អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ម្ចាស់ដីធ្លីទាំងអស់ត្រូវប្រញាប់ពិនិត្យទិន្នន័យក្បាលដី ដើម្បីធ្វើឯកសារប្លង់ដី

ថ្ងៃអង្គារ ទី ២២ តុលា ២០១៩​
7

ប៉ៃលិន៖ មានប្រសាសន៍លើកឡើងក្នុងពិធីបិទផ្សាយជាសាធាណៈនូវឯកសារនៃការវិនិឆ្ឆ័យ សំរាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ អំពាវនាវដល់ប្រជាពលរដ្ឋត្រូវមកពិនិត្យ ផ្ទៀងផ្ទាត់ ទិន្ន័យក្បាលដី បញ្ជីឈ្មោះ ទីតាំង ប្រភេទ ទ្រព្យ ប្រភេទដី ដីលំនៅឋាន ដីកសិកម្ម របស់ខ្លួនអោយបានត្រឹមត្រូវច្បាស់លាស់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់មន្រ្តីជំនាញធ្វើឯកសារប្លង់ដី បានឆាប់ រហ័ស ទាន់ពេលវេលា ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាពិសេសត្រូវស្តាប់ការណែនាំរបស់មន្រ្តីជំនាញពីនិតិវិធីនៃច្បាប់ការធ្វើប្លង់ដីជាលក្ខណៈជាប្រព័ន្ធ នឹងត្រូវចូលរួមសហការជាមួយមន្រ្តីជំនាញ ដើម្បីរួមគ្នាអនុវត្ត ការងារធ្វើប្លង់ដីអោយទទួលជោគជ័យគ្រប់ស្ថានភាព។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីធានាឱ្យមានគុណភាព តម្លាភាព ប្រសិទ្ធិភាពក្នុងការបំរើសេវាជូនប្រជាពលរដ្ធឱ្យបានល្អ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់បង្កើនសមត្ថភាពទាំងចំណេះដឹង ជំនាញ និងស្មារតី សំរាប់បន្តអនុវត្តន៍ផែនការ យុទ្ធសាស្ត្រ និងសកម្មភាព ទាក់ទងទៅនឹងការផ្តល់សេវាសាធាណៈនូវឯកសារនៃការវិនិឆ្ឆ័យ សំរាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងន័យលើកស្ទួយជីវភាពអោយបានកាន់តែល្អជាងមុន។

បើតាមការបញ្ជាក់ថារបស់លោក សូ សុខុន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសូរិយោដីខេត្តប៉ៃលិន បានឱ្យដឹងថា៖ ការបិទផ្សាយជាសាធាណៈនូវឯកសារនៃការវិនិឆ្ឆ័យ សំរាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលក្នុងភូមិសួនអំពៅកើត គឺមានរយៈ ពល១៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ រហូតល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបវិវេណមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសូរិយោដីខេត្តប៉ៃលិន ដោយមានផ្ទៃដីសរុបចំនួន ១០៩៥ហិតា ក្នុងនោះក្បាលដីសរុបចំនួន១០០៥ក្បាលដី មានដីលំនៅឋានចំនួន ២៨២ក្បាលដី ដីកសិកម្មចំនួន៣៣៩ក្បាលដី ដីសាលាឆទានមានចំនួន០១ក្បាលដី និងម្ចាស់មិនមកបំពេញទិន្នន័យចំនួន១៩១ក្បាលដី៕

ចែករំលែក

បញ្ចេញយោបល់