កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០១៩ និងផ្សព្វផ្សាយអំពីឧបាយកលក្បត់ជាតិ របស់ក្រុមទណ្ឌិតសម រង្ស៊ី

ថ្ងៃអង្គារ ទី ២២ តុលា ២០១៩​
17

ស្វាយរៀង៖ នៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ មានកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០១៩ និងផ្សព្វផ្សាយអំពីឧបាយកលក្បត់ជាតិ របស់ក្រុមទណ្ឌិតសម រង្ស៊ី ដែលមានចេតនាបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍ ក្នុងកិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាព លោក នួន លីហួន ប្រធានមន្ទីរ និងមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ លោកប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូនក្រុង ស្រុកទាំងប្រាំបី លោក លោកស្រី មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ សរុបចំនួន ១១០នាក់ ។

មានប្រសាសន៍បើកកិច្ចប្រជុំនេះ លោកប្រធានមន្ទីរ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យានៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មសម្រេចលទ្ធផលទៅតាមផែនការ និងប្រតិទិនការងារ ដែលបានគ្រោងទុក ព្រមទាំងបានដោះស្រាយបញ្ហាប្រឈមនានា ដែលពើបប្រទះលើការអនុវត្តកន្លងមក ។

នាឱកាសនោះលោកប្រធានមន្ទីរ បានផ្សព្វផ្សាយអំពីឧបាយកលក្បត់ជាតិ របស់ក្រុមទណ្ឌិតសម រង្ស៊ី ដែលមានចេតនាបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍ ដោយមិនត្រូវចាញ់ការបោកបញ្ឆោត ធ្វើអោយល្មើសច្បាប់ ហើយនាំដល់ការអនុវត្តទោសទណ្ឌដល់ខ្លួននោះទេ។

ជាកិច្ចបញ្ចប់លោកប្រធានមន្ទីរបានលើកទឹកចិត្តដល់ មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យាទាំងអស់ បន្តខិតខំប្រឹងប្រែង ពង្រឹងការងារជំនាញ មានសាមគ្គីភាព ស្មារតីទទួលខុសត្រូវខ្ពស់លើការងារ ជាពិសេស ការផ្ដល់សេវាជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា មានភាពច្បាស់លាស់ និងរួមគ្នាគោរពអោយបានខ្ជាប់ខ្ជួន ផ្ដល់ភាពជាគំរូដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវនូវឥរិយាបថប្រកបដោយសុវត្ថិភាព (ជិះម៉ូតូពាក់មួកសុវត្ថិភាព ជិះឡានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពទាំងអស់គ្នា) ។

នាឱកាសនោះ លោកប្រធានមន្ទីរបានចែកជូន នូវឯកសណ្ឋានអង្គភាព ក្នុងម្នាក់២សម្រាប់ ជូនដល់មន្រ្តីរាជការ ហើយមន្រ្តីជាប់កិច្ចសន្យា ទទួលបានអាវយឺត អាវកាក់ចំណាំងផ្លាត និងមួកការដ្ឋានម្នាក់មួយ ៕

ចែករំលែក

បញ្ចេញយោបល់