ស្វែងយល់អត្ថន័យនៃពិធីកាត់សក់បង្កក់ឆ្មបរបស់អ្នកអង្គរ

ថ្ងៃអង្គារ ទី ៣១ មករា ២០១៧​
105

ក្រោយពេលសម្រាលកូនមួយឬពីរសប្តាហ៍អ្នកស្រុកអង្គរ តែងរៀបចំពិធីមួយសម្រាប់ទារកដែលទើបកើត។ ពិធីនោះ គឺពិធីកាត់សក់ទារក។ ជាមួយគ្នានឹងពិធីកាត់សក់ គេនាំគ្នាគោរពយាយម៉ប និងជូនវត្ថុរបស់ផ្សេងៗ ចំពោះរូបគាត់តាមលទ្ធភាពក្នុងន័យសម្តែងនូវការអរគុណ និងខមាទោសចំពោះរូបគាត់ដែលបានជួយខ្វល់ក្នុងការសម្រាលកូនកន្លងមក។ ពិធីនេះគេហៅជាប់គ្នាថា កាត់សក់បង្កក់ឆ្មប។

តាមចាស់ៗដែលបានចូលរួមពិធីពន្យល់ថា ការកាត់សក់ទារក ទោះជាកាត់មែនទែនក្តី កាត់បន្តិចជាឧបកិច្ចក្តី គឺក្នុងន័យកាត់សក់ព្រៃចេញ ដើម្បីឲ្យដុះសក់ស្រុកមកវិញ។ គេមិនត្រឹមកាត់តែសក់ទេ គេមានទាំងពិធីឈូសមាត់ ដាប់ធ្មេញជាដើមថែមទៀត ដែលក្នុងន័យឲ្យអ្វីៗគ្រប់យ៉ាងទៅជាស្រុកមិនមែនព្រៃ។ តាមវិធីនេះហើយ ដែលគេសន្មត់ថា ទារកនោះនឹងជាមនុស្សក្នុងសង្គមដូចគេដូចអ្នកផ្សេងទៀត ពោលគឺមិនមែនជាមនុស្សព្រៃ។

ចំណែកពិធីបង្កក់ឆ្មបវិញ ជាពិធីដឹងគុណរបស់ឪពុកម្តាយ និងសាច់ញាតិរបស់ទារកចំពោះ យាយម៉ប ដែលបានកាន់ឈាមកាន់ជ័រទារកក្នុងពេលប្រសូតមក ប្រឡាក់ប្រឡូសដោយវត្ថុមិនស្អាតផ្សេងៗ។ បច្ចុប្បន្ន បើទោះជាគេទៅសម្រាលកូននៅតាមមន្ទីរពេទ្យក៏ដោយ អ្នកអង្គរនៅរក្សាទំនៀមនេះ ដោយអញ្ជើញស្ត្រីដែលធ្លាប់ជាយាយម៉បពីដើមមកបំពេញកិច្ច។ គេរៀបចំស្រូវ និងគ្រឿងបរិក្ខារផ្សេងៗជាកំណល់ជមជូនគាត់ ដូចជាគាត់បានជួយបង្កើតកូនពិតៗដែរ។

លោកយាយ ខៀង នៅភូមិទក្សិណខាងត្បូង ដែលត្រូវបានអញ្ជើញជាយាយម៉បក្នុងពិធីកាត់សក់បង្កក់ឆ្មបនៅភូមិក្រវ៉ាន់បញ្ជាក់ថា លោកយាយធ្លាប់ធ្វើឆ្មបកាន់ពោះឲ្យគេតាំងពីយូរមកហើយ។ សព្វថ្ងៃទោះជាលោកយាយមិនបានទៅជួយសម្រាលគេយ៉ាងណា តែអ្នកស្រុកនៅតែរក្សាទំនៀម ធ្វើពិធីដូចពីដើមដដែល។ លោកយាយបញ្ជាក់ថា “ពីដើមបើយើងទៅជួយសម្រាលគេចឹង គេត្រូវតែរៀបចំជមជូនយើងវិញ បើមិនចឹងគ្រូយើងនឹងធ្វើបាបយើង ដោយបណ្តាលឲ្យយើងជាឈឺនេះឈឺនោះមិនឈប់ ទាល់តែគេធ្វើពិធីកាត់សក់បង្កក់ឆ្មបទើបបានជា។ ចាស់ៗពីដើមជឿថា បើឪពុកម្តាយទារកមិនធ្វើជូនយាយម៉បទេ ទារកនោះនឹងទូលកន្ទបយាយម៉បរហូត។ ឥឡូវនេះ គេទៅឆ្លងទន្លេ នៅពេទ្យចឹង ខ្លះគេធ្វើ ខ្លះគេមិនធ្វើ តែភាគច្រើនគេនៅតែធ្វើតាមទំនៀម”។

ក្រៅពីកាត់សក់ទារក និងបង្កក់ជូនយាយម៉ប ពិធីនេះក៏ជាពិធីប្រកាសសុំឲ្យដូនតាចាស់ទុំក្នុងភូមិស្រុកជួយទទួលស្គាល់សមាជិកថ្មីក្នុងគ្រួសារគឺទារកដែលទើបនឹងកើតដែរ។ ដូច្នេះហើយ ទើបមុននឹងរៀបចំពិធីកាត់សក់ទារក និងបង្កក់ឆ្មប អាចារ្យសូត្រប្រកាសសែនដូនតាមួយលើក ជាពីរលើក រហូតបីលើកឲ្យមកសេពសោយសំណែន និងសុំឲ្យដូនតាជួយរក្សាទារកដែលទើបកើតឲ្យក្តីសុខសប្បាយព្រមទាំងគ្រួសារទាំងមូលផង។

នេះជាប្រពៃណីមួយក្នុងចំណោមប្រពៃណីជាច្រើនទៀត ដែលអ្នកអង្គរបានរក្សាទុកយ៉ាងល្អ ដែលបង្ហាញថា តំបន់អង្គរជាឃ្លាំងផ្ទុកនូវមរតកដូនតាខ្មែរយ៉ាងសម្បូរបែប ធ្វើឲ្យអង្គរមានឈ្មោះថាជាសម្បត្តិបេតិកភណ្ឌមានជីវិតជារៀងរហូត៕

photo_2017-01-31_10-35-13 photo_2017-01-31_10-35-17 photo_2017-01-31_10-35-19 photo_2017-01-31_10-35-22 photo_2017-01-31_10-35-26 photo_2017-01-31_10-35-35 photo_2017-01-31_10-35-39 photo_2017-01-31_10-35-43 photo_2017-01-31_10-35-47 photo_2017-01-31_10-35-51

ចែករំលែក

បញ្ចេញយោបល់