ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង

ថ្ងៃព្រហស្បតិ៍ ទី ១០ តុលា ២០១៩​
8

ស្វាយរៀង៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក សេង សិលា ជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពី ប្រតិភូក្រសួងមហាផ្ទៃ ព្រមទាំងអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព កងកម្លាំងទាំង៣ប្រភេទ អភិបាលក្រុង/ស្រុក មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍រដ្ឋបាល និងមន្ត្រីរាជការជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក ម៉ែន វិបុល បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះរដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងមហាផ្ទៃ ដែលបានផ្ដល់កិត្តិយសអញ្ជើញជាអធិបតី និងចូលរួមនៅថ្ងៃនេះ និងបានបង្ហាញជូនពីលទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលខេត្ត សម្រេចបាននាពេលកន្លងមក រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការផ្ដល់សេវាសាធារណៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្តស្វាយរៀងជាដើម។

ស្របគ្នានោះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្ត ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈបានល្អប្រសើរនាពេលកន្លងមក។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានផ្តាំផ្ញើដល់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នូវចំណុចសំខាន់ៗមួយចំនួនដូចជា៖
១- ត្រូវពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងទប់ស្កាត់អោយបាននូវបដិវត្តន៍ព័ណ៌ដែលជាសកម្មភាពមិនស្របច្បាប់ មិនស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា។
២- ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្លាប់សាធារណៈ សុវត្ថិភាពសង្គម និងត្រូវប្រកាន់ភ្ជាប់នូវការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។
៣- ការគ្រប់គ្រងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរនៃប្រទេសជិតខាងបន្ថែមទៀត ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន ឲ្យក្លាយទៅជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ។
៤- ត្រូវយកចិត្តទុកដាក់អនុវត្តការងារកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈ ដែលទាមទាឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
៥- ត្រូវរួមគ្នាបន្តពង្រឹងការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន។
៦- រដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងរបៀបរបបធ្វើការងាររួមមានការទំនាក់ទំនង សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ និងការអនុវត្តនូវតួនាទីភារកិច្ច របស់ស្ថាប័ន អង្គភាពនីមួយៗ។

សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ១១១៤ អនក្រ.តត ចុះថ្ងៃអង្គារ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ត្រូវបានតែងតាំង លោក សេង សិលា ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៦ ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង៕

ចែករំលែក

បញ្ចេញយោបល់