ព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី២ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករនាំគ្នាដើរលេងកម្សាន្ដនៅមុខព្រះបរមរាជវាំងប្រកបដោយភាពរីករាយនិងកក់ក្តៅ

ថ្ងៃចន្ទ ទី ១១ វិច្ឆិកា ២០១៩​
29

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ផ្ដើមដោយមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកពីតាមបណ្ដាខេត្តផ្សេងៗនាំគ្នាមកដើរលេងកម្សាន្ដនៅក្នុងរាជធានីភ្នំពេញ ពិសេសនៅម្ដុំមាត់ទន្លេ និងព្រះមរបរាជវាំង ដោយមិនមានការភ័យខ្លាច និងសប្បាយរីករាយក្រោមម្លប់សន្ដិភាព។ ក្រៅពីភ្ញៀវទេសចរជាតិ គេសង្កេតឃើញក៏មានភ្ញៀវទេសចរអន្ដរជាតិជាច្រើនផងដែរ។

សម្រាប់គោលដៅនានារបស់សន្ដិសុខ សណ្ដាប់ធ្នាប់ ត្រូវបានធានាយ៉ាងល្អប្រសើរ គ្មានអ្វីគួរឲ្យកត់សម្គាល់នោះទេហើយមានប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានបាននិងកំពុងដើរកម្សាន្ដយ៉ាងសប្បាយរីករាយ។ ដោយឡែក សម្រាប់ស្ថានភាពសន្ដិសុខទូទៅទាំងមូល មិនមានអ្វីគួរឲ្យកត់សម្គាល់ឡើយព្រោះកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចមានគ្រប់គ្រាន់ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋដែលមកកម្សាន្ដសប្បាយក្នុងរាជធានីភ្នំពេញពិសេសម្ដុំព្រះបរមរាជវាំង និងតាមបណ្ដោយជួរមាត់ទន្លេ។

គួរជម្រាបថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានថ្លែងសារអបអរសាទរ និងសម្តែងក្តីសប្បាយរីករាយក្រៃលែង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែថ្ងៃដំបូងនេះ។ តាមរយៈ Facebook, លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមទស្សនាការប្រណាំងទូកង នៅមាត់ទន្លេឲ្យបានច្រើកុះករ ឬ ទិញទំនិញតាមស្តង់តាំងពិពរ័ណ៌ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើសូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ ដើម្បីឲ្យប្រជាពលរដ្ឋ និងទេសចរបរទេស មានឱកាសបានសប្បាយរីករាយនៅក្នុងពិធីបុណ្យអុំទូក ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធសរុបជិត២ម៉ឺននាក់ដើម្បីថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ដែលនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយការដាក់ពង្រាយនេះដែរបានធ្វើឱ្យប្រជាពលរដ្ឋដែលជាភ្ញៀវទេសចរជាតិនិងអន្តរជាតិមានការកក់ក្តៅយ៉ាងខ្លាំងនៅក្នុងចិត្ត៕

ចែករំលែក

បញ្ចេញយោបល់