លិខិតមិត្តអ្នកអាន៖ បាតុកម្មរបេះរបោះនៅកូរ៉េ ទទួលបានលទ្ធផលត្រឹមភាពអាម៉ាស់ !

ថ្ងៃអង្គារ ទី ២២ តុលា ២០១៩​
11

បាតុកម្មដែលត្រូវបានក្រុមប្រឆាំងមួយដំបរស្វារៀបចំឡើង ក្នុងគោលដៅទាមទារឱ្យអន្តរជាតិជួយដោះស្រាយបញ្ហារបស់អ្នកនយោបាយប្រឆាំង ដែលកំពុងតែនិរទ្ទេសខ្លួននៅក្រៅប្រទេស ហើយចង់កៀរគរការគាំទ្រក្នុងការវិលចូលស្រុកវិញ ដែលធ្វើឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យទី២០ តុលា ២០១៩ មិន មានអ្នកចូលរួមច្រើនតាមផែនការគ្រោងទុកឡើយ។ ទោះបីពួកគេខំបំប៉ោងថា​ នោះគឺជាមហាបាតុកម្មក្តី ប៉ុន្តែលទ្ធផលចេញមក គឺខកបំណងយ៉ាងខ្លាំង​ ហើយអ្វីដែលទទួលបាន គឺគ្មានអ្វីក្រៅពីភាពអាម៉ាស់ និងការបរាជ័យឡើយ។

ភាពអាម៉ាស់ និងការបរាជ័យទាំងស្រុង នូវអ្វីដែលគេហៅថា ជាមហាបាតុកម្មនៅកូរ៉េនេះរួមមាន៣ចំណុចសំខាន់ៗ៖

១-ចំនួនអ្នកចូលរួមតិចតួច របេះរបោះ ខុសឆ្ងាយពីការគ្រោងទុក

ចំនួនក្រុមបាតុករដែលគេរំពឹងទុកថា មានអ្នកចូលរួមរហូតដល់ទៅ៥ពាន់អ្នកនោះ បានធ្លាក់មកនៅត្រឹមតែ២០០ ទៅ៣០០នាក់ប៉ុណ្ណោះ។ ខណៈដែលពលករខ្មែរនៅកូរ៉េផ្សេងទៀត មិនខ្ចីមកក្បែរ ហើយក៏មិនខ្ចីខ្វល់ពីទង្វើរឥតបានការដែលនាំឱ្យខាតបង់ពេលវេលា និងលុយកាក់របស់ពួកគេ។ ការធ្លាក់ចុះចំនួនអ្នកចូលរួមដែលបានគ្រោងទុកនេះ គឺសបញ្ជាក់យ៉ាងច្បាស់ពីបរាជ័យយ៉ាងអាម៉ាស់ ដែលកើតចេញពីការអស់ជំនឿ និងការភ្ញាក់រលឹករបស់បងប្អូនពលករខ្មែរនៅកូរ៉េ ដែលធ្លាប់ចាញ់បោកការឃោសនាបោកប្រាស់ របស់ក្រុមប្រឆាំង។ ការបរាជ័យក្នុងការប្រមែប្រមូលមនុស្សមកធ្វើបាតុកម្មនេះ ក៏ព្រោះតែការបែកបាក់ផ្ទៃក្នុង និងភាពប្រេះឆា របស់ក្រុមប្រឆាំងនៅកូរ៉េផងដែរ។ ដំបៅដែលលាក់មិនជិតនោះគឺ ជម្លោះដណ្តើមប្រជាប្រិយភាព និងហែកហួរគ្នារវាងក្រុមអាសង្ហារ និងក្រុមរបស់ យឹម ស៊ីណន ដែលធ្វើឱ្យអ្នកជើងក្រោមខ្ចាត់ខ្ចាយព្រោះតែភាពរញ៉េរញ៉ៃ និងបញ្ហាមិនចេះចប់ ដែលគេហៅថាក្រុមក្នុងក្រុម។ មួយវិញទៀត បច្ចុប្បន្នខុសឆ្ងាយពីគ្រាមុន ឥឡូវនេះបងប្អូនពលករខ្មែរនៅកូរ៉េភាគច្រើនលើសលប់យល់យ៉ាងច្បាស់ថា ការដែលពួកគេបានមកធ្វើការនៅកូរ៉េនេះ គឺដោយសារតែរាជរដ្ឋាភិបាលជាអ្នកផ្ចុងផ្តើម និងជួយសម្របសម្រួល គឺមិនមែនមេក្រុមប្រឆាំងទេ។ ពួកគេយល់យ៉ាងច្បាស់ថា គោលដៅពិតប្រាកដដែលពួកគេមកធ្វើការនៅកូរ៉េនេះ ព្រោះតែប្រាក់ខែខ្ពស់ លក្ខខណ្ឌការងារល្អ ហើយអាចឱ្យពួកគេជួយផ្គត់ផ្គង់គ្រួសារ និងស្តារជីវភាពភាពខ្លួនឯងនិងគ្រួសារ ឱ្យល្អប្រសើរបាន។ ដោយឡែកការចូលរួមធ្វើបាតុកម្ម គ្មានប្រយោជន៍អ្វីទាល់តែសោះសម្រាប់ពួកគេ ណាមួយខ្លឹមសារនៃបាតុកម្មទៀតសោត គឺមិនបានឆ្លុះបញ្ចាំងពីតម្រូវការរបស់បងប្អូនពលករខ្មែរឡើយ មានតែបម្រើឱ្យ មហិច្ឆតា និងផលប្រយោជន៍ពួកមេដឹកនាំប្រឆាំងមួយដំបរស្វាតែប៉ុណ្ណោះ។ ដូច្នេះវាគ្មានភាពចាំបាច់ណាមួយដែលបងប្អូនពលករត្រូវទៅចូលរួមនោះទេ។ មូលហេតុទាំងនេះហើយ ដែលធ្វើឱ្យអ្នកចូលរួមធ្វើបាតុកម្មមានចំនួនតិចតួច និងកាន់តែខ្សោះទៅៗ។

