លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសគោលជំហរ២ចំណុចសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា

ថ្ងៃអង្គារ ទី ២២ តុលា ២០១៩​
13

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងប្រកាសពីគោលជំហដាច់ខាតលើចំណុចសំខាន់២គឺ នៅពេលដែលគណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតបន្តគ្រប់គ្រង និងដឹកនាំប្រទេសដើម្បីចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋជាពិសេសកសិករយើង។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយចំនួន ៤,០៣៨នាក់ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់នូវចំណុច២ សំខាន់ៗគឺ៖
ទី១- រាជរដ្ឋាភិបាលដែលដឹកនាំដោយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនយកពន្ធលើដីស្រែចំការ របស់កសិករឡើយ។ សូមបញ្ជាក់ផងដែរថា រដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា បានអនុវត្តមិនយកពន្ធចាប់តាំងពីឆ្នាំ១៩៧៩មកម៉្លេះ ហើយដែលបន្តអនុវត្តរហូតមកដល់ពេលបច្ចុប្បន្ន។

ទី២- មិនយកពន្ធលើប្រាក់ខែអប្បបរិមារបស់មន្ត្រីរាជការ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ពន្ធលើបៀវត្សអប្បបរមាត្រូវបានតំឡើងជារៀងរាល់ឆ្នាំសំដៅឱ្យមន្រ្តីរាជការដែលមានប្រាក់ខែទាបរួចផុតពីការជាប់ពន្ធ តួយ៉ាងប្រាក់បៀវត្សដែលត្រូវជាប់ពន្ធពេលនេះបានតំឡើងរហូតដល់១លាន២សែនរៀលទើបជាប់ពន្ធ ហើយពន្ធនោះទៀតសោតគឺត្រូវគិតលើចំនួនប្រាក់ដែលនៅសល់បន្ទាប់ពីកាត់ប្រាក់ដែលត្រូវជាប់ពន្ធនោះចេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណ និងជូនពរដល់បងប្អូនជនរួមជាតិដែលបានគាំទ្រ និងបន្តបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ជាច្រើនអាណត្តិកន្លងមក និងបន្តនៅពេលខាងមុខទៀត៕

ចែករំលែក

បញ្ចេញយោបល់