ពិធីប្រកាសតែងតាំងតំណែងថ្មីជូនមន្ត្រីមានស្នាដៃល្អខិតខំកសាងអភិវឌ្ឍមូលដ្ឋាន

ថ្ងៃព្រហស្បតិ៍ ទី ១០ តុលា ២០១៩​
10

សៀមរាប៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប តំណាងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក នួន ពុទ្ធារិទ្ធ ឋានន្តរស័ក្តិអនុមន្រ្តី ថ្នាក់លេខ២ ឲ្យកាន់មុខតំណែងជាអភិបាលរង ស្រុកប្រាសាទបាទបាគង។

លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានធ្វើសេចក្តីរាយការណ៍ស្តីពីសមិទ្ធផលរបស់ស្រុកដែលបានអនុវត្តកន្លងជូនអង្គពិធី។ បន្ទាប់ពីគណៈអធិបតីប្រគល់ប្រកាសរួចមក លោកអភិបាលរងដែលទើបប្រកាសរួច ក៏បានធ្វើការប្តេជ្ញាចិត្តក្នុងអត្ថន័យរក្សាឲ្យបាននូវសមិទ្ធផលដែលបានកសាងកន្លងមក ព្រមទាំងខិតខំធ្វើការអភិវឌ្ឍបន្ថែមទៀតតាមការចង្អុលបង្ហាញរបស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចអាជ្ញាធរខេត្តក្នុងការអនុវត្តន៍នូវយុទ្ធសាស្ត្រចតុកោណជំហានទី៤ នីតិកាលទី៦ នៃរដ្ឋសភា ព្រមទាំងខិតខំពង្រឹងនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យខ្ជាប់ខ្ជួន ជូនប្រជាពលរដ្ឋផងដែរ។

ក្នុងនោះដែរលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកប្រាសាទបាគង ដែលបានរួមសាមគ្គីគ្នាក្នុងការកសាងអភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ។ ម៉្យាងទៀតស្រុកជីក្រែងទាំងមូលមានសក្តានុពលក្នុងវិស័យកសិកម្ម ទេសចរណ៍ ទៀតផង។

លោកបន្តថា ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធីដែលបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាលសំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រងដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការរបស់មូលដ្ឋាន។

ជាមួយគ្នានោះ លោក នាក់ ណេរ៉ុន ក៏បានក្រើនរំលឹកដល់អភិបាលរងស្រុកប្រាសាទបាគង ដែលត្រូវបានតែងតាំងថ្មី ត្រូវខិតខំបំពេញការងារ ដោយស្មារតីយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនតម្រូវការជូនប្រជាពលរដ្ឋឲ្យកាន់តែសកម្មភាពខ្លាំងក្លាថែមទៀត ដោយត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមានរបស់រាជរដ្ឋាភិបាលកម្ពុជា។

លើសពីនោះដែរ លោកក៏បានក្រើនរំលឹកបន្ថែមដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សំខាន់ប្អូនៗយុវជនដែលជាសសរគ្រឹះក្នុងសង្គម ត្រូវចូលរួមធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខ្លួន កុំឲ្យស្តាប់នូវការញុះញុងរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានគំនិតចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ។

ម៉្យាងវិញទៀតត្រូវណែនាំប្រជាកសិករយើងដែររងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ជម្រុញក្នុងការធ្វើស្រែបណ្តេញទឹក និងស្រែប្រាំង ក្នុងការស្តារជីវភាពឡើងវិញ និងត្រូវចេះថែរក្សាតំកល់ទឹកសម្រាប់ប្រើប្រាស់បង្កបង្កើនផលនៅពេលខាងមុខនេះផងដែរ៕

ចែករំលែក

បញ្ចេញយោបល់