លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឆែក

ថ្ងៃចន្ទ ទី ១៤ តុលា ២០១៩​
5

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោក Andrej Babis នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែក អញ្ជើញធ្វើជំនួបពិភាក្សាចង្អៀត និងធ្វើជំនួបកំពូលទ្វេភាគី រួមទាំងពិធីទទួលទានអាហារ ការងារថ្ងៃត្រង់ ក្នុងបរិយាកាសស្និទ្ធស្នាលនិងរ៉ាក់ទាក់បំផុត។
ក្នុងជំនួបកំពូលទ្វេភាគីគ្នានោះ ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ឆែក បានធ្វើការពិភាក្សាគ្នាដោយឆ្លុះបញ្ចាំងពីទំនាក់ទំនង ទ្វេភាគីដ៏ជិតស្និទ្ធ និងមានជាយូរណាស់មកហើយ ដែលបានផ្តួចផ្តើមដោយមេដឹកនាំ នៃប្រទេសទាំងពីរ។ ក្នុងជំនួបកំពូលគ្នានោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបំពេញព្រះរាជតួនាទីយ៉ាង សំខាន់ក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហការយ៉ាងកក់ក្តៅរបស់ប្រជាជន នៃប្រទេសទាំងពីរ។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនូវអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះជំនួយ ដែលមិនអាចកាត់ថ្លៃបានរបស់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋឆែក ដែលបានផ្តល់ដល់កម្ពុជាក្នុងគ្រាលំបាកបំផុត បន្ទាប់ពីការរំដោះប្រទេសក្នុងឆ្នាំ១៩៧៩ ។
ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើការពិនិត្យឡើងវិញដោយក្តីពេញចិត្ត ចំពោះការអភិវឌ្ឍ នៃទំនាក់ទំនងកម្ពុជា-ឆែក និងវឌ្ឍនភាពដែលបានធ្វើក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីជាផលប្រយោជន៍រួម សម្រាប់ប្រជាជននៃប្រទេសទាំងពីរ និងបានប្តេជ្ញាចិត្តពង្រឹងចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និងកសិកម្ម។ ក្នុងជំនួបកំពូលគ្នានោះ មេដឹកនាំទាំងពីរបានផ្លាស់ប្តូរយោបល់ និងឯកភាពគ្នាលើការលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក។ ជាងនេះទៅទៀត មេដឹកនាំទាំងពីរបានទទួលស្គាល់ពីសារៈសំខាន់ នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ពហុភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាព និងសមាហរណកម្មពិភពលោក ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍពិភពលោក។
មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាជំរុញទំនាក់ទំនងនៅគ្រប់ កម្រិត រួមទាំងផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ខ្ពស់ និងកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការ បរ ទេស នៃប្រទេសទាំងពីរ សំដៅស្វែងរកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។

ក្នុងជំនួបកំពូលនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឆែក ចំពោះការបង្វែរបំណុលទៅជាជំនួយអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា ពិសេសការបន្តគាំទ្រពីសំណាក់ រដ្ឋាភិបាលនិងប្រជាជនឆែក ក្នុងការបន្តគាំទ្រផ្តល់ជំនួយក្នុងវិស័យអប់រំ សុខាភិបាល និងអភិវឌ្ឍន៍ ជនបទ ក្រោមកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍។
ក្នុងជំនួបកំពូលនោះដែរ ភាគីទាំងពីរបានឯកភាពគ្នា រៀបចំផែនការរួមដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ នៅឆ្នាំ២០២១។
លោកនាយករដ្ឋមន្រ្តីឆែក Andrej Babis បានសំដែងនូវការកោតសរ សើរយ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ចំពោះសន្តិភាព និងស្ថិរភាពក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីដែលបានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព។ ឯកឧត្តមនាយករដ្ឋមន្រ្តីបានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ប្រទេសកម្ពុជា នឹងសម្រេចគោលដៅទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕

 

ចែករំលែក

បញ្ចេញយោបល់