លោក ទៀ សីហា ចូលរួមក្នុងពិធីប្រកាសតែងតាំងលោក ហ៊ន់ ឬទ្ធិ ចូលកាន់តំណែងជាអភិបាលស្រុកស្រីស្នំ

ថ្ងៃព្រហស្បតិ៍ ទី ១០ តុលា ២០១៩​
9

សៀមរាប៖ កាលពីថ្ងៃទី០៩ ខែ តុលា ឆ្នាំ២០១៩នេះ នៅរដ្ឋបាលសាលាស្រុកស្រីស្នំ បានរៀប​ចំពិធីប្រកាសលោក ហ៊ន់ ឬទ្ធិ ឋានន្តរសិក្ត័ វរៈមន្ត្រីថ្នាក់លេខ៤ ចូលកាន់តំណែងជាអភិបាលស្រុក​ស្រីស្នំ ខេត្តសៀមរាប ជំនួសលោក នាក់ ណេរ៉ុន អតីតអភិបាលស្រុកស្រីស្នំ ដែលត្រូវបានទទួលភារកិច្ចថ្មីជាអភិបាលរងខេត្តសៀមរាប ក្រោមអធិបតីភាពរបស់លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។

បន្ទាប់ពលោកអភិបាលស្រុកស្តីទី បានធ្វើកិច្ចស្វាគមន៍ និងរបាយការណ៍ស្តីពី សមិទ្ធផលដែល​បានកសាង និងអភិវឌ្ឍន៍ក្នុងស្រុក ព្រមទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបានលើនូវបញ្ហាប្រឈម និងឧបសគ្គមួយចំនួន និងការកំណត់ដែនសមត្ថកិច្ចការទទួលខុសត្រូវរវាងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ដើមី្បឲ្យការអនុវត្តភារកិច្ច ទទួលខុសត្រូវក្នុងកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធភាព។

បន្ទាប់ពីគណៈអធិបតីប្រគល់អនុក្រឹត្យ និងមាត្រា ព្រមទាំងការប្តេជ្ញាចិត្តរបស់លោកអភិបាលស្រុក ដែលទើបទទួលបានការតែងតាំងថ្មីរួចមក លោកអភិបាលខេត្តក៏បានធ្វើការបញ្ជាក់ផងដែរថា តាមច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរាជការគ្រប់រូប ជាគណៈអភិបាលខេត្ត-ស្រុក ដែលបានបម្រើការងារគ្រប់អាណត្តិរបស់ខ្លួន ឬក៏បានគ្រប់អាយុបំពេញការងារ គឺត្រូវចូលនិវត្តន៍ មិនថាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកឡើយ។ ការប្រកាសចូលកាន់តំណែងជាអភិបាលស្រុកនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ចំពោះមន្ត្រីថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់មន្ត្រីឲ្យបន្តខិតខំបំពេញភារកិច្ចក្នុងការបម្រើជាតិមាតុភូមិ ។

លោកបានលើកនូវសមទ្ធិផលដែលស្រុកស្រីស្នំ ទទួលបានមកនេះ ក៏កើតឡើងពីសន្តិភាព ហើយក៏ជាសមទ្ធិផលទាំងនេះ ជាការពង្រឹងនូវសន្តិភាពនៅកម្ពុជា។ ក្នុងនោះដែរ លោកបានលើកនូវ ៧ចំណុចសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិយកទៅអនុវត្តឲ្យប្រកបដោយប្រសិទ្ធភាព ដោយបានផ្តោតសំខាន់លើការបង្កើតច្រកចេញចូលតែមួយ ក្នុងបម្រើសេវាសាធារណៈឲ្យកាន់តែនៅជិតប្រជាពលរដ្ឋ ក្នុងការទំនាក់ទំនង និងស្វែងរកនូវឯកសារផ្សេងៗផងដែរ។ លោកក៏បានលើកផងដែរ អំពីការពង្រឹងនូវសមត្ថភាព និងគុណភាពនៃចំណេះដឹងដល់មន្ត្រីរាជការ ដោយធ្វើការបណ្តុះបណ្តាលផ្ទាល់នៅថ្នាក់មូលដ្ឋាន ក្នុងការងាយស្រួលដល់មន្ត្រីបំពេញការងាររដ្ឋបាលនៅមូលដ្ឋាន ។ ត្រូវបង្កើននូវការយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងតម្រូវការចាំបាច់សម្រាប់ជីវ​ភាព​រស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ត្រូវទប់ស្កាត់ឲ្យបានជាដាច់ខាត និងទាន់ពេលវេលានូវការកាប់បំផ្លាញព្រៃឈើ និងការទន្រ្ទានយកដីដោយខុសច្បាប់ ជាពិសេសអាជ្ញាធរស្រុក ឃុំ និង ភូមិ មិនត្រូវនៅពីក្រោយខ្នង ឬក៏ជាអ្នកញុះញង់ឲ្យកើតមាននូវបទល្មើសនេះឡើយ ។

លោកបានក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សំខាន់ប្អូនៗយុវជនដែលជាសសរគ្រឹះក្នុងសង្គម ត្រូវចូលរួមធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខ្លួន កុំឲ្យស្តាប់នូវការញុះញុងរបស់ក្រុមឧទាមក្រៅច្បាប់ ដែលមានគំនិតចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្រប​ច្បាប់ ដែលកើតចេញពីការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជា សំខាន់ចំពោះកងកម្លាំង រួមសហការ ជាមួយប្រជាការពារភូមិ ព្រមទាំងជម្រុញលើការងារអប់រំទៀតផង​។ ក្នុងនោះដែរលោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់លោកអភិបាលស្រុកថ្មី ដែលទើបចូលកាន់តំណែង ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនបន្ថែមទៀត គឺយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋជាចំបង បង្កើនការពង្រឹងនូវរបៀបរបបការ​ងារ​រដ្ឋបាល នៅក្នុងសាលាស្រុក ព្រមទាំងមានការទំនាក់ទំនងឲ្យបានល្អជាមួយបណ្តា ស្ថាប័ន អង្គភាព និងបង្កើនលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ និង​ប្រជាជនផងដែរ។

ម៉្យាងទៀតក៏ត្រូវចេះសាមគ្គីភាពផ្ទៃក្នុងគណៈអភិបាល លើការដឹកនាំ គ្រប់គ្រង បណ្តាការិយា​ល័យ ស្ថាប័ន និងអង្គភាពក្នុងស្រុកឲ្យបានល្អ និងបង្កើនការពង្រឹងនូវរបៀបរបបការ ងាររដ្ឋ​បាល ព្រមទាំងមានការទំនាក់ទំនងឲ្យបានល្អជាមួយមន្ទីរការិយាល័យ ស្ថាប័ន អង្គភាព និងវិស័យឯកជន លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ប្រជាជនក្នុងមូលដ្ឋាន ក៏ដូចភ្ញៀវដែលបានធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្ត្រ ស្រុកស្រីស្នំនេះ៕

ចែករំលែក

បញ្ចេញយោបល់