លោក កឹម សុខា ជួបអគ្គរដ្ឋទូតបរទេសប្រចាំនៅកម្ពុជាចំនួនពីរក្រោយទទួលបានសិទ្ធិច្រើនជាងមុន

ថ្ងៃចន្ទ ទី ១១ វិច្ឆិកា ២០១៩​
37

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានទទួលជួបលោកស្រី អេវ៉ា ង្វៀនប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជានៅគេហដ្ឋានរបស់លោកក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០១៩។ ហើយនៅរសៀលថ្ងៃដដែលនេះដែរ ឯកអគ្គរដ្ឋទូតអាមេរិក លោក ផាទ្រីក មូហ្វី បានចូលជួបសួរសុខទុក្ខលោក កឹម សុខា នៅក្នុងគេហដ្ឋានក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញផងដែរ។ ជំនួបនេះបានធ្វើឡើងបន្ទាបពី លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែលប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យមួយចំនួន។
លក្ខខណ្ឌថ្មីនេះ រួមមាន៖
ក៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ខ៖ មិនត្រូវធ្វើសកម្មភាពនយោបាយ។
គ៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ សហមេធាវីរបស់លោក កឹម សុខា បានដាក់ពាក្យស្នើសុំលើកលែងការចោទប្រកាន់ដោយយកមូលហេតុថាគាត់មានបញ្ហាសុខភាព។ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យធ្វើដំណើរនៅក្រៅផ្ទះ និងធ្វើដំណើរទៅកាន់ទីកន្លែងនានាទូទាំងប្រទេសកម្ពុជា។ តែបន្តភ្ជាប់ជាមួយលក្ខខណ្ឌដោយមិនអាចធ្វើសកម្មភាពនយោបាយ ឬធ្វើដំណើរទៅក្រៅប្រទេសបាននោះឡើយ ហើយក៏ត្រូវចូលបង្ហាញខ្លួនរាល់ពេលតុលាការកោះហៅ។

តាមការគ្រោងទុក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្អែកនេះ លោក កឹម សុខា នឹងទទួលជួបឯកអគ្គរដ្ឋទូតចំនួនពីរទៀតរបស់អាល្លឺម៉ង់ និងអូស្រ្តាលី៕

ចែករំលែក

បញ្ចេញយោបល់