត្តិការល្អនៅតាមព្រំដែនរួមមានខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តពោធិសាត់ ខេត្តព្រះវិហារ និងខេត្តកោះកុងនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទំនាក់ទំនងល្អច្រកទ្វារបានផាកាត ខេត្តច័ន្ទបុរី ជាមួយនឹងច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ដែលលទ្ធផលទាំងនេះអាចកើតមានឡើងដោយសារមានកិច្ចសហប្រតិបត្តិការល្អពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធរបស់ ប្រទេសថៃ ដែលធ្វើឱ្យផែនការចង់បំផ្លាញសន្តិភាពនៅប្រទេសកម្ពុជា របស់ក្រុមក្បត់ជាតិ ដឹកនាំដោយទណ្ឌិត សម រង្ស៊ី ទទួលបរាជ័យ។

ក្នុងឱកាសនោះដែរលោក ផាន់ ចាន់ធុល ក៍បានសំណូមពរដល់ភាគីថៃ បន្តបង្កើនសហប្រតិបត្តិការនូវបញ្ហាមួយចំនួនដូចជា៖ ការពន្លឿនការកសាងស្ពានឆ្លងព្រំដែន បញ្ហាពលករខ្មែរឆ្លងដែនខុសច្បាប់ ព្រមទាំងបទល្មើសឆ្លងដែននានា និងការនាំចេញកសិផល ការធ្វើពាណិជកម្មឆ្លងដែនរវាងខេត្តច័ន្ទបុរី-ប៉ៃលិន ជាពិសេសជួយសម្រួលដល់ការនាំចេញស្វាយកែវល្មៀត និងផ្លែមៀនប៉ៃលិនទៅកាន់ប្រទេសថៃអោយបានកាន់ងាយស្រួលនិងមានភាពល្អប្រសើរជាងមុនផងដែរ។

ក្នុងឱកាសនោះដែរ លោក អភិបាលខេត្ត ក៍បានមានប្រសាសន៍កោតសសើរដល់រដ្ឋបាលខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ ដែលកន្លងមកបានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដើម្បីរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់។

សូមបញ្ជាក់ថា នៅក្នុងពិធីពិសារអាហារសាមគ្គី មិត្តភាព ប៉ៃលិន-ចាន់បុរី នេះដែរ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំអាហារតុចិន ប្រមាណជាង ៦០តុ  ព្រមទាំងមានការសម្តែងរបាំជូនពរ និងរបាំក្ងោកប៉ៃលិន របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដើម្បីឱ្យប្រតិភូខេត្តចាន់បុរី និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទបានទស្សនាកំសាន្តផងដែរ។

ចែករំលែក

បញ្ចេញយោបល់