លិខិតចំហរ៖ អស់ជំនឿលើការដឹកនាំរបស់លោកប្រធានស្តីទីទៀតហើយ!

ថ្ងៃព្រហស្បតិ៍ ទី ៣១ តុលា ២០១៩​
9

ជាពលរដ្ឋម្នាក់ ក៏ដូចជាពលរដ្ឋដទៃទៀត ជាពិសេសក្រុមសកម្មជន គឺតែងស្រលាញ់ប្តូរផ្តាច់គាំទ្រ​តាំង​ពីនៅមានគណបក្សរហូតដល់រលាយគណបក្សមកទល់សព្វថ្ងៃ និងគាំទ្រឥតងាករេពីគ​ណ​បក្ស​សង្គ្រោះ​ជាតិ ចាប់តាំងពីមុនការបោះឆ្នោតជាតិឆ្នាំ២០១៣ មកម្ល៉េះ និងជាពិសេស គឺស្រលាញ់គោលនយោ​បាយរបស់​បក្សមួយនេះ។ ប៉ុន្តែអ្វីដែលធ្វើឲ្យពួកយើងខ្ញុំដែលជាអ្នកគាំទ្រចាប់ផ្តើមនឿយណាយពីមួយថ្ងៃទៅមួយថ្ងៃ និងអស់សង្ឃឹមពីបក្សសង្គ្រោះជាតិទាំងបង្ខំចិត្តក្នុងគ្រា​ចុងក្រោយនេះ គឺដោយសារតែបុគ្គលអ្នកដឹក​នាំ​បក្សនេះមួយចំនួន​ ជាពិសេសគឺលោកប្រធា​នស្តីទី សម រង្ស៊ី ដែលដឹកនាំចូលចិត្តតាំងខ្លួនជាតួឯក និងធ្វើកិច្ចការអ្វីដោយអត្តនោម័តិតែខ្លួនឯង ដែលជាហេតុ​បង្កឲ្យមានការខ្វះសាមគ្គីភាពគ្នាផ្ទៃក្នុងបក្សដែលមិនអាចធ្វើជាគំរួដល់អ្នកគាំទ្របា​ន ហើយលោកប្រ​ធាន​ស្តីទី​តែងតែព្យាយាមធ្វើឲ្យអ្នកគាំទ្រ និងសកម្មជនអស់ជំនឿលើ​សកម្ម​ភា​ព​ក្នុងការដឹកនាំបក្សក្នុងគ្រាចុង​ក្រោយនេះ។ លោកប្រធានស្តីទី សម រង្ស៊ី តែងធ្វើការអំពាវនាវ និ​ង​ភួតកុហក់អ្នកគាំទ្ររបស់ខ្លួនម្តងហើយម្តងទៀតធ្វើឲ្យពួកយើងបាក់ទឹកចិត្តអស់សង្ឃឹម អស់ជំ​នឿ​។

គ្រាន់តែ​រំលឹកត្រួសៗ និងថ្មីៗប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏យើងអាចភ្ញាក់ខ្លួន និងអាចវាយតម្លៃអំពីការព្យា​យាមអំពាវនាវភួតកុហក និងបោកប្រាស់អ្នកគាំទ្ររបស់លោកប្រធានស្តីទី សម  រង្ស៊ី ចំ​ពោះអ្នកគាំទ្រ​ដែររួមមាន៖

ឆ្នាំ២០១៤ លោកប្រធានស្តីទី សម រង្ស៊ី ធ្លាប់បានអំពាវនាវពីប្រទេសសិង្ហបុរីដល់អ្នកគាំទ្ររបស់ខ្លួនឲ្យនាំគ្នាទៅរង់ចាំទទួលគាត់នៅព្រលានយន្តហោះខេត្តសៀមរាប។ ចំណែកឯអ្នកគាំទ្រដូចជាពួកយើងខ្ញុំនៅក្នុងស្រុកឯណេះ​វិញ ហេតុតែស្រលាញ់ និងគាំទ្របក្សម្នាក់ៗខំប្រឹងដើរប្រមែរប្រ​មូ​លគ្នីគ្នាទៅរង់ចាំទទួលលោកប្រធានស្តីទី តែដល់ទីបញ្ចប់ស្ងាត់ឈឹង ដោយយកលេស​កុហកអ្នកគាំទ្រថា មិនមក គឺដើម្បីបញ្ចៀសការបង្ហូរ​ឈាមយ៉ាងរំភើយទៅវិញ។

និងក្នុងឆ្នាំ២០១៩​ នេះក៏បានអំពាវនាវជាច្រើនលើកច្រើនសារ និងថ្មីៗនេះ ដោយម្តងថា នឹងវិលមកកម្ពុជាវិញនៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ដោយអំពាវនាវឲ្យពលរដ្ឋងើបឈរតស៊ួជាមួយគាត់ និងអមដំ​ណើរខ្លួនធ្វើមាតុភូមិនិវត្តន៍​ដើម្បីមកចាប់លោក ហ៊ុន សែន ផ្តួលរំលំ​រដ្ឋាភិបាល​ និង​ផ្លាស់​ប្តូរ​របប​។ លោក​ប្រធាន​ស្តីទី​ថា ម្តង​មកចរចាជាមួយលោក ហ៊ុន សែន ម្តងអំពាវនាវឲ្យកងទ័ពងើបឈរ និងបែរចុងកាណុងបាញ់ក្រុមលោក ហ៊ុន សែន វិញ។ ថ្ងៃមុនសន្យានឹងអ្នកគាំទ្រថា នឹងទៅចូលរួមមហាបាតុកម្មថ្ងៃទី២០ តុលា នៅទីក្រុង​សេអ៊ួល ប្រទេសកូរ៉េ ជិតដល់ថ្ងៃបាតុកម្មយកលេសភួតអ្នកគាំទ្រទៀតថា មានរវល់​នៅ​អឺរ៉ុប​ទៅ​វិញ។

សរុបមក ក្នុងនាមជាអ្នកគាំទ្រដែលតែងតែគាំទ្រយ៉ាងប្តូរផ្តាច់ជាមួយគណបក្សសង្គ្រោះជាតិ ខ្ញុំបា​នដេក​គិតត្រឡប់ក្រោយវិញម្តងហើយម្តងទៀត គឺគ្មានឃើញអ្វីចម្រើនទៅមុខទាល់តែសោះ គឺមិនអាចទួទាត់ស៊ីសងគ្នាបានឡើយរវាងការភួតកុហករបស់លោកប្រធានស្តីទី សម រង្ស៊ី ជាមួយទឹកចិត្តរបស់អ្នកគាំទ្រ។ ប្រហែលជាពួកយើងខ្ញុំ​មិនអាចរួមដំណើរជាមួយលោកប្រធានស្តីទីតទៅមុខទៀតបានឡើយ ព្រោះថា បើតាម​ការកត់សម្គាល់កន្លងមក ជាពិសេសពេលថ្មីៗចុងក្រោយនេះ សកម្មជនអ្នកគាំទ្រម្នាក់ៗហាក់ដូចជាកា​ន់​តែ​លំបាកលំបិនទៅៗ ខាតពេលវេលាប្រកបរបររកស៊ីទទួលទានប្រចាំថ្ងៃ និងសកម្មជនអ្នកគាំទ្រមួយចំនួន ខ្លះរត់ចោលផ្ទះសំបែងខាតពេលរកស៊ីចិញ្ចឹមជីវិត ព្រោះតែគេចពីការតាមចាប់ខ្លួនពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចពីបទរួមគំនិតធ្វើរដ្ឋប្រហារ និងពីបទផ្តួលរំលំរដ្ឋាភិបាលជាដើម។ ល។ ម្យ៉ាងទៀតបើមើលទៅការដឹកនាំវិញហាក់ដូចឆ្វេចឆ្វាចឆ្លេឆ្លាជើងមិនជាប់ដីក្បាលមិនជាប់មេឃ ប្រុងជើងចាំតែរត់ចោលកូនចៅ និងអ្នកគាំទ្រ​ឲ្យរងា​តែលតោលគ្មានមេគ្មានកើយពិតប្រាកដ ម្នាក់នៅជាប់ឃុំក្នុងផ្ទះ ឯលោកប្រធាន​​ស្តីទី ឃើ​ញតែជិះយន្តហោះពីប្រទេសមួយទៅប្រទេសមួយយ៉ាងរំភើយធ្វើឲ្យពួកយើងគ្មានជំនឿទា​ល់តែសោះ៕

គង់ សម្រេច អតីត​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ព្រៃវែង

ចែករំលែក

បញ្ចេញយោបល់