២-​ក្បាលម៉ាស៊ីនដឹកនាំដែលគ្រោងមក បែរជាអត់ហ៊ានអើតក្បាល

តាមការគ្រោងទុក មេដឹកនាំចលនាប្រឆាំងនៅបរទេស បានត្រៀមលក្ខណៈរៀបចំមហាបាតុកម្មទ្រង់ទ្រាយធំនៅកូរ៉េនេះ ដែលមានក្បាលម៉ាស៊ីនដឹកនាំច្បាស់លាស់ និងជាចាស់ទុំក្នុងចង្កោមក្រុមប្រឆាំង។ សមាសភាពដែលគេគ្រោង គឺមានទាំង មូរ សុខហួរ អ៊េង ឆៃអ៊ាង និងមុខសញ្ញាចាស់ៗមួយចំនួនទៀត ប៉ុន្តែជាក់ស្តែង ក្បាលម៉ាស៊ីនទាំងនោះ បែរជាអត់ហ៊ានអើតក្បាលមកទៅវិញ។ មូលហេតុត្រូវបានទម្លាយឱ្យដឹងថា ដោយសារតែអ្នកចូលរួមតិចតួចពេក មេដឹកនាំបាតុកម្មបានប្តូរចិត្ត ព្រោះតែមិនរីករាយក្នុងការដឹកនាំមនុស្សរបេះរបោះ ហើយក៏មិនចង់ស្ពាយភាពអាម៉ាស់ជាប់ខ្លួន ក៏ប្រើត្រឹមតែដៃជើងឱ្យដឹកនាំតាមបែបកំដរបរិយាកាស គ្រាន់បើជាងរំសាយ ព្រោះបើរំសាយឬលុបចោលផែនការគឺវាអាម៉ាស់ខ្លាំងពេក។ ម្យ៉ាងវិញទៀត តាមបទពិសោធន៍ធ្វើបាតុកម្មដ៏ចាស់វស្សា ក៏អាចថាជាមូលហេតុមួយ ដែលមេដឹកនាំបាតុកម្មអត់ហ៊ានអើតក្បាលមកដែរ ព្រោះទម្រង់ដែលត្រូវលេង គឺលេងទៅមិនរួច ហើយលទ្ធផលមិនបានតាមការរំពឹងទុកផង ចឹងហើយមានតែសង្ងំស្ងៀមចាំមើលក្មេងជំនាន់ក្រោយសម្តែងកំដររោង ទាំងអស់សង្ឃឹម។

៣- ហែរញ្ញតិទៅដាក់ តែគេមិនទទួល ខណៈដែលចំនួនអ្នកចុះហត្ថលេខាលើញាតិមានតិចតួច

មិនត្រឹមតែមិនមានមនុស្សចូលរួមច្រើនកុះករដូចការរៀបចំទុកនោះទេ សូម្បីអ្នកដែលចុះហត្ថលេខា ឬផ្តិតមេដៃគាំទ្រលើញាតិ ក៏មានចំនួនតែជាង៣០០នាក់ប៉ុណ្ណោះ។ តួលេខនេះគឺវាប្រាស់ចាកទាំងស្រុងទៅនឹងអ្វីដែលពួកប្រឆាំងធ្លាប់អះអាងថា មានមនុស្សរាប់ពាន់អ្នកគាំទ្រ។ ជាក់ស្តែងបើសិនមានមនុស្សដល់រាប់ពាន់អ្នកគាំទ្រទង្វើឆ្កួតលីលា ឬគាំទ្រដំណើរវិលត្រឡប់មកវិញ របស់ឧក្រិដ្ឋជន សម រង្ស៊ី និងគូកនមែននោះ ម្លេះសមថា ទោះបីពួកគេមិនហ៊ានមកចូលរួមបាតុកម្ម ក៏ហ៊ានចូលរួមចុះហត្ថលេខា ឬផ្តល់ស្នាមមេដៃក្នុងញាតិដែរ តែនេះគឺហ្សេរ៉ូ (០) តែម្តង។ ពោល គឺមានតែមនុស្សប៉ុន្មាននាក់ដដែលៗ ដែលត្រូវបានក្រុមប្រឆាំងពង្វក់ ឱ្យដើរតាមនយោបាយរបស់ពួកគេ ដើម្បីបម្រើឱ្យមហិច្ឆតាដណ្តើមអំណាច មហិច្ឆតាបំផ្លាញសុខសន្តិភាព បំផ្លាញប្រទេសជាតិ និងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមបែបហិង្សា។ អ្វីដែលរឹតតែអាម៉ាស់ខ្លាំងហួសថ្លែងនោះ គឺការបំផ្លើសពីតួលេខអ្នកចូលរួមបាតុកម្ម ដែលផ្ទុយទាំងស្រុងពីការពិតជាក់ស្តែង ដែលសមត្ថកិច្ចកូរ៉េបានរាយការណ៍។ អ្នកដឹកនាំបាតុកម្ម​ ដែលជាយុវជនឈាមរាវរបស់ក្រុមប្រឆាំង បានប្រើប្រាស់ក្បួនបោក និងភូតភរតាមមេកើយរបស់ខ្លួនទាំងឥតអៀនខ្មាស់ ខណៈដែលពួកចាំបន្ទរផ្សាយ បម្រើឱ្យក្រុមប្រឆាំងក៏ខំប្រឹងបំប៉ោងតាម ទាំងដែលតួរលេខគឺវាខុសគ្នាឆ្ងាយដូចមេឃ និងដី។ ការបោកប្រាស់ពីចំនួនអ្នកចូលរួមនេះ គឺសបញ្ជាក់ពីការសាបព្រោះនូវវប្បធម៌ភូតភរ វប្បធម៌បំពុល និងបំភ័ន្ត បំភ្លៃការពិត ដែលកន្លងមកទាំង សម រង្ស៊ី និងមេក្រុមប្រឆាំងផ្សេងទៀត តែងតែបង្រៀនដល់សកម្មជនជើងក្រោមរបស់ខ្លួន ឱ្យចេះបោកគេតាមខ្លួន។

គួរកត់សំគាល់ថា រយៈពេលចុងក្រោយនេះឧក្រិដ្ឋជន សម រង្ស៊ី និងគូកន បានប្រកាសដាក់ចេញនូវផែនការធ្វើរដ្ឋប្រហាររបបរាជានិយមតាមរយៈការបើកនូវយុទ្ធនាការជេរប្រមាថ តិះដៀលអង្គព្រះមហាក្សត្រយ៉ាងកប់ៗមាត់ និងប្រកាសឱ្យកងកម្លាំងប្រដាប់អាវុធងើបឡើងបះបោរ និងបែរចុងកាណុងដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ទង្វើជ្រុលនិយម ដែលស្តែងឱ្យឃើញពីចេតនាក្បត់ជាតិ និងចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជានេះ បានធ្វើឱ្យមហាជនថ្កោលទោស និងធ្វើឱ្យអ្នកដែលធ្លាប់ជឿតាមក្រុមប្រឆាំងភ័យខ្លាច និងលែងចង់ចូលរួមជាមួយក្រុមនេះ ដោយសារតែមិនចង់ជាប់ទោសទណ្ឌដល់ខ្លួន។ ដូច្នេះការខ្សោះខ្សោយទៅ នៃចំនួនអ្នកគាំទ្រឧក្រិដ្ឋជន សម រង្ស៊ី គឺបង្ហាញយ៉ាងច្បាស់ពីភាពបរាជ័យយ៉ាងអាម៉ាស់ ដែលមិនចាំបាច់រង់ចាំដល់ថ្ងៃទី៩វិច្ឆិកានោះទេ ពោលគឺចាប់ផ្តើមឱ្យសញ្ញានៃភាពបរាជ័យជាបណ្តើរៗហើយ៕
        ដោយ៖ ស ជាតិ

 

 

ចែករំលែក

បញ្ចេញយោបល់