ផ្កាសាគូរ៉ាជាច្រើនដើម កំពុងរីកស្គុះស្គាយបង្អួតសម្រស់ទីរួមខេត្តមួយឱ្យកាន់តែមានភាពទាក់ទាញចិត្ត

ថ្ងៃព្រហស្បតិ៍ ទី ១០ តុលា ២០១៩​
8

ត្បូងឃ្មុំ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី បានបន្តសកម្មភាពលើកសម្រស់ខេត្តបន្ថែមទៀត ដោយដឹកនាំមន្ត្រីរាជការសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ធ្វើការដាំដើមផ្កាសាគូរ៉ា ចំនួនប្រមាណ១២០ដើម ជាជំហានទី១ តាមបណ្ដោយផ្លូវភ្លោះក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ដោយតាមគម្រោងនឹងមានការដាំផ្កាប្រភេទនេះ និងដើមផ្កា ក៍ដូចជារុក្ខជាតិផ្សេងៗទៀត រហូតដល់ប្រមាណ១ម៉ឺនដើមឯណោះ។

លោកបណ្ឌិត បានថ្លែងបញ្ជាក់ថា ដើមផ្កាសាគូរ៉ានេះ ធ្វើការដាំឡើងដើម្បីលើកកម្ពស់បរិស្ថាន ពិសេសក្រោយដើមផ្កានេះធំពេញរូបរាង មានផ្កាដ៍ស្រស់ស្អាត ដែលប្រជាជនជប៉ុន ក៍ដូចជាគ្រប់ប្រទេសទូទាំងពិភពលោក ដែលបានស្គាល់ពីសម្រស់ដើមផ្កានេះ ពិតជានឹងផ្តល់សោភ័ណភាពថ្មីប្លែកមួយកម្រិតទៀត ក៍ដូចជាសម្រាប់លម្អទីប្រជុំទីរួមខេត្ត ជាពិសេសទាក់ទាញភ្នែក អន្ទងចិត្តភ្ញៀវទេសចរក្នុងខេត្ត ក្នុងស្រុក និងក្រៅស្រុកមកទស្សនាកំសាន្ត បាននាពេលរដូវផ្កានេះបង្អួតសម្រស់ ដែលជាការលើកមុខមាត់ថ្មី លើកទឹកដីខេត្តកូនពៅមួយនេះ។

សូមរំលឹកថា ខេត្តត្បូងឃ្មុំបន្ទាប់ពីបង្កើតឡើង គឺបានចាត់ទុកជាខេត្តគំរូមួយ មានប្លង់មេច្បាស់លាស់ ការសាងសង់អគារសាលាខេត្ត មន្ទីរជុំវិញខេត្ត ផ្ទះស្នាក់នៅរបស់មន្ត្រីរាជការ ទៅតាមស្តង់ដារ និងហេដ្ឋារចនាសម្ព័ន្ធនានាជុំវិញខេត្ត បានផុសឡើងអមដោយភ្លើងពណ៍នាពេលរាត្រី រង្វង់មូលធំៗ ក៍ដូចជាសួនច្បារ មានទាំងទន្លេសិប្បនិម្មិត និងដើមរុក្ខជាតិដុះលូតឡើង ពណ៍ខៀវស្រងាត់ ពោរពេញទៅដោយខ្យល់អាកាសបរិសុទ្ធ និងទិដ្ឋភាពស្អាតយ៉ាងត្រជាក់ភ្នែក។

បន្ថែមលើសពីនេះ ចំពោះការលើកកម្ពស់បរិស្ថាន និងសោភ័ណភាពខេត្ត ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ តែងតែដឹកនាំមន្ត្រីរាជការ សិស្សានុសិស្សចុះសម្អាតបរិស្ថាន ក្នុងតំបន់រដ្ឋបាលខេត្ត និងតាមបណ្តាក្រុងស្រុកជុំវិញខេត្ត ព្រមទាំងណែនាំប្រជាពលរដ្ឋ និងអាជីវករប្រមូលសម្រាមទុកដាក់ឲ្យបានត្រឹមត្រូវ ជាពិសេសធ្វើការដាំកូនឈើដើម្បីបរិស្ថានផង និងជាគម្របបៃតងដ៍រឹងមាំសម្រាប់មនុស្ស និងធម្មជាតិ៕

ចែករំលែក

បញ្ចេញយោបល់