លោកទៀ សីហា ៖ សមិទ្ធផលជាច្រើនគួរជាទីមោទនភាពគឺជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិស្របជាមួយកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល

ថ្ងៃព្រហស្បតិ៍ ទី ១០ តុលា ២០១៩​
8

សៀមរាប៖ លោក ស៊ិន ចាន់ថុល អភិបាលស្តីទីស្រុកពួក ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលនៃគណៈអភិបាលស្រុកពួក ដើម្បីដឹកនាំបន្តជំនួសលោក ម៉ៅ វិសុទ្ធ ដែលត្រូវបានចូលនិវត្ត និង ប្រកាសអភិបាលរងស្រុក ២រូប នាយករដ្ឋបាលសាលាស្រុក១ រូបផងដែរ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ៩ ខែតុលា ឆ្នាំ២០១៩ នៅសាលាស្រុកពួក ។

បន្ទាប់ពីគណៈអធិបតីប្រគល់អនុក្រឹត្យ និងត្រា រួមទាំងប្រការរួចមក លោក ស៊ិន ចាន់ថុល ក៏បានធ្វើការប្តេជ្ញាចិត្តក្នុងអត្ថន័យរក្សាឲ្យបាននូវសមិទ្ធផលដែលបានកសាងកន្លងមក ព្រមទាំងខិតខំធ្វើការអភិវឌ្ឍបន្ថែមទៀតតាមការចង្អុលបង្ហាញរបស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏ដូចអាជ្ញាធរខេត្ត ក្នុងការអនុវត្តន៍នូវយុទ្ធសាស្ត្រចតុកោណជំហានទី៤ នីតិកាលទី៦ នៃរដ្ឋសភា ព្រមទាំងខិតខំពង្រឹងនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យខ្ជាប់ខ្ជួន ជូនប្រជាជនផងដែរ ។

ក្នុងនោះដែរលោក ទៀ សីហា ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកពួក ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាង អភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ ។ ម៉្យាងវិញទៀតស្រុកពួកទាំងមូល មានសក្តានុពលក្នុងវិស័យកសិកម្ម ទេសចរណ៍ និងសិប្បកម្មតម្បាញទៀតផង ។

លោកបន្តទៀតថា សមិទ្ធផលដែលស្រុកសម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ហើយក្នុងបរិបទនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលសម្រេច បាននូវសមិទ្ធផល ជាច្រើនគួរជាទីមោទនភាព ។ លោកអភិបាលខេត្តក៏លើកឡើងថា ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធី ដែលបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រងដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការរបស់មូលដ្ឋាន។

លោក ទៀ សីហា ក៏បានគូសបញ្ជាក់ថា នេះជាប្រពៃណីរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ របស់រាជរដ្ឋាភិបាល ពុំមានអ្វីដែលថ្មី និង ប្លែកនោះទេ តែសំខាន់នោះ គឺចរន្តនៃការងាររដ្ឋបាល ពុំមានការប្រែប្រួលដោយរដ្ឋបាលស្រុកត្រូវតែបន្ត និរន្តរភាពការងារបន្តទៀត ដោយប្រមូលផ្តុំកម្លាំងសរុបសំដៅជំរុញបង្កើននូវប្រសិទ្ធភាពការងារដឹកនាំគ្រប់គ្រងរដ្ឋបាលស្រុកឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការ បម្រើនូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ គឺច្រកចេញចូលតែមួយ។

លោក បានក្រើនរំលឹកដល់អភិបាលស្រុកពួកដែលត្រូវបានតែងតាំងថ្មី ត្រូវខិតខំបំពេញការងារ ដោយស្មារតីយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនតម្រូវការជូនប្រជាពលរដ្ឋឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ដោយត្រូវគោរពរដ្ឋធម្មនុញ្ញច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់រាជរដ្ឋាភិបាលកម្ពុជា ។

លោកអភិបាលខេត្តបន្តថា កិច្ចការអភិវឌ្ឍន៍មូលដ្ឋាន គឺជាភារកិច្ចស្នូល សុខទុក្ខប្រជាពលរដ្ឋជាបញ្ហាចំបង ការងារទប់ស្កាត់រាល់បទល្មើសផ្សេងៗ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន វាជាការងារដ៏សំខាន់ នោះបទល្មើសការកាប់ទន្រ្ទានព្រៃលិចទឹកយកដីធ្វើកម្មសិទ្ធិ បទល្មើសនេសាទ ។ ម៉្យាងទៀតត្រូវធ្វើការពង្រឹងអង្គការវិន័យផ្ទៃក្នុង របស់មន្ត្រីរាជការក្រោម ឱវាទឲ្យបំពេញភារកិច្ចបានល្អ និងជំរុញការបណ្តុះបណ្តាលនូវសមត្ថភាពធនធានមនុស្ស នៅថ្នាក់ក្រោមជាតិផងដែរ ។

ជាងនេះផងដែរ ត្រូវធ្វើការពង្រីកនូវលើវិស័យទេសចរណ៍នៅក្នុងសហគមន៍ ដោយមានការរួមសហការជាមួយមន្ទីរជំនាញស្ថាប័នពាក់ព័ន្ធ ដើមី្បជាផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកទាំងមូល និងត្រូវចេះសាមគ្គីភាពផ្ទៃក្នុងគណៈអភិបាល មន្ត្រីរាជការលើការដឹកនាំគ្រប់គ្រង ការិយាល័យ និងអង្គភាពក្នុងស្រុកឲ្យបានល្អ និងបង្កើនការពង្រឹងនូវរបៀបរបបការងាររដ្ឋបាល នៅក្នុងសាលាស្រុក ព្រមទាំងមានការទំនាក់ទំនងឲ្យបានល្អជាមួយបណ្តាស្ថាប័ន អង្គភាព និងបង្កើនលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ និងប្រជាជនផងដែរ ។

លោកក៏បានក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សំខាន់ប្អូនៗយុវជនដែលជាសសរគ្រឹះក្នុងសង្គម ត្រូវចូលរួមធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខ្លួនកុំឲ្យស្តាប់នូវការញុះញុងរបស់ក្រុមឧទាមក្រៅច្បាប់ ដែលមានគំនិតចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជា សំខាន់ចំពោះកងកម្លាំង រួមសហការជាមួយប្រជាការពារភូមិ ព្រមទាំងជម្រុញលើការងារអប់រំទៀតផង និងត្រូវណែនាំប្រជាកសិករយើងដែររងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ជំរុញក្នុងការធ្វើស្រែបណ្តេញទឹក និងស្រែប្រាំង ក្នុងការស្តារជីវភាពឡើងវិញ្របស់បងប្អូន និងត្រូវចេះថែរក្សាតំកល់ទឹកសម្រាប់ប្រើប្រាស់បង្កបង្កើនផលនៅពេលខាងមុខនេះផងដែរ ៕

ចែករំលែក

បញ្ចេញយោបល់