វេទិកាពិភាក្សាពេញអង្គស្ដីពីការផ្គត់ផ្គង់ទឹកស្អាត ការរស់នៅស្អាត និងការលើកកម្ពស់អនាម័យនៅជនបទជំហាន២

ថ្ងៃព្រហស្បតិ៍ ទី ២៤ តុលា ២០១៩​
7

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារសុខថៃសាន្ត ខេត្តកំពង់ឆ្នាំង នៅក្នុងវេទិកាពិភាក្សាពេញអង្គខេត្ត គោលដៅទាំង៧ ក្នុងការអនុវត្តផែនការសកម្មភាពថ្នាក់ខេត្តស្ដីពីការផ្គត់ផ្គង់ទឹកស្អាត ការរស់នៅស្អាត និងការលើកកម្ពស់អនាម័យនៅជនបទជំហាន២(២០១៩-២០២៣) និងការរៀបចំផែនការឃុំក្រោមអធិបតីភាពលោក ថោង ពោជ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនប ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រតិភូអមដំណើរ អភិបាល អភិបាលរងក្រុង ស្រុក ដៃគូអភិវឌ្ឍន័ និងក្រុមអាជីវករជាច្រើនរូប។

លោកអភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា ផែនការសកម្មភាពនេះ នឹងរួមចំណែកក្នុងការសម្រេចនូវទស្សនវិស័យ ដែលបានកំណត់”នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវទទួលបានការផ្គត់ផ្គងទឹកស្អាត និងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព”។

ជាមួយគ្នានោះ លោកអភិបាលរងខេត្ត ក៏បានលើកឡើងថា ដោយផ្អែកលើកម្មវិធីលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទគិតត្រឹមពាក់កណ្ដាលឆ្នាំ២០១៩ ខេត្តកំពង់ឆ្នាំងសម្រេចបាននូវលទ្ធផលដោយបានប្រកាសភូមិបញ្ឈប់ការបន្ទោរបង់ពាសវាល ពាសកាលមានចំនួន ៩៦ភូមិក្នុងនោះមាន ៣ឃុំ ( ឃុំផ្សារ ឃុំអញ្ចាញរូង និងឃុំចក ) ក្នុងនោះស្រុកសាមគ្គីមានជ័យមាន ៥ភូមិ ស្រុកបរិបូណ៌មាន ៣៧ភូមិ ស្រុកកំពង់ត្រឡាច ២២ភូមិ ស្រុករលាប្អៀរ ៣០ភូមិ និងស្រុកជលគិរី ២ភូមិ។

លោក បានគូសបញ្ជាក់បន្ថែមទៀតថា សមិទ្ធផលទាំងនេះ គឺបានមកពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារមន្ទីរអភិវឌ្ឍន៍បទខេត្ត ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរអង្គភាពជុំវិញខេត្ត អង្គការដៃគូអភិវឌ្ឍន៍ និងប្រជាសហគមន៍មូលដ្ឋាន ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានភាពម្ចាស់លើកិច្ចការដ៏មានសារសំខាន់នេះ។

ចែករំលែក

បញ្ចេញយោបល